ភ្នំពេញ: សមត្ថកិច្ចខណ្ឌឫស្សីកែវគ្រោងបញ្ជូនបុរសម្នាក់ក្នុងចំណោម ២ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ពាក់ព័ន្ធការជួញដូរវត្ថុបុរាណ (អកកំបោរ ១) ដែលតាមពាក្យចចាមអារ៉ាមថា មានតម្លៃ ៧០ លានដុល្លារ បន្ទាប់ពីឃាត់ខ្លួនពួកគេទាំង ២ នាក់កាលពីថ្ងៃទី ១៧ ខែធ្នូ ក្នុងអំឡុងពេលដែលពួកគេរៀបចំផែនការលក់អកកំបោរនោះទៅឱ្យឈ្មួញ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ថ្លែងពីម្សិលមិញថា ជនសង្ស័យម្នាក់ដែលជាអ្នករៀបចំផែនការលក់អកកំបោរ ១ ទៅឱ្យឈ្មួញត្រូវបានមន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ភ្នំពេញនៅថ្ងៃទី ២១ ខែធ្នូ នេះ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។ លោកបានបដិសេធបង្ហាញអត្តសញ្ញាណជនសង្ស័យ។
លោកថា៖ «រីឯវត្ថុតាងជាវត្ថុបុរាណនោះ គឺមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងថា តើវាមានតម្លៃអ៊ីចឹងមែន ឬយ៉ាងណា? តែពេលនេះខ្ញុំមិនទាន់អាចបញ្ជាក់បានទេ»។
លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ ថ្លែងពីម្សិលមិញថា សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួនបុរសម្នាក់ជាអ្នករត់ការ (ឈ្មួញកណ្ដាល)។ រីឯ ម្ចាស់អកកំបោរឈ្មោះ សួង តាក់ អាយុ ២៩ ឆ្នាំរស់នៅភូមិក្ងោក ឃុំកោះចាម ស្រុកថាឡាបរិវ៉ាត់ក៏ត្រូវបានហៅមកសួរនាំជុំវិញករណីនេះដែរ។ នៅថ្ងៃទី ២០ ខែធ្នូ មន្ត្រីកំពុងធ្វើកោសល្យវិច័យទៅលើអកកំបោរ ១ នេះនៅឡើយ។ មន្ត្រីជំនាញនៃក្រសួងវប្បធម៌នឹងបង្ហាញលទ្ធផលនៅថ្ងៃទី ២១ ខែធ្នូ។ «ពិតជាមានអកកំបោរហ្នឹងមែន ប៉ុន្ដែខ្ញុំមិនទាន់អាចបញ្ជាក់ពីប្រភេទដែលធ្វើអំពីដែក ឬធាតុផ្សំអ្វីទេ? ហើយក៏មិនទាន់ដឹងធ្វើនៅសម័យកាលណាដែរ? ចំពោះគេថា មានតម្លៃ ៧០ លានដុល្លារក្នុង ១ ខាំនេះ គឺខ្ញុំក៏មិនទាន់ជឿដែរ។ ខ្ញុំគិតថា អកកំបោរបែបនេះមិនខ្វះទេនៅតាមតំបន់ស្រុកស្រែចម្ការ ទោះបីជាវាធ្វើអំពីមាស ក៏មិនអាចលក់បានតម្លៃច្រើនដល់ថ្នាក់នេះដែរ»។
មន្ត្រីជំនាញនៃក្រសួងវប្បធម៌បានហៅម្ចាស់អកកំបោរឈ្មោះ សួង តាក់ ទៅយកអកកំបោរដែលខ្លួនបានលាក់ទុកនៅភូមិក្ងោក ឃុំកោះចាម ស្រុកថាឡាបរិវ៉ាត់ហើយមន្ត្រីជំនាញកំពុងនាំយកទាំងម្ចាស់ និងអកកំបោរមករាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត និងធ្វើកោសល្យវិច័យ។
លោក សែម ស៊ីថា អធិការនគរបាលស្រុកថាឡាបរិវ៉ាត់ថ្លែងពីម្សិលមិញថា ម្ចាស់អកកំបោរឈ្មោះ សួង តាក់ នេះបានជាប់ពាក់ព័ន្ធបទល្មើសមួយកាលពី ៤ ឆ្នាំមុន ហើយបានរត់គេចចេញពីផ្ទះ។
លោកបញ្ជាក់ថា៖ «ខ្ញុំអត់ដឹងអកកំបោរហ្នឹងធ្វើពីអ្វីដែរ ប៉ុន្ដែពួកខ្ញុំគ្រាន់តែសហការជាមួយសមត្ថកិច្ចឫស្សីកែវ ហៅឈ្មោះ សួង តាក់ មកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ហើយនីតិវិធីបែបណាទៀត ខ្ញុំអត់ដឹងដែរ»។
លោក ហោ វុទ្ធី ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងថ្លែងថាសមត្ថកិច្ចស្រុកថាឡាបរិវ៉ាត់បានបញ្ជូន សួង តាក់ មកឱ្យសមត្ថកិច្ចខេត្តស្ទឹងត្រែងសាកសួរបន្ត ប៉ុន្ដែបន្ទាប់ពីបានសាកសួររួចលោកបានបញ្ជូនទៅឱ្យមន្ត្រីជំនាញខណ្ឌឫស្សីកែវ និងមន្ត្រីក្រសួងវប្បធម៌ ជាអ្នកចាត់ចែងបន្តទៀត។ «តាមចម្លើយគាត់ គឺអកកំបោរហ្នឹងជារបស់យាយគាត់ ហើយកាលពីប៉ុន្មានឆ្នាំមុនមានគេចង់ទិញឱ្យតម្លៃ ២០ លានដុល្លារ ប៉ុន្ដែគាត់មិនលក់។ ក្រោយមកក៏មានគេឱ្យថ្លៃច្រើន ក៏ចាប់ផ្ដើមដាក់លក់តែម្ដងហើយខ្ញុំសូមបញ្ជាក់តែប៉ុណ្ណឹងទេ»។
បើតាមសារព័ត៌មានក្នុងស្រុកមួយបានផ្សាយពីម្សិលមិញថា៖ «វត្ថុបុរាណខ្មែរ ដែលជាប្រភេទលោហធាតុស៊ីរំសេវ (អកកំបោរធ្វើពីសំរឹទ្ធ) មានអាយុកាលជាង ២០០ ឆ្នាំដែលមានតម្លៃរាប់លានដុល្លារត្រូវបានគេរត់ការរៀបចំលក់ទៅឱ្យឈ្មួញ ប៉ុន្ដែត្រូវបាននគរបាលខណ្ឌឫស្សីកែវចាប់ខ្លួនបានម្នាក់កាលពីយប់ថ្ងៃទី ១៧ ខែធ្នូ បន្ទាប់ពីម្ចាស់អកកំបោរបានប្តឹងនគរបាលឱ្យឃាត់ខ្លួនបុរសនោះ»។
សារព័ត៌មាននោះបន្តថា ដោយសារទំនាស់ផលប្រយោជន៍ទើបម្ចាស់អកកំបោរប្ដឹងឱ្យសមត្ថកិច្ចចាប់ខ្លួនឈ្មួញកណ្ដាលដែលគំរាមម្ចាស់ចង់បានផលប្រយោជន៍ច្រើនជាងម្ចាស់។ ចំពោះកិច្ចព្រមព្រៀងនៃការទិញ-លក់នោះមានឯកសារទិញលក់ត្រឹមត្រូវដោយម្ចាស់ឈ្មោះ សួង តាក់ បានប្រគល់សិទ្ធិទៅឱ្យមនុស្សចំនួន ៤ នាក់។ ចំណែកភាគីតំណាងខាងអ្នកទិញមានចំនួន ៣ នាក់៕