ព្រះសីហនុៈ បុរស​ជា​ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ពី​ម្សិលមិញ ក្រោយពី​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ២៣ សីហា ពាក់ព័ន្ធ​នឹង​ការសម្លាប់​មិត្តភក្តិ​នៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​កាលពី​យប់​ថ្ងៃទី​ ១៥ ខែសីហា​។

លោក កុល ផាលី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ស្ទឹងហាវ គឺ​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ​សីហា​រួចហើយ​។

លោក​ប្រាប់ថា​៖ «​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឃាតកម្ម​សម្លាប់​មនុស្ស ហើយ​នៅក្នុង​កំណត់ហេតុ​បឋម​របស់ខ្ញុំ​ដែល​បញ្ជូន​ទៅ​តុលាការ​ក៏​សរសេរ​ថា​ជា​បទល្មើស​ឃាតកម្ម​ដែរ​»​។

លោក​ រស់ កី អធិការនគរបាល​ស្រុក​ស្ទឹងហាវ​ប្រាប់​កាលពី​ថ្ងៃទី​ ២៤ សីហា ថា ជនសង្ស័យ​ឈ្មោះ ថៃ រ៉េត ហៅ​ គុន អាយុ​ ៣៧ ​ឆ្នាំ​។ រីឯ​បុរសរងគ្រោះ​ឈ្មោះ​ ទូច ចក់ អាយុ​ ៣១ ​ឆ្នាំ ពួកគេ​ជា​កម្មករ និង​រស់នៅ​ក្នុងភូមិ​ឃុំ កើតហេតុ​ខាងលើ​។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​កាលពី​ថ្ងៃត្រង់​ម្សិលមិញ​។

លោក​ប្រាប់ថា​៖ «​ជន​ម្នាក់នេះ​សមត្ថកិច្ច​ខ្ញុំ​បាន​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​គេ​ទៅ​ស្នងការ​ [​ដ្ឋាន​] ​នគរបាល​ខេត្តហើយ ហើយ​បើ​តាម​ខ្ញុំ​ដឹង​មន្ត្រី​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​ចាត់ការ​បន្ត​»​។

បើតាម​ការរៀបរាប់​របស់​លោក​អធិការ​ដែល​ផ្អែក​តាម​ចម្លើយ​របស់​ជនសង្ស័យ​ឲ្យ​ដឹងថា មូលហេតុ​ដែល​ជនសង្ស័យ​សម្លាប់​ជនរងគ្រោះ​គឺ​ដោយសារ​ខឹង​នឹង​ជនរងគ្រោះ​ធ្លាប់​ជេរ​ម្តាយ​របស់​ជនសង្ស័យ ហើយ​ជនសង្ស័យ​ក៏មាន​គំនុំ​គិត​ក្នុង​ចិត្ត​ថា​នឹង​សម្លាប់​ជនរងគ្រោះ​នៅ​ថ្ងៃ​ណាមួយ​ឲ្យ​បាន​។ លុះដល់​យប់​ថ្ងៃទី​ ១៥ សីហា មុន​កើតហេតុ ជនសង្ស័យ​បាន​បបួល​ជនរងគ្រោះ​ផឹកស្រា​ជាមួយ​បុរស​ម្នាក់​ទៀត​ជា​អ្នកភូមិ​ជាមួយ​គ្នា​។

លោក​បន្តថា អំឡុងពេល​ផឹកស្រា​នោះ ពួកគេ​មាន​គ្នា​ ៣ ​នាក់​ជជែក​គ្នា​លេង​បណ្តើរ ផឹកស្រា​បណ្តើរ តាម​ធម្មតា ពិសេស​ជនសង្ស័យ​មិនបាន​បញ្ចេញ​អាកប្បកិរិយា​ណាមួយ​ឲ្យ​ជនរងគ្រោះ​ដឹងថា គេ​មាន​គំនុំ​នោះទេ​។ បន្ទាប់ពី​ផឹកស្រា​ហើយ​ជនរងគ្រោះ​បាន​ដើរទៅ​ផ្ទះ​មុន​។ ខណៈនោះ​ជនសង្ស័យ​បាន​ដើរ​តាម​ពីក្រោយ ហើយ​ស្ទុះ​ទៅ​ក្រៀកក​ជនរងគ្រោះ​ជាប់ ហើយ​ជនសង្ស័យ​ក៏​ដោះ​ខ្សែក្រវាត់​ពី​ចង្កេះ​របស់ខ្លួន​រឹតក​ជនរងគ្រោះ​រហូត​ដាច់ខ្យល់​ស្លាប់​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​សម្លាប់​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​មិនបាន​រត់គេច​ខ្លួន​ទៅណា​ទេ រហូត​ដល់​ថ្ងៃទី​ ២៣ ​សីហា ទើប​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែម្តង​៕