ភ្នំពេញៈ អ្នកបើកគ្រឿងចក្រម្នាក់បានរងរបួសធ្ងន់កាលពីព្រឹកម្សិលមិញ នៅពេលដែលគាត់បើកឈូសដីប៉ះមីនតោន ១ គ្រាប់ផ្ទុះនៅជិតវត្តសុភាឃួន ស្ថិតនៅក្នុងសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ហេង ហ៊ី អាយុ ២១ ឆ្នាំបានបើកគ្រឿងចក្រ ១ គ្រឿង ដើម្បីឈូសពង្រាបដីដែលចាក់ពីរថយន្តដឹកដីនៅទីមួយកន្លែងស្ថិតនៅជាប់របងវត្តសុភាឃួន ហើយនៅវេលាម៉ោងប្រមាណជា ៨ ព្រឹកក៏បានឈូសប៉ះមីនតោន ១ គ្រាប់ ដែលបណ្តាលឲ្យផ្ទុះប៉ើងឡើង។ នេះបើយោងតាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
លោកអះអាងថា មីនហ្នឹងប្រហែលជាដោយតាមដីដែលគេកាយធ្វើផ្លូវជាតិលេខ ៤ ហ្នឹងមក។ ដល់ពេលអាប៊ុលគេឈូសឲ្យស្មើវាប៉ះមីនតោនក៏ផ្ទុះប៉ើងអាប៊ុល អ្នកបើកត្រូវរបួសធ្ងន់។
ជនរងគ្រោះត្រូវបានរថយន្តយោធាដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ អាប៊ុលដែលឈូសប៉ះគ្រាប់នោះត្រូវបានប៉ើងផ្ងារជើងទៅលើរបងវត្តចម្ងាយប្រហែល ៥ ម៉ែត្រ។ រីឯជនរងគ្រោះត្រូវបានប៉ើងខ្ទាតរំលងរបងចូលដីវត្តក្បែរចេតិយចម្ងាយប្រហែល ១៥ ម៉ែត្រ។ អាប៊ុលបានដាច់កង់ច្រវាក់ និងផ្នែកផ្សេងៗមួយចំនួនទៀត។ ជនរងគ្រោះត្រូវរោលពេញមុខ និងដៃជើង រងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ជើងស្តាំ។
ក្រុមការងាររបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះទៅពិនិត្យកន្លែងកើតហេតុនោះ។
លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ ៣ បានឲ្យដឹងថា គ្រាប់មីនតោននោះនៅសល់ពីសម័យសង្គ្រាមនៅក្នុងប្រឡាយទឹក។ ពេលគេកាយស្តារប្រឡាយ គ្រាប់នោះក៏ដោយតាមអាចម៍ដីតែមិនផ្ទុះរហូតដល់គេដឹកដីយកទៅចាក់សង់ផ្ទះ និងឈូសប៉ះទើបផ្ទុះតែម្តង។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យព្រះកុសុមៈថ្លែងថា ជនរងគ្រោះបានធូរស្រាលហើយក្រោយពីទទួលបានការព្យាបាល៕