មណ្ឌលគិរីៈ សាលាដំបូងខេត្តមណ្ឌលគិរីកាលពីល្ងាចថ្ងៃអង្គារបានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌នាំខ្លួនបុរសម្នាក់យកទៅឃុំខ្លួនក្នុងពន្ធនាគារជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ដាក់អន្ទាក់សត្វព្រៃ» ក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក ខណៈដែលក្នុងរយៈពេលជិត ៣ ខែដើមឆ្នាំ ២០២០ នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការបរបាញ់សត្វព្រៃ និងកាប់រានដីព្រៃចំនួន ៥០ នាក់បញ្ជូនទៅតុលាការ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងកាលពីថ្ងៃពុធថា បុរសជាប់ចោទឈ្មោះ សា វ៉ា អាយុ ៣១ ឆ្នាំមានលំនៅក្នុងភូមិជីមៀត ឃុំណងឃីលឹក ស្រុកកោះញែក ត្រូវបានក្រុម មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកចាប់ឃាត់ខ្លួននៅចំណុចត្រពាំងកកោះ បន្ទាប់ពីជននេះបានលួចចូលដាក់អន្ទាក់ចាប់សត្វព្រៃចំនួន ៣៥ ខ្សែនៅចំណុចអូរ ល្វែរ ក្នុងដែនជម្រកសត្វព្រៃស្រែពកកាលពីយប់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២០។
ជាមួយគ្នានេះមន្ត្រីឧទ្យានុរក្សក៏បានដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនរួមមាន កាំបិតផ្គាក់ចំនួន ១, ចបជីកចំនួន ១ និងម៉ូតូគ្មានស្លាកលេខចំនួន ១ គ្រឿងយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការបរិស្ថាន។ ចំណែកអន្ទាក់ដែលបានដាក់រួចត្រូវបានមន្ត្រីឧទ្យានុរក្សប្រមូលយកទៅដុតកម្ទេចចោលនៅកន្លែងកើតហេតុ។
លោកបានបន្តថា ក្រោយការចាប់ខ្លួន និងសួរនាំរួចជនសង្ស័យត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សកសាងសំណុំរឿងចោទប្រកាន់ពីបទ «ប្រព្រឹត្តបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣» ហើយនៅរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។
នៅល្ងាចថ្ងៃដដែលនោះតុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ «ដាក់អន្ទាក់សត្វព្រៃ» តាមបញ្ញត្តិមាត្រា ៦១ និងមាត្រា ៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបានបង្គាប់ឲ្យនាំយកទៅឃុំខ្លួននៅពន្ធនាគារខេត្តជាបណ្ដោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះទោសជាក្រោយ។
លោក សុភគ៌ បានបញ្ជាក់ថា៖ «កន្លងមកជនសង្ស័យរូបនេះធ្លាប់ត្រូវបានតុលាការខេត្តមណ្ឌលគិរីផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ ខែផងដែរ ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិថ្នាក់ទី ២ ប៉ុន្តែជននេះនៅតែមិនរាងចាលបន្តលួចប្រព្រឹត្តបទល្មើសនេះដដែល។ ក្នុងករណីមិនរាងចាលនេះ ជនសង្ស័យត្រូវបានតុលាការដាក់បញ្ចូលទៅក្នុងបទល្មើសធនធានធម្មជាតិថ្នាក់ទី ៣ ដែលនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៥ ឆ្នាំ និង ឬ ទោសពិន័យជាប្រាក់ពី ១៥ លានរៀលដល់ ១៥០ លានរៀល»។
បើតាមលោក សុភគ៌ក្នុងរយៈពេលជិត ៣ ខែដើមឆ្នាំ ២០២០ នេះក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានធ្វើការបង្ក្រាបចាប់ជនសង្ស័យចំនួន ៥០ នាក់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ពាក់ព័ន្ធករណីកាប់រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃ និងរបៀងជីវចម្រុះឦសាន និងករណីលួចកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ដោយបានឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃ និងរបៀងជីវចម្រុះឦសាន៕