ក្រចេះ: បុរស​វ័យ ៦២ ​ឆ្នាំ​ម្នាក់​រស់នៅ​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ត្រូវបាន​សត្វ​ទន្សោង​ ១ ​ក្បាល​ដេញ​វ័ធ​ បណ្តាល​ឱ្យ​មាន​របួស​រហូត​ដល់​សន្លប់ ខណៈ​បុរស​រូបនេះ​បាន​ទៅរក​ឃ្មុំ​នៅក្នុង​តំបន់​ព្រៃឡង់​នៅ​រសៀល​ថ្ងៃទី​ ៣០ ខែមីនា​។

លោក​ ឈិត ណន មេឃុំ​កំពង់ចាម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ព្រៃជប់ ភូមិ​យាវ ​ឃុំ​កំពង់ចាម ខណៈ​លោក ដូង ឃន អាយុ​ ៦២ ​ឆ្នាំ​ ដែល​ជា​ជនរងគ្រោះ​បាន​ដើររក​ឃ្មុំ​ក្នុង​តំបន់​ព្រៃឡង់​។

លោក​រៀបរាប់ថា​៖ «​នៅពេល​គាត់​ចេញពី​ព្រៃ​បាន​ត្រូវ​ទន្សោង​ដេញ​វ័ធ​គាត់ និង​ម៉ូតូ​ប៉ុន្តែ​គាត់​អាច​ជិះម៉ូតូ​បាន លុះដល់​កន្លែង​មន្ត្រី​បរិស្ថាន​ក៏បាន​ដួលសន្លប់​តែម្តង​។ គាត់​រងរបួស​ដោយរ​យះ​ពោះ​ខាងឆ្វេង ឥឡូវ​បញ្ជូនទៅ​ពេទ្យ​បង្អែក​ខេត្តក្រចេះ​ហើយ​»​។

បុរស​រងគ្រោះ គឺជា​កសិករ ប៉ុន្តែ​ដោយសារ​ការខ្វះខាត​ខាង​ជីវភាព​គាត់​បាន​ឆ្លៀត​ដើររក​ឃ្មុំ​ក្នុងព្រៃ ដើម្បី​រកប្រាក់​បន្ថែម​។

លោក សុខ ណារ៉ាត់ នាយប៉ុស្ដិ៍​រដ្ឋបាល​កំពង់ចាម ស្រុក​សំបូរ ថ្លែង​ថា មូលហេតុ​ដែល​សត្វ​ទន្សោងកាច អាច​បណ្តាល​មកពី​អាកាសធាតុ​ក្តៅ​ ឬ​ខ្លាច​មនុស្ស​ដណ្តើម​ចំណី​របស់​វា​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​ខ្ញុំ​ធ្លាប់​ជួប​ទន្សោង​ដែរ ប៉ុន្តែ​ខ្ញុំ​ឈរ​ឃ្លាត​ពី​វា​ប្រវែង ៤០ ទៅ​ ៥០ ​ម៉ែត្រ​ពីគ្នា ដូច​មិន​អី​ទេ វា​ដើររក​ចំណី​របស់​វា​ទៅ យើង​ដើរ​តាមផ្លូវ​តែ​យើង​ទៅ​។ ប៉ុន្តែ​ដល់​ឃើញ​ទន្សោង​កាច​អ៊ីចឹង​ខ្ញុំ​អត់​ដែល​ជួប​ដែរ អាចមកពី​អាកាសធាតុ​ក្តៅ ឬ​វា​ស្មានតែ​យើង​ទៅ​ដណ្តើម​ចំណី​វា​»​។ បើតាម​លោក សុខ ណារ៉ាត់ ជារឿយៗ​ពលរដ្ឋ​បានឃើញ​សត្វ​ទន្សោង​ច្រើនជាង​គេ​នៅ​តំបន់​ព្រៃឡង់​ក្រៅពីនោះ មាន​សត្វ​ឈ្លូស និង​សត្វ​ខ្ទីង​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​លោក នេត្រ ភក្ត្រា ធ្លាប់​បាន​ឱ្យដឹងថា កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ជីវចម្រុះ និង​មាន​ប្រភេទ​រុក្ខជាតិ សត្វ​ជិតផុត​ពូជ ឬ​មាន​សត្វ​ដោយ​កម្រ​នៅក្នុង​ពិភពលោក​៕