ត្បូងឃ្មុំៈ ​បុរស​ជាង​ដំដែក​អាយុ​ ៥​៩ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ​និង​ក្មេង​ប្រុស​ម្នាក់​របួស​ស្រាល​ ​នៅ​ក្នុង​ភូមិ​ ៦៧​ ​ឃុំ​ថ្ម​ពេជ្រ​ស្រុកខេ​ត្ត​ត្បូង​ឃ្មុំ​ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ដោយ​សារ​ផ្ទុះ​គ្រាប់ ១២៥ មិល្លី​ម៉ែត្រ។

លោក​ ទឹម ​នាង​ នាយ​​នគរ​បាលប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ថ្ម​ពេជ្រ​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ បុរស​ដែល​​ស្លាប់​នោះ​មាន​ឈ្មោះ ​ភាព ​ផល ​អា​យុ​ ៥​៩ ​ឆ្នាំ បាន​យក​គ្រាប់​ ១២៥ ​មិល្លីម៉ែត្រ ​មក​ធ្វើ​កំ​ណល់​ដំ​ដែក ​ពេល​កំ​ពុង​ដំ​បណ្ដាល​ឲ្យ​ផ្ទុះ​។

​លោក​ នាង​ អះ​អាង​ថា​ គ្រាប់​បាន​ផ្ទុះ​ត្រូវ​ជន​រ​​ង​គ្រោះ​បែក​សាច់​ជា​​បំ​ណែក​ៗ​ពី​ត្រឹម​​ក្បាល​ពោះ​មក​ក្រោម​នៅ​សល់​តែ​កំ​​ភួន​ជើង​និង​ប្រអប់​ជើង​ប៉ុណ្ណោះ​។ ​ឯ​ចៅ​​ប្រុស​របស់​គាត់​ដែល​កំពុង​អង្គុយ​លេង​ទូរ​ស័ព្ទ​ដែល​នៅ​ចម្ងាយ​ប្រហែល​ ៥ ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ​ក៏​ត្រូវ​របួស​ផ្នែក​ក្បាល​ខាង​ក្រោយ​ដែរ​តែ​របួស​ស្រាល។​

​លោ​ក​ប្រាប់​ថា​៖ ​«​រឿង​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់​នេះ​សមត្ថ​កិច្ច​របស់​ខ្ញុំ​ធ្វើ​ការ​ចុះ​ណែ​នាំ​ដល់​អ្នក​ភូមិ​ក្នុង​ឃុំ​ថ្ម​ពេជ្រ​ ជា​ប្រ​ចាំ​ប៉ុន្តែ​នៅ​តែ​មាន​ហេតុ​ការណ៍​នេះ​កើត​ឡើង​ទៀត»។​

​លោក​រំ​ឭក​តាម​សម្តី​ប្រពន្ធ​របស់​ជន​រ​ងគ្រោះ​ប្រាប់​ថា ​ប្តី​របស់​គាត់​បាន​ប្រ​កប​រប​រជា​ជាង​ដំ​ដែក​នេះ​អស់​រយៈ​ពេល​ជាង​ ១​៥ ​ឆ្នាំ​ មក​ហើយ ​ហើយ​ជន​រង​គ្រោះ​ក៏​តែង​​តែ​យក​គ្រាប់​ ១​២​៥ ​មិល្លីម៉ែត្រ​នេះ​ធ្វើ​ជា​កំណល់​ដែរ​តែ​មិន​ដែល​ជួប​បញ្ហា​អ្វី​ដែរ។

លោក​ប្រាប់​ថា​ ក្រោយ​កើត​ហេតុ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ​ បាន​ស្នើ​ខាង​មន្រ្តី​អាជ្ញា​ធរ​កម្ចាត់​មីន​​ប្រ​ចាំ​ខេត្ត​ត្បូង​ឃុំ​ឲ្យ​ចុះ​ទៅ​​ពិនិត្យ​ពី​មូល​ហេតុ​នៃ​ការ​ផ្ទុះ​នេះ​​ដោយ​មន្រ្តី​ជំនាញ​​កម្ចាត់​មីន​ខេត្ត​បាន​ប្រាប់​ថា​ គ្រាប់​បែក​ ១​២​៥ ​មិល្លីម៉ែត្រ​​នេះ​ជា​ប្រភេទ​​គ្រាប់​បែក​ទម្លាក់​ពី​លើ​​យន្ត​ហោះ​កាល​ពី​សម័យ​​សង្គ្រាម​ហើយ​វា​បាន​ផ្ទុះ​ម្តង​ហើយ​​ក៏​ប៉ុន្តែ​គ្រាប់​បែក​នេះ​នៅ​បន្សល់​ជាតិ​ផ្ទុះ​​ទៀត​នៅ​ពេល​មាន​ការ​​ប៉ះ​ទង្គិច​វា​ខ្លាំង។​

លោក​ ព្រីង ​បញ្ញា​រិទ្ធិ ​ប្រធាន​គ្រប់​គ្រង​អង្គភាព​​កម្ចាត់​មីន​ប្រ​ចាំ​ខេត្ត​បាត់​ដំ​ប​ង​​បាន​ថ្លែងកាល​​ពី​ម្សិល​មិញ​ដែរ​ថា​ ករណី​គ្រាប់​មិន​ទាន់​ផ្ទុះ​នេះ​អាជ្ញាធរ​​តែង​តែ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​សហ​គមន៍​ និង​នៅ​តាម​សា​លា​រៀន​ទៀត​ តែនៅ​មាន​ពល​រដ្ឋ​ភាគតិច​ដែល​គាត់​មិន​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រុង​ប្រយ័ត្ន។​

លោក​បាន​​ថ្លែង​ថា​៖ ​«​ប្រ​ជា​ពលរដ្ឋ​ភាគ​ច្រើនបាន​​យល់​ដឹង​តែ​ភាគ​តិច​ដែល​ពួក​គាត់​មិន​យល់​ពី​គ្រោះ​ថ្នាក់​នេះ​។ ​អ្នក​ដែល​មិន​អនុវ​ត្ត​តាម​ការ​ផ្សព្វ​ផ្សាយ​អប់រំ​គឺ​ច្រើន​តែ​ពួក​គាត់​ធ្លាប់​ធ្វើ​ជា​ទាហាន»៕