ភ្នំពេញៈ បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ការបាញ់ប្រហារ​ពី​សន្ដិសុខ​ដែល​យាម​ធនាគារ ABA ក្នុង​ជម្លោះ​ដេញ​វាយ​គ្នា កាលពី​យប់​ថ្ងៃទី​ ៦ ​មេសា ​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ហើយពី​ម្សិលមិញ មន្ត្រី​នគរបាល​រូបនោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សួរចម្លើយ និង​គ្រោង​បញ្ជូន​ទៅ​តុលាការ​ថ្ងៃនេះ​។

លោក​ ហួរ ម៉េងវ៉ាង អធិការ​នគរបាល​ខណ្ឌ​សែនសុខ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ភឿង ភិរៈ អាយុ​ ៣៦ ​ឆ្នាំ​ ជា​មន្ត្រីនគរបាល​នៅ​អង្គភាព​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។ ជនសង្ស័យ​ជា​សន្តិសុខ​យាម​នៅ​ធនាគារ ABA ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ លោក​គ្រោង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ថ្ងៃទី​ ៧ ​មេសា តែបើ​នីតិវិធី​មិនទាន់​ចប់​គឺអាច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​ថ្ងៃទី​ ៨ ​មេសា​។

លោក​ថា​៖ «​ជនសង្ស័យ​គាត់​អង្គុយ​យាម​នៅមុខ​ធនាគារ​ទេ តែ​ជនរងគ្រោះ​ឈ្លោះ​គ្នា​ជាមួយ​បុរស​ម្នាក់ ហើយ​ដេញ​វាយ​បុរស​ម្នាក់​នោះ​រត់​ទៅឱ្យ​គាត់​ជួយ​។ បន្ទាប់មក​ជនរងគ្រោះ​ដក​កាំបិត​ដេញ​ចាក់ ហើយ​ជនសង្ស័យ​ក៏​បាញ់​ទៅ​។ គាត់ បាញ់​ត្រូវ​ជនរងគ្រោះ​ ២ ​គ្រាប់​»​។

បើតាម​លោក​អធិការ​ប្រាប់​តាម​សម្តី​សាក្សី និង​តាមរយៈ​ឆែក​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បំពាក់​នៅមុខ​ធនាគារ ABA ​នោះ​បង្ហាញ​ថា មុន​កើតហេតុ បុរសរងគ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ​បុរស​ម្នាក់ទៀត​។ បន្ទាប់មក​ជនរងគ្រោះ​បាន​រត់​ដេញ បុរស​ម្នាក់ ហើយ​បុរស​នោះបាន​រត់ សំដៅ​មក​ជនសង្ស័យ​ដែល​កំពុង​ឈរ​យាម​នៅមុខ​ធនាគារ ABA បំណង​ឱ្យជួយ​។ ប៉ុន្តែ​បន្ទាប់ពី​ជនរងគ្រោះ​ដេញ​វាយ​បុរស​ដែល​ជា​គូទំនាស់​នោះ​មិនបាន​ក៏​បែរមក វាយ និង​ច្រាន​ជនសង្ស័យ​វិញ ហើយ​ជនរងគ្រោះ​បាន​កាន់​កាំបិត​ចុងស្រួច​សំដៅ​ជនសង្ស័យ​តែម្តង​។

លោក​ថា​៖ «​ខណៈ​បុរសរងគ្រោះ ភ្ជង់​កាំបិត និង​ដើរ​សំដៅទៅ​ជនសង្ស័យ គ្រានោះ​ជនសង្ស័យ​បាន​បាញ់​ចំនួន​ ៣ ​គ្រាប់ ហើយ​ត្រូវចំ​ខ្លួន​ចំនួន​ ២ ​គ្រាប់​បណ្តាលឱ្យ​ដួល​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​»​។

លោក​បន្តថា ក្រោយ​កើតហេតុ បាញ់ប្រហារ​នេះ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដោយ​មាន​លោក​ ម៉ូវ ម៉ានិត អភិបាលខណ្ឌ​សែនសុខ​រួម​ដំណើរ​ជាមួយ​លោក​ផង រីឯ​ជនសង្ស័យ​ក៏​មិនបាន​រត់គេចខ្លួន​ដែរ​។ ​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​ថា គាត់​គ្មាន​បំណង​បាញ់​សម្លាប់​ជនរងគ្រោះ​ទេ ដំបូង​គាត់​គ្រាន់តែ​ភ្ជង់​កាំភ្លើងខ្លី​ ដើម្បី​កំញើញ​ជនរងគ្រោះ​តែប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​ស្ទុះ​មក គាត់​ក៏​បាញ់​ ដើម្បី​ការពារ​ខ្លួន​ទៅ​។

មន្ត្រី​នគរបាល​ខណ្ឌ​សែនសុខ​ម្នាក់​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ឆែក​មើល​ក្នុង​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ​ក្មេង​ ២ ​ក្រុម​ឈ្លោះ​គ្នា​។ ប៉ុន្តែ​អ្វីដែល​គេ​ឃើញ​ក្នុង​កាមេរ៉ា គឺ​ជនរងគ្រោះ និង​យុវជន​ម្នាក់​រត់​សំដៅ​ទៅរក​សន្តិសុខ​ [​ជនសង្ស័យ​] ​យាម​ធនាគារ​ឱ្យជួយ ហើយ​គេ​ឃើញ​ជនរងគ្រោះ​វាយ​សន្តិសុខ រួច​កាន់​កាំបិត​ដើរ​ចូលទៅ​បុរស​សន្តិសុខ​នោះ​មុន​។

មន្ត្រី​រូបនោះ​ថា​៖ «​បើតាម​អ្វីដែល​បានឃើញ​ក្នុង​កាមេរ៉ា​សុវត្ថិភាព គឺជនរងគ្រោះ​ជា​អ្នកបង្ក​មុន​ទើប​បុរស សន្តិសុខ​នោះ​បាញ់​គាត់​ទៅ​»៕