បន្ទាយមានជ័យៈ ជន​ឆបោក និង​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​ថ្នាក់​ឧត្តមសេនីយ៍ទោ​ (​ផ្កាយ​ ២) ​ម្នាក់​ដែល​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​នៅ​ភូមិ​បាលិលេយ្យ​ ២ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ៨ ​មីនា ត្រូវ​សមត្ថកិច្ច​បញ្ជូន​បន្តទៅ​តុលាការ​យោធា​ហើយ​កាលពី​ម្សិលមិញ​បន្ទាប់ពី​សាកសួរ​រួច​។

លោក ធៀម ភក្តី ប្រធាន​មន្ទីរ​ព័ត៌មាន និង​សន្តិសុខ​នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ប្រាប់ឱ្យដឹង​កាលពី​ម្សិលមិញ​ថា បុរស​សង្ស័យ​ឈ្មោះ សុខ ប៊ុនធឿន អាយុ​ ៤៤ ​ឆ្នាំ រស់នៅ​ភូមិ​អូរកន្ថោរ​ខាងត្បូង សង្កាត់​អូរកន្ថោរ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​ត្រូវ​សមត្ថកិច្ច​របស់លោក​បញ្ជូន​បន្តទៅ​តុលាការ​យោធា​ហើយ​កាលពី​ម្សិលមិញ​។ ជន​ម្នាក់នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​នៅ ភូមិ​បាលិលេយ្យ​ ២ សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ៨ ​មីនា​។

លោក​ឱ្យដឹងថា ការចាប់ខ្លួន​នេះ​ធ្វើឡើង​តាម​បណ្តឹង​របស់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ហើយ​បន្ទាប់ពី​ទទួល​បណ្តឹង​មក​សមត្ថកិច្ច​បាន​សុំ​យោបល់ និង​សុំ​គោលការណ៍​ពី​លោក ម៉ែន ហុង ព្រះអាជ្ញារង​នៃ​អយ្យការ​អម​តុលាការយោធា​ហើយក៏​មាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​លោក​ព្រះរាជអាជ្ញារង​ផង​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​ខ្ញុំ​បាន​សាកសួរ​បំពេញ​កំណត់ហេតុ​រួចមក​ក៏​បញ្ជូន​គាត់​បន្ត​ទៅ​តុលាការយោធា​ដើម្បី​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី​តាមច្បាប់​ទៀត​»​។

ពាក់ព័ន្ធ​នឹង​ការប្រើ​វិធី​បោកប្រាស់​យកលុយ​ពី​ប្រជាពលរដ្ឋ​នោះ​មិនត្រូវ​បាន​លោក ធៀម ភក្តី បកស្រាយ​លម្អិត​ទេ​។ តែ​ទោះ​យ៉ាងណា បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ១ ​រូប​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ម្នាក់នេះ​គ្មាន​តួនាទី​អ្វី​ក្នុង​ជួរ​កងទ័ព​ ឬ​ក៏​ធ្វើការ​ជា​មន្ត្រីរាជការ​ដែរ​។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កន្លងមក​រូបគេ​ពិតជា​បាន​ដើរ​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ដោយ​យក​តួនាទី​ក្លែងក្លាយ​នេះ​ជា​មធ្យោបាយ​បោកប្រាស់​។ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការទុកចិត្ត​ និង​ជឿជាក់​លើ​ខ្លួន​នោះ​ជនសង្ស័យ​បាន​ទិញ​សម្លៀកបំពាក់​យោធា និង​ទិញ​ផ្កាយ​ ២ ថ្នាក់​ឧត្តមសេនីយ៍ទោ​ពាក់​ថតរូប​ហើយ​យក​រូបថត​នោះ​ទៅ​បង្ហាញ​អ្នកណា​ដែល​រូបគេ​គិតថា​អាច​បោកប្រាស់​បាន​។

មន្ត្រី​ដដែល​នេះ​ថា ជនសង្ស័យ​មុន​ចាប់ខ្លួន​គឺ​បាន​បោក​លុយ​ពី​ពលរដ្ឋ​ ២ ​ទៅ​ ៣ ​នាក់​នៅ​ក្រុង​ប៉ោយប៉ែត ប៉ុន្តែ​មិន​ច្បាស់​ចំនួន​ទឹកប្រាក់​ទេ​។ ​ដោយ​ជនសង្ស័យ​អួតអាង​ប្រាប់​ជនរងគ្រោះ​ថា ​រូបគេ​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ទោ​នៃ​កងយោធពល​ខេមរភូមិន្ទ​។ ដូច្នេះ​បើ​ជនរងគ្រោះ​មាន​បញ្ហា​ចង់​ពឹង​ឱ្យ​រូបគេ​ជួយ​រឿង​អ្វីមួយ​គឺ​រូបគេ​អាចជួយ​បាន​។ ​

ដោយសារ​តែ​ជនសង្ស័យ​បង្ហាញ​រូបថត​ដែលមាន​ពាក់​ផ្កាយ​បែបនេះ​ធ្វើឱ្យ​ជនរងគ្រោះ​ជឿ​ស្លុង ព្រោះ​ពួកគាត់​គិតថា​មិន​ងាយ​ណា​មាន​អ្នកធំ​មក​អះអាង​ជួយ​ដោះស្រាយ​បញ្ហា​ទេ ប៉ុន្តែ​ក្រោយពី​បោក​លុយ​ពី​ជនរងគ្រោះ​បាន​ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់​តែម្តង​៕