ភ្នំពេញៈ ជន​ជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​​ករណី​ប្លន់​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ម្តុំ​ពោធិ៍ចិនតុង​កាលពី​ឆ្នាំ​ ២០១១ បាន​ទទួល​កំហុស​ក្នុង​សវនាការ​តុលាការ​កំពូល​កាលពី​ម្សិលមិញ ប៉ុន្តែ​មិន​បាន​សុំ​ឱ្យ​បន្ថយទោស​ដល់​ខ្លួន​ទេ ខណៈ​ពួកគេ​ម្នាក់ៗ​ត្រូវ​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់គុក ១ ជីវិត​។

តាម​កំណត់ហេតុ​តុលាការ​បាន​បង្ហាញ​ថា កាលពី​ថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១១ ស្ត្រី​រងគ្រោះ​ឈ្មោះ ជួន ធារ៉ា អាយុ​ ៤៨ ​ឆ្នាំ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កន្លែង​ប្តូរ​លុយ​មួយ​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ខណ្ឌ​ចំការមន​សំដៅ​ទៅ​ផ្ទះ​គាត់​នៅ​ម្តុំ​រង្វង់​មូល​ចោមចៅ​ដោយ​ឌុប​កូនប្រុស​ម្នាក់​ផង​។ ប៉ុន្តែ​ពេល​ជិះ​ដល់​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ស្រាប់​តែ​ក្រុម​ជនជាប់ចោទ​បាន​ប្លន់​បាញ់​ចំនួន​ ៣ ​គ្រាប់ តែ​ផ្ទុះ​ ១ ​គ្រាប់​ត្រូវ​ចំ​ដើមទ្រូង​ខាង​ឆ្វេង​ធ្លាយ​ទៅ​ក្រោយ​ និង​ឆក់​យក​ស្បោង​លុយ​ជាង​ ១០០ ​លាន​រៀល​គេច​ខ្លួន​បាត់ ខណៈ​កូនប្រុស​ឈ្មោះ ផុន ឡាទី អាយុ ២១ ​ឆ្នាំ​មិន​រងរបួស​។ រីឯ​ស្ត្រី​រងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

កំណត់ហេតុ​បង្ហាញ​ដែរ​ថា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ក្រុម​ជនជាប់ចោទ​ ៣ ​នាក់​រួមមាន​ឈ្មោះ ឡាយ វណ្ណៈ ​ហៅ វែង ហៅ​ឥណ្ឌា អាយុ ៤២ ​ឆ្នាំ​, សុភ័ក្រ ហៅ យ៉ាន់ ហៅ​ក្របី អាយុ ៣២ ​ឆ្នាំ និង ផុន ដាទី​។ ឯ​ឈ្មោះ លឹម ទ្រី បាន​គេច​ខ្លួន​បាត់ តែ​ក្រោយ​តុលាការ​កាត់ក្ដី​​ឈ្មោះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ទូមាស​។

សំណុំ​រឿង​នេះ​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ទាំង​ ៤ ​នាក់​​កាលពី​ថ្ងៃទី​ ៣ ខែ​មេសា ឆ្នាំ​ ២០១២ ដោយ​ដាក់គុក​ម្នាក់​១​ជីវិត​ចោទ​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​តាម​ចាប់​ខ្លួន​ឈ្មោះ លឹម ទ្រី [​ពេល​មិន​ទាន់​ចាប់​បាន​]​។ ​ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ក្រុម​ជន​ជាប់ចោទ​ប្តឹង​ឧទ្ធរណ៍ តែ​ត្រូវ​ឧទ្ធរណ៍​តម្កល់​ទោស​ដដែល​។ បន្ទាប់​មក​ឈ្មោះ ឡាយ វណ្ណៈ បាន​ប្ដឹង​សារទុក្ខ​មក​កំពូល​ទៀត​។

ឡាយ វណ្ណៈ បាន​ឆ្លើយ​ក្នុង​សវនាការ​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ថា ការ​ប្លន់​នេះ​រូបគេ​មិន​បាន​ផ្ដួចផ្តើម​គំនិត​ទេ ប៉ុន្តែ​មុន​ថ្ងៃ​កើត​ហេតុ បក្ខ​ពួកគេ​ទាំង ​៣ ​នាក់​បាន​ប្រាប់​ពី​គម្រោង​ប្លន់​។ លុះ​ដល់​ថ្ងៃទី​ ២៨ ខែ​សីហា ឆ្នាំ​ ២០១១ រូបគេ និង​បក្ខពួក​បាន​តាម​ស្ត្រី​ជនរងគ្រោះ​ពី​កន្លែង​ដូរ​លុយ​នៅ​ផ្សារ​អូឡាំពិក មក​ដល់​មុខ​ពោធិ៍ចិនតុង​ក៏​បាញ់​ប្លន់​ដោយ​កាំភ្លើងខ្លី រួច​ឆក់​ស្បោង​លុយ​ជិះ​ម៉ូតូ​គេច​ខ្លួន ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​។

ជនជាប់ចោទ​រូប​នេះ​បាន​ប្រាប់​ចៅក្រម​ថា​៖ «​រឿង​នេះ​ខ្ញុំ​គ្មាន​ចេតនា​ ឬ​ប៉ង​បាញ់​សម្លាប់​ជនរងគ្រោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវ​បក្ខពួក​បបួល​ឲ្យ​ចូលរួម​ជាមួយ​ប៉ុណ្ណោះ​។ ខ្ញុំ​ដឹង​ពី​កំហុស​របស់​ខ្ញុំ​ហើយ​»​។

លោក​ព្រះរាជអាជ្ញា វ៉េង ប៊ុនធឿន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា យោង​តាម​ការពិនិត្យ​លើ​អង្គហេតុ​បង្ហាញ​ថា ជនជាប់ចោទ​ឈ្មោះ ឡាយ វណ្ណៈ បាន​សារភាព​តាំងពី​នៅ​តុលាការ​ថ្នាក់ក្រោម ហើយ​ការសារភាព​នេះ​វា​ស៊ីចង្វាក់​នឹង​ចម្លើយ​របស់​កូន​ស្ត្រី​រងគ្រោះ​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា​សាលា​ឧទ្ធរណ៍​ដែល​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ជា​ការ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ខ្ញុំ​សូម​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​​ការ​ដដែល​»​។

លោក ពេជ្រ ផល្លាសម្បត្តិ មេធាវី​ចាត់តាំង​ការពារ​ក្ដី​ជនជាប់ចោទ​បាន​​សន្និដ្ឋាន​ថា កូនក្តី​លោក​បាន​សារភាព​​កំហុស​នៅ​គ្រប់​ដំណាក់កាល​តុលាការ​អស់ហើយ​។ ​ហេតុដូច្នេះ​សូម​តុលាការ​មេត្តា​ប្តូរ​បទ​ចោទ​ពី​ឃាតកម្ម​គិត​ទុក​ជាមុន មក​ជា​បង្ក​ហិង្សា​បណ្តាល​ឲ្យ​ជនរងគ្រោះ​មរណភាព​វិញ​។

ក្រោយ​ជំនុំជម្រះ​លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាលដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៣ ធ្នូ ខាង​មុខ​នេះ​៕