បន្ទាយ​មាន​ជ័​យៈ យ៉ាងហោចណាស់​មាន​បុរស​ម្នាក់​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ក្នុង​ករណី​ផ្ទុះ​មីនតោន​មួយ​នៅ​ចំណុច​ភូមិ​ស្រឡៅ​ជ្រុំ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ដោយសារ​តែ​គោយន្ត​ដឹក​ឈើ​បើកបរ​កិន។ នេះ​បើតាម​ការ​អះអាង​របស់​លោក សួស វរិទ្ធ នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ទួល​ពង្រ កាល​ពី​ម្សិលមិញ។

លោក​បាន​ថ្លែងថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់មីន​ខាងលើ​នេះ រួម​មាន​ឈ្មោះ ឆាម ឆង អាយុ ៣២ ឆ្នាំ រស់​នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ ខណៈ​អ្នក​ជិត​ខាង​របស់​គាត់​ម្នាក់​ទៀត ឈ្មោះ ចៀក សុខ អាយុ ២៣ ឆ្នាំ រង​របួស​ធ្ងន់​និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា ជប៉ុន​មង្គលបុរី ខេត្ត​បន្ទាយ​មានជ័យ។

លោក វរិ​ទ្ធ និយាយថា៖ «តាម​ចម្លើយ​របស់​ជន​រង​គ្រោះ ដែល​នៅមាន​ជីវិត​ឈ្មោះ ចៀក សុខ ករណី​ផ្ទុះ​គ្រាប់​មីន​នៅ​ចំណុច​ខាង​លើ​នេះ​ គឺ​បណ្ដាល​មក​ពី​ពួកគេ​បើក​គោយន្ត​ដឹកឈើ​ចេញ​ពី​ព្រៃ​ខុស​គន្លង​ចាស់»។

បងថ្លៃ​ប្រុស​របស់​ជនរងគ្រោះ​ឈ្មោះ​ឆា​ម ឆ​ង គឺ លោក ឆេង សុវណ្ណ​មុន្នី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ ឆាម ឆង និង​ចៀក សុខ បាន​បើក​គោយន្ត​ទៅ​រក​កាប់​អុស​ក្នុង​ព្រៃ​នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ដើម្បី​យក​មក​ដុត​ធ្វើ​ធ្យូង​លក់​ដូរ​ដោះស្រាយ​ជីវភាព​គ្រួសារ ប៉ុន្តែ​នៅ​ពេល​កាប់​បាន​ហើយ ក៏​នាំគ្នា​ដឹកអុស​ចេញ​ពី​ព្រៃ​មក​វិញ ក៏​ស្រាប់​តែ​កិន​លើ​គ្រាប់​មីនតោន បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់។

លោក​ថា៖ «ពួកគេ​បើក​គោយន្ត​នៅខាងមុខ​គោយន្ត​របស់ខ្ញុំ និង​អ្នក​ស្រុក​មួយ​ចំនួន​ទៀត ប៉ុន្តែ​ដោយ​ផ្លូវ​មាន​ជង្ហុក​ច្រើន​ធ្វើឲ្យ​គេ​កាច់​ចង្កូត​រេ​ចេញ​ពី​គន្លង​ផ្លូវ​ចាស់​កិន​ចំ​លើ​គ្រាប់​មីនតោន​ដែល​នៅ​ក្បែរ​ផ្លូវ​បណ្ដាល​ឲ្យ​ផ្ទុះ​ស្លាប់​ប្អូន​ថ្លៃ​ខ្ញុំ​នៅ​កន្លែង​កើត​ហេតុ ចំណែក​អ្នក​ជិត​ខាង​ខ្ញុំ​ម្នាក់​ទៀត ដែល​រួម​ដំណើរ​ជាមួយ​វា រង​របួស​បាក់​ភ្លៅ​ខាង​ស្ដាំ»។

លោក​បន្តថា ក្រោយ​កើតហេតុ​គាត់ និង​អ្នកភូមិ​បាន​ដឹក​សព​ប្អូនប្រុស​មក​ផ្ទះ​ធ្វើ​បុណ្យ​ឯ​អ្នក​រង​របួស​ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត ដើម្បី​ជួយ​សង្គ្រោះ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បន្ទាយមានជ័យ៕