បន្ទាយមានជ័យៈ បុរស​ម្នាក់​បាន​រងរបួស​ដាច់​ដៃ​ម្ខាង បន្ទាប់ពី​គាត់​បាន​បញ្ជា​គ្រឿងចក្រ​ច្រូតស្រូវ​នៅលើ​ដីស្រែ​មួយ​កន្លែង​ដែល​ស្ថិតនៅ​ភូមិ​ជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ដ​បន្ទាយមានជ័យ ហើយ​បាន​កិន​ចំ​គ្រាប់​មីនតោន​ បណ្ដាល​ឲ្យ​ផ្ទុះ​ដែល​ករណីនេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ចន្ទ​។ នេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក តុល សារិន មេឃុំ​អូរបីជាន់​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដីស្រែ​ខាងលើ​ជាមួយ​ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រុក​អូរជ្រៅ​ក្រោយ​ហេតុការណ៍​ផ្ទុះ​មីនតោន​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ថា បុរស​រងគ្រោះ​ឈ្មោះ ជ្រុន ធឿន អាយុ​ ៣៨ ​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​កុំក្រោម ឃុំ​ឬស្សីក្រាំង ស្រុក​មោងឫស្សី ខេត្ដ​បាត់ដំបង​។ ជនរងគ្រោះ​ គឺជា​ម្ចាស់​ និង​ជា​អ្នកបើកបរ​គ្រឿងចក្រ​ច្រូតស្រូវ​ដែល​ត្រូវបាន​ម្ចាស់​ស្រែ​ឈ្មោះ ប៊ុត ប៊ុនថន ជួល​មក​ដើម្បី​ច្រូតកាត់ និង​ប្រមូលផល​ស្រូវ​លើ​ផ្ទៃដី​ប្រមាណ​ជាង​​ ២ ​ហិកតា​នៅក្នុង​តំបន់​កើតហេតុ​នេះ​។

លោក​​ សារិន ​បាន​បញ្ជាក់ថា​៖ «​ការ​ច្រូតកាត់​នៅ​មិនទាន់​រួចរាល់​ផង ជនរងគ្រោះ​ក៏បាន​បើក​គ្រឿងចក្រ​កិន​ចំ​ពី​លើ​គ្រាប់​មីនតោន ដែល​ជា​កាកសំណល់​នៃ​សង្គ្រាម​កប់​ក្នុង​ដីស្រែ​នោះ​បណ្ដាល​ឲ្យ​ផ្ទុះឡើង​ប៉ើង​គ្រឿងចក្រ​ច្រូតស្រូវ​ក្រឡាប់​ផ្ងារជើង ហើយ​គាត់​រងរបួស​ដាច់​ដៃ​ខាងស្ដាំ​ត្រឹម​គល់​ក្លៀក និង​មាន​របួស​ជើង និង​ដងខ្លួន​មួយ​ចំនួន​ផងដែរ​»​។

លោក សារិន បាន​បន្តថា ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​គ្រាប់មីន​នេះ បុរស​ជា​ម្ចាស់​ស្រែ​បាន​ជួយ​អន្តរាគមន៍​នាំយក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ ដើម្បី​ជួយ​ព្យាបាល​របួស​។ ចំណែកឯ​ម៉ាស៊ីន​ច្រូតស្រូវ​ម៉ាក​គូបូតា ពណ៌​ស ត្រូវ​សមត្ថកិច្ច​ឲ្យ​ម្ចាស់​ស្រែ​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​ដើម្បី​ត្រួតពិនិត្យ​។

លោក​ សារិន ឲ្យ​ដឹងថា ទឹកដី​ឃុំ​អូរបីជាន់ គឺជា​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏ខ្លាំងក្លា​មួយ​ក្នុង​អំឡុង​ទសវត្សរិ៍​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ​ ១៩៩០ រវាង​កម្លាំង​ឧទ្ទាម​ខ្មែរក្រហម និង​កម្លាំង​កងទ័ព​រដ្ឋាភិបាល​។ ថ្វីបើ​បច្ចុប្បន្ន​តំបន់​នេះ​ត្រូវ​បាន​ប្រែក្លាយ​ពី​សមរភូមិ​ប្រយុទ្ធ​មក​ជា​ដីស្រែ​កសិកម្ម​ក្ដី ប៉ុន្តែ​ប្រជាកសិករ​នៅតែ​ជួប​ប្រឈម​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក សំ វីរៈ ប្រធាន​អង្គភាព​កម្ចាត់មីន​កម្ពុជា​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​ទៅកាន់​ទីតាំង​នោះ ក្រោយពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​នៅពេល​នេះ​ក្រុម​ការងារ​បានធ្វើ​ការរុករក​គ្រាប់មីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅលើ​ដីស្រែ​នោះ​ក្នុង​ទំហំ​ផ្ទៃដី​ ៥០ ​ម៉ែត្រ​ ៤ ​ជ្រុង​ ជុំវិញ​ទីតាំង​កើតហេតុ​នោះ ប៉ុន្តែ​មិន​ប្រទះឃើញ​មាន​សញ្ញាណ​គ្រាប់មីន​នោះទេ​។

លោក វីរៈ បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​បាន​សន្និដ្ឋាន​ថា ទីតាំង​នេះ​គ្មាន​គ្រាប់មីន​ទៀត​ទេ​»​។

លោក វីរៈ ក៏បាន​អះអាង​ប្រាប់​ឲ្យ​ដឹងផង​ដែរ​ថា ចាប់​តាំងពី​ឆ្នាំ ២០០៦ មកទល់​បច្ចុប្បន្ននេះ​អង្គភាព​របស់លោក​បាន​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​លើ​ផ្ទៃដី​សរុប​ចំនួន ៨២៤០០២៦១ ​ម៉ែត្រការ៉េ​ដោយ​បាន​រកឃើញ​ និង​រំដោះ​ចេញ​ពី​ក្នុង​ដី​នូវ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៥១ ០៩៤ ​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ចំនួន​ ៨៩៩ ​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៧១ ៣៩២ ​គ្រាប់​រួមទាំង​គ្រាប់កាំភ្លើង​តូចៗ​ចំនួន ​៥ ១២៦ ​គីឡូក្រាម​ផង​ដែរ​៕