ភ្នំពេញៈ លោក William Guang ដែល​រង​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា មាន​ចម្ងល់ លើ​នីតិវិធី​របស់​តុលាការ​ ខណៈ​ដែល​ព្រះ​រាជ​អាជ្ញា បាន​ស្នើ​សុំ​ទៅ​ចៅក្រម​ស៊ើបសួរ ឲ្យ​ដាក់​រូប​លោក​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ល្បី​ម្នាក់ ឈ្មោះ William Guang ត្រូវ​បាន​ព្រះ​រាជអាជ្ញា​ចេញ​ដីកា​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពាក់​ព័ន្ធ​នឹង​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ប៉ុន្តែ​លោក William និង​មេធាវី​របស់​លោក​មាន​ចម្ងល់​លើ​នីតិវិធី​របស់​តុលាការ ក្នុង​ការ​សម្រេច​ដូច្នេះ។

យោង​តាម​ដីកា​សន្និដ្នាន​បញ្ជូន​រឿង​ឲ្យ​ស៊ើប​សួរ ចុះ​ថ្ងៃទី ២៨​ មីនា ២០១៨ ព្រះ​រាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​លោក សឿន មុនីរ័ត្ន បាន​ដាក់​ឲ្យ​ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសារពង្ស​ដែល​មាន​ហ្វេស​ប៊ុក​ឈ្មោះ William Guang ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ និង​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ក្នុង​បទ​ចោទ​បរិហារ​កេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង។

ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​តាម​បណ្ដឹង​របស់​កញ្ញា សុវណ្ណថា ដែល​បាន​ប្តឹង​កាល​ពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ឆ្នាំ ២០១៧ ដោយ​ចោទ​ឈ្មោះ William ថា បាន​បរិហារ​កេរ្តិ៍​នាង ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​តាម​ហ្វេស​ប៊ុក របស់ William កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៦។

ព្រះ​រាជអាជ្ញា​បាន​សេរសេរ ឈ្មោះ William បាន​ហៅ​នាង សុវណ្ណថា ជា​ «បិសាច ជា​មនុស្ស​អស់​តម្លៃ ជា​សិស្ស​គេច​ពី​ការ​ប្រឡង» ហើយ​ថា​ លោក William បាន​ញុះ​ញង់​​ឲ្យ​មាន​ការ​រើសអើង ដោយ​បាន​ប្រើ​ពាក្យ​ «សម​នឹង​ត្រូវ​មួយ​ស្បែក​ជើង, គាំទ្រ​ទេ​បើ​ខ្ញុំ​ផ្តាច់​ផ្លូវ​នយោបាយ របស់​នាង​ច្រ​ម៉ក់​នេះ? មាន​តែ​ស្លាប់​និង​រត់​ចោល​មាតុភូមិ» ជាដើម។

លោក សឿន មុនីរ័ត្ន​ សរសេរ​ថា ការ​និយាយ​ដូច្នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កញ្ញា​ សុវណ្ណថា និង​អំពើ​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​បញ្ញត្តិមាត្រា ៣០៥ និង ៤៩៦។

លោក William បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ក្នុង​រយៈពេល​មួយ​ខែ ព្រះ​រាជអាជ្ញា បាន​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​ ២ ​ដង​ ហើយ​លើក​ចុង​ក្រោយ ​លោក​បាន​ដាក់​ពាក្យ​សុំ​ពន្យារ​ការ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី ៥​ មីនា ​ដោយ​ស្នើ​សុំ​ចូល​ខ្លួន​ថ្ងៃ​ក្រោយ​វិញ​ ដោយសារ​មាន​ធុរៈ​ទៅ​ក្រៅ​ប្រទេស ប៉ុន្តែ​តុលាការ​មិន​បាន​ឆ្លើយតប​ស្រាប់​តែ​បាន​រុញ​សំណុំ​រឿង​នេះ ទៅ​ចៅក្រម​ស៊ើប​តែ​ម្តង ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ភ្ញាក់​ផ្អើល។

ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​ ហ្វេសប៊ុក ដែល​នាំ​ឲ្យ​មាន​ពាក្យ​បណ្ដឹង​នេះ លោក William បាន​និយាយ​ថា អ្វី​ដែល​លោក​និយាយ​​នោះ​ដោយសារ​តែ​កញ្ញា សុវណ្ណថា ជា​បុគ្គល​សាធារណៈ​ ជា​ប្រធាន​អង្គការ​ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​ស្រុក​ស្អាង​​ខេត្ត​កណ្ដាល។

លោកថា ក្រោយ​ពេល​កញ្ញា​សុវណ្ណថា បាន​ដាក់​ពាក្យ​ប្តឹង លោក​ក៏​បាន​ដាក់​ពាក្យ​ប្តឹងតប​ដែរ ប៉ុន្តែ​ព្រះ​រាជ​អាជ្ញារមិន​ចាត់​ការ​បណ្តឹង​របស់​លោក ប៉ុន្តែ​បែរ​ជា​ចាត់​ការ​តែ​បណ្ដឹង​របស់​កញ្ញា សុវណ្ណថា។

លោក​និយាយ​ថា៖«ព្រះ​រាជ​អាជ្ញា​ មិន​ដើរ​តាម​បណ្ដឹង​តប​ទេ ទទួល​បណ្ដឹង​ហើយ តែ​ដើរ​តែ​មួយ​ចំហៀង ហើយ​ចោទ​តែ​ខ្ញុំ​ តែ​កញ្ញា​ធី សុវណ្ណថា ធម្មតា​។ អ៊ីចឹង​វា​បំពាន​លើ​នីតិវិធី​ច្បាប់»។

ទាក់ទង​នឹង​ការ​ដាក់​ឲ្យ​ឃុំ​ខ្លួន​​លោក​បណ្ដោះ​អាសន្ន​នោះ លោក​ថ្លែង​ថា​«ឃុំ​មិន​ឃុំ​ស្ថិត​នៅ​លើ​ចៅ​ក្រម​ស៊ើប​ ថា​តើ​គាត់​មាន​សុភវិនិច្ឆ័យ​កម្រិត​ណា​? ថា​តើ​គាត់​ឃុំ​តាម​ព្រះ​រាជ​អាជ្ញា​ ដែល​ចាត់​ការ​ខុស​នីតិវិធី​ឬ​យ៉ាង​ម៉េច?»។

លោក ហ៊ឹង សៅលីញ មេធាវី​របស់​លោក William និយាយ​ថា ការ​កោះ​ហៅ​កូន​ក្តី​លោក ធ្វើ​ឡើង​លឿន​ពេក​ហើយ​លោក​បាន​ដាក់​ពាក្យ​ពន្យារ​រួច​ហើយ។ «ការ​កោះ​ហៅ​កូន​ក្ដីខ្ញុំ ធ្វើ​ឡើង​លឿន​ពេក ដោយ​មេធាវី​ទទួល​បាន​ការ​កោះ​ហៅ​តែ​ ២ ​ដង​គត់ នឹង​បាន​ដាក់​ពាក្យ​ពន្យារ​ត្រឹម​ត្រូវ​មាន​ភ្ជាប់​នឹង​ឯកសារ​បញ្ជាក់​ ព្រោះ​កូន​ក្ដី​រវល់​ពិនិត្យ​ព្យាបាល​សុខ​ភាពនៅ​បរទេស។ នៅ​ពេល​មាន​បណ្ដឹង​តប តុលាការ​ ត្រូវ​តែ​ចាត់​ការ​បណ្ដឹង​ឲ្យ​ស្មើ​ភាព​គ្នា»។

លោក​បន្ត​ថា៖ «យើង​អត់ដឹង​ថា​ ដើម​បណ្ដឹង​មាន​អ្វី​បាន​ជា​ជំរុញ​ឲ្យ​តុលាការ​ដំណើរ​ការ​លឿន​យ៉ាង​នេះ។ តាម​នីតិវិធី មិន​សំខាន់​ថា​ តុលាការ​កោះ​ហៅ​ ប៉ុន្មាន​ដង​ទេឲ្យ​តែ​ភាគី​ដាក់​សុំ​ពន្យារ​ពេល​ត្រឹម​ត្រូវ​តុលាការ​ត្រូវ​ពិចារណា​ឲ្យ​គេ»។

លោក William ដែល​បាន​សិក្សា​លើ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ម្នាក់​បាន​និយាយ​ថា ​ការ​ប្តឹង​របស់​កញ្ញា​ ធី សុវណ្ណ​ថា ជា​ការ​បង្អាក់​សកម្មភាព​នយោបាយ​របស់​លោក ជា​ពិសេស ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ទាម​ទារ​កោះ​ត្រល់​មក​វិញ។

ភ្នំពេញ​​ ប៉ុស្តិ៍​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ធី សុវណ្ណ​ថា​ បាន​ទេ​កាល​ពី​ម្សិលមិញ៕