កណ្ដាលៈ​ ​​បុរស​អ្នក​ស៊ី​ឈ្នួល​​បើក​ត្រាក់​ទ័រ​ភ្ជួរ​ដី​ស្រែ​ម្នាក់​បាន​រង​របួស​ធ្ងន់​ដោយ​សារ​ផ្ទុះ​មីន​តោន​ក្នុង​អំឡុង​ពេល​កំ​ពុង​ភ្ជួរ​ស្រែ​មួយ​កន្លែង​ក្នុង​ភូមិ​ចំ​ការ​ជោ ​ឃុំ​ពើក ​ស្រុក​អង្គស្នួល​ ខេត្ដ​កណ្ដាល​កាល​ពីម្សិល​មិញ​ ​ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ​​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ព្រះកុសុមៈ។​

លោក​ ថា​ច​ ផល្លា ​អធិការរ​ង​ស្រុក​អង្គ​ស្នួល​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិល​មិញ​ថា ​ជន​រង​គ្រោះ​ឈ្មោះ​ ធី ទី ​ភេទ​ប្រុស ​អាយុ ​៣៣ ​​ឆ្នាំ ​នៅ​លី​វ ​មុខ​របរ​ស៊ី​ឈ្នួល​ភ្ជួរ​ដី​ស្រែ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ខ្ទឹម​ ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច​ ខេត្ត​ព្រៃវែង។​

​លោក​ ​ផល្លា​ ​ថ្លែង​ថា​៖​ «​ពេល​ជនរង​គ្រោះ​ កំពុង​បើក​ត្រាក់​ទ័រ​ភ្ជួរ​ដី​ស្រែ​ស្រាប់​តែ​ប៉ះ​ចំមីន​តោន​ដែល​កប់​ក្នុង​ដី​តាំង​ពី​សម័យ​សង្រ្គាម​ បណ្ដាល​ឱ្យ​ផ្ទុះ​ប៉ើង​ រង​របួស​ធ្ងន់​ ចំណែក​ត្រាក់​ទ័រ​ រងការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​។ ​ក្រោយ​កើត​ហេតុ​ យើង​បាន​បញ្ជូន​គាត់​ទៅព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ​ភ្នំពេញ​ព្រោះ​ពេទ្យ​ស្រុក​មិន​ហ៊ាន​ព្យាបាល​។​ ចំណែក​គ្រាប់​មីន​ដែល​ផ្ទុះ​នោះ​ តាម​ក្រុម​ជំនាញ​ស៊ីម៉ាក់​បឋម​ប្រាប់​ថា ​ជា​មីន​តោន​ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​សង្រ្គាម»។​

​លោក​ នី​ រ៉ា​ដែន​ មេ​ប៉ុស្ដិ៍​ឃុំ​ពើក បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​រង​របួស​ធ្ងន់​ ប៉ុន្ដែ​បច្ចុ​ប្បន្ន​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​បាន​ហើយ ​មិន​ប៉ះ​ពាល់​ដល់​ជីវិត​ទេ។​

​លោក​បញ្ជាក់​ថា​៖​ «​គ្រូ​ពេទ្យ​បាន​លាង​របួស​គាត់​ហើយ ​ពេល​នេះ​គាត់​ផុត​គ្រោះ​ថ្នាក់​ដល់​ជីវិត​ហើយ​ ពេល​នេះ​គាត់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ»។​

ទោះ​យ៉ាង​ណា​ក៏ដោយ ​លោក​ ផាន់​ ផុន​ ត្រូវ​ពូ​បង្កើត​ជន​រង​គ្រោះ ​ដែល​កំពុង​មើល​ថែ​ជន​រង​គ្រោះ​កាល​ពី​ម្សិល​មិញ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ទោះ​គ្រូ​ពេទ្យ​បាន​ជួយ​សង្គ្រោះ​បឋម​ដល់​ជន​រង​គ្រោះ​ហើយ​ក៏​ដោយ​ ព្រោះ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់។​

លោ​ក​ប្រាប់​ថា​៖ «​គាត់​មិន​ទាន់​ធូរស្រាល​ទេ​ ឥឡូ​វ​គាត់​និយាយ​មិន​ទាន់​កើត​ទេ​ (​ជន​រង​គ្រោះ) ។​ របួស​គាត់​ធ្ងន់​ខ្លាំង​ចំ​ភ្លៅ​ខាង​ស្ដាំ​ដាច់​សាច់​មួយ​ដុំ​ធំ​ របួស​ហើយ​ត្រូវ​ដៃ ​ត្រូវ​ភ្នែក ​និង​ដាច់​មេ​ជើង​អស់​ ១ ទៀត»។​

អាជ្ញា​ធរ​មីន​ឱ្យ​ដឹង​កាល​ពី​​ថ្ងៃ​ ១៥​ មីនា​ ឆ្នាំ​នេះ​ថា​ ​អត្រា​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​មីន​ និង​គ្រាប់​ មាន​ការ​កើន​ឡើង​។​ ដោយ​ឡែក​ ចាប់​ពី​ខែ​មករា ​ដល់​ថ្ងៃទី​ ៤​ ខែ មេសា ​ឆ្នាំ​ ២០១៩ ​នេះ​ មាន​ជន​រងគ្រោះ​ស្លាប់​ ពិការ​ និង​របួស​ដោយ​សារ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​សរុប​ចំនួន​ ៤៥ ​នាក់​ ក្នុង​នោះ​មាន​ជន​រងគ្រោះ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ បាត់​ដំបង​ រតន​គិរី​ ត្បូង​ឃ្មុំ ​កណ្ដាល​ និង​ខេត្ត​​មួយ​ចំនួន​ទៀត៕​