កំពង់ស្ពឺៈ បុរសម្នាក់ និងគោ ៤ ក្បាល ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅកណ្ដាលវាលស្រែពេលមេឃកំពុងភ្លៀង។ ហេតុការណ៍នេះបានកើតឡើង ខណៈបុរសរងគ្រោះកំពុងបររទេះគោត្រឡប់ពីស្រែទៅផ្ទះរបស់គាត់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០។
លោក ឯម សារ៉ន នាយនគរបាលប៉ុស្តិ៍ ស្វាយរំពារបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា បុរសរងគ្រោះឈ្មោះ មាស ជ្រុន អាយុ ៦៨ ឆ្នាំ។ មុនពេលកើតហេតុ ជនរងគ្រោះបានជិះរទេះគោទៅស្រែ ដែលមានចម្ងាយប្រមាណ ៧០០ ម៉ែត្រពីផ្ទះរបស់គាត់ ដើម្បីភ្ជួររាស់ និងពង្រាបដីស្រែសម្រាប់បង្កបង្កើនផលស្រូវរដូវវស្សា។
លោក សារ៉ន បានបញ្ជាក់ថា៖ «នៅវេលាម៉ោង ៥:៣០ នាទីល្ងាច ខណៈមេឃកំពុងភ្លៀង ជនរងគ្រោះក៏បានបររទេះពីស្រែត្រឡប់មកផ្ទះវិញ ហើយក៏ត្រូវរន្ទះបាញ់ស្លាប់នៅកណ្ដាលផ្លូវ ជាមួយនឹងសត្វគោចំនួន ៤ ក្បាល ដែលគាត់បានទឹមជាប់នឹងរទេះ ២ ក្បាល និង ២ ក្បាលទៀត ចងជាប់រទេះផ្នែកខាងក្រោយ»។
លោក សារ៉ន បានឲ្យដឹងថា សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ រៀបចំពិធីបុណ្យបូជាសពនៅល្ងាចថ្ងៃចន្ទ [ម្សិលមិញ] ចំណែកសត្វគោ ៤ ក្បាល ដែលត្រូវរន្ទះបាញ់ងាប់ដែរនោះ ត្រូវបានកូនៗរបស់គាត់លក់ទៅឲ្យឈ្មួញក្នុងតម្លៃ ៣ លានរៀល ដើម្បីយកលុយរៀបចំបុណ្យសព។
លោក កែវ វី ទីប្រឹក្សាជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃចន្ទថា គិតត្រឹមថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ បាតុភូតរន្ទះបាញ់បានបណ្ដាលឲ្យមនុស្សចំនួន ២៨ នាក់ស្លាប់ និង ២០ នាក់ទៀតរងរបួស៕