កំពង់ចាមៈ បុរស​ម្នាក់ ​ដែលវាយ​សម្លាប់​ប្រពន្ធ ​ត្រូវបាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​កាលពី​ថ្ងៃ​ទី ២៥ ​ខែ មីនា​ ក្រោយពី​បាន​ប្រើហិង្សា​លើ​ប្រពន្ធ​ ដោយវាយ​នឹង​ដំ​បង​រហូត​នាង​ស្លាប់​ នៅ​ឃុំ​ជយោ ​ស្រុក​ចំការ​លើ ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ ​មីនា។

លោក​ ចាន់​ ហោ​ អ​នុ​ប្រ​ធាន​កា​រិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិ​តធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំ​ពង់​ចាម ​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ ពី​ម្សិល​មិញ​ថា​ ករណី​អំពើ​ហិង្សា​វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង​នេះ​ជន​សង្ស័យ​ឈ្មោះ​ច្រិច​ ដន ​អាយុ​ ៣៥​ ឆ្នាំ ​រីឯ​ស្រ្តី​រង​គ្រោះ​ស្លាប់​ឈ្មោះ​ចន ​ថា ​អាយុ​ ៣៨ ​ឆ្នាំ ​ពួកគេ​ទាំង ​២ នាក់​គ្មាន​កូន​ជាមួយ​គ្នា​ទេ។​

លោក ​ចាន់ ​ហោ ​បញ្ជាក់​ថា​៖ «ជន​សង្ស័យ​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ​របស់​គាត់​រហូត​ស្លាប់​ ដូច្នេះ​គាត់​ត្រូវ​តែ​ប្រ​ឈម​ចំ​ពោះ​មុខ​ច្បាប់»។

លោក​ មួង​ ម៉ង់​ឌី​ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ជ​យោ​ ប្រាប់​ដែរ​ថា ​ស្រ្តី​រងគ្រោះ​មាន​កូន​ប្រុស​ម្នាក់​ជា​មួយ​ប្តី​មុន ​ហើយ​បាន​គ្នា​ជាមួយ​ប្តី​ក្រោយ ​(ជន​សង្ស័យ​) អត់​មាន​កូន​ទេ​។ ​ប៉ុន្តែ​ទាំង ​២ ​នាក់​ប្តី​ប្រ​ពន្ធ​នេះ​ជា​មនុស្ស​ប្រ​មឹក​ដូច​គ្នា​ហើយ​នៅ​ពេល​ពួក​គេ​ផឹក​ស្រា​ស្រវឹង​​ម្តង​ៗ​តែង​តែ​ឈ្លោះ​វាយ​តប់​គ្នា​ផង។

លោក​បញ្ជាក់​ថា​៖​ «រឿង​ប្រើ​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សា​រ​របស់​ពួក​គេ​សមត្ថកិច្ច​តែង​តែ​ហៅ​អប់​រំ​ដែរ​ តែ​ជន​សង្ស័យ​នៅ​តែ​មិន​ព្រម​ស្តាប់ ​ហើយ​ករណី​នេះ​កើត​ឡើងច្រើន​ដង​តែ​អត់​មាន​បញ្ហា»។

លោក​ ម៉ង់​ឌី​ ប្រាប់​តាម​សម្តី​សាក្សី​ថា​ មុន​កើត​ហេតុ​ថ្ងៃ​ទី​ ២​៣​ ខែ​ មី​នា​ ​នេះ ​ជន​សង្ស័យ​និង​ប្រពន្ធ​របស់​គាត់​បាន​ផឹក​ស្រា​ស​រហូត​ស្រវឹង​រៀងៗ​ខ្លួន​។​ ដោយ​ជន​សង្ស័យ​ស្រវឹង​ក៏បាន​រក​រឿង​ឈ្លោះ​ជា​មួយ​ស្រ្តី​រង​គ្រោះ​និង​មាន​ការ​ជេរ​គ្នា​ទៅ​​វិញ​ទៅ​មក​ផង​។​ បន្ទាប់​មក​ជន​សង្ស័យ​បាន​យក​ដំ​បង​ឈើ​ដែល​មាន​ទំ​ហំ​ប៉ុន​ក​ដៃ​មនុស្ស​ចាស់​មក​វាយ​លើ​ដង​ខ្លួន​ និង​ក្បាល​ស្រ្តី​រង​គ្រោះ​រហូត​ស្លាប់​នៅ​ផ្ទះ​តែ​ម្តង។

ក្រោយ​ពី​​វាយ​ប្រពន្ធ​​ស្លាប់​ហើយ​ ជន​សង្ស័យ​បាន​ព្យា​យាម​រត់​គេច​ខ្លួន​ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​។ ​ប៉ុន្តែ​ដោយ​សារ​មាន​ការ​រាយ​ការណ៍​ពី​ប្រ​ជា​ពលរដ្ឋ​ទាន់​ពេល​សមត្ថកិច្ច​របស់​លោក​ក៏​ចេញ​ស្ទាក់​ចាប់​បាន​នៅ​យប់​ថ្ងៃ​ទី ២៣ ដដែល​ បន្ទាប់​ពី​បង្ក​ហេតុ​បាន​ប៉ុន្មាន​ម៉ោង​មក៕