ភ្នំពេញៈ បុរសម្នាក់អាយុ ៣០ ឆ្នាំ ត្រូវបានចាប់ខ្លួននៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ៥ ខែមេសា ក្រោយពីសង្ស័យថាបានសម្លាប់ក្មេងប្រុសអាយុ ១០ ឆ្នាំម្នាក់ កាលពីថ្ងៃទី ២ ខែដដែលនេះ។
លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងពីម្សិលមិញថា ការចាប់ខ្លួននេះត្រូវបាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខណ្ឌច្បារអំពៅ។
លោក ម៉ៅ សឿត បានឱ្យដឹងថា ជនសង្ស័យឈ្មោះ អុន ភាម៉ុន ភេទប្រុស អាយុ ៣០ ឆ្នាំគ្មានមុខរបរ និងរស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ៥ មេសា។
លោកប្រាប់ថា៖ «ខ្ញុំកំពុងតែសាកសួរជនសង្ស័យហើយគ្រោងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅពេលដែលយើងសាកសួរហើយជនសង្ស័យមិនមែនសម្លាប់ក្មេងប្លន់យកអីទេ មូលហេតុខឹងក្មេងវ៉ៃក្បាលគាត់»។
លោកបន្តថា យោងតាមចម្លើយជនសង្ស័យបានឱ្យដឹងថា ជនសង្ស័យត្រូវជាពូសាច់ថ្លៃរបស់ក្មេងរងគ្រោះ។ នៅមុនល្ងាចកើតហេតុថ្ងៃទី ២ មេសា គឺជនសង្ស័យបានជិះម៉ូតូម៉ាក MSX ពណ៌ស ឌុបក្មេងរងគ្រោះបំណងទៅទិញប្រហិតញ៉ាំនៅវត្តជ្រោយអំពិល។
ប៉ុន្តែពេលជនសង្ស័យ និងក្មេងរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវស្រាប់តែក្មេងរងគ្រោះយកដៃទះក្បាលជនសង្ស័យពីក្រោយតែក៏ត្រូវបានជនសង្ស័យប្រាប់កុំឱ្យទះក្បាលគេទៀតព្រោះមានគ្រូកាន់។ បន្ទាប់ពីជនសង្ស័យហាមក្មេងរងគ្រោះម្តងហើយនោះគឺក្មេងរងគ្រោះបានទះក្បាលជនសង្ស័យជាលើកទី ២ ទៀតធ្វើឱ្យជនសង្ស័យខឹងហើយក៏ឌុបក្មេងរងគ្រោះទៅសម្លាប់ចោលនៅក្បែរព្រៃត្រែងស្ថិតនៅដីឡូដ៍ ១ កន្លែងក្នុងភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
លោកបន្ដថា តាមកំណត់ហេតុកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គការ CPU រួមនឹងលោក នង សុវណ្ណារ័ត្ន ដែលជាគ្រូពេទ្យ កោសល្យវិច័យរាជធានីភ្នំពេញ បានពិនិត្យសពក្មេងរងគ្រោះឃើញមានស្នាមរហែកសន្ទះអញ្ចាញធ្មេញខាងមុខ និងបាក់ធ្មេញខាងក្រោមទាំងសងខាង។
ពាក់ព័ន្ធការចាប់ជនសង្ស័យនៅក្នុងអំពើឃាតកម្មនេះត្រូវបានលោក ជា ពន្នកា ដែលជាឪពុកក្មេងរងគ្រោះប្រាប់ពីម្សិលមិញថា៖ «ខ្ញុំមិនទាមទារអីពីជនសង្ស័យទេគឺទុកជូនច្បាប់ចាត់ការទៅតាមអំពើដែលជនសង្ស័យបានប្រព្រឹត្តមកលើកូនរបស់ខ្ញុំតាមតែច្បាប់ទៅ»៕