មណ្ឌលគិរីៈ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ក្រុង​សែនមនោរម្យ ខេត្ដ​រតនគិរី​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​បន្ទាប់ពី​បាន​សម្លាប់​នារី​ជា​សង្សារ​មិន​ស្លាប់ ហើយ​ត្រូវ​នារី​រងគ្រោះ​ងើប​ពី​សន្លប់​លើ​គំនរ​សំរាម​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​នៅពេល​ទៀបភ្លឺ​ម្សិលមិញ​ក្នុង​ភូមិ​ឡៅការ សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

លោក ចេង ម៉ាប់ អធិការរង​នគរបាល​ក្រុង​សែនមនោរម្យ​ប្រាប់​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ឆុំ ដាវិត អាយុ​ ២៦ ​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម ឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ ញ៉រ៉ា ស្រីនាង អាយុ​ ២៣ ​ឆ្នាំ​ជា​ជនជាតិ​ព្នង រស់នៅ​ភូមិ-ឃុំ​ខាង​លើ​។

លោក​រៀបរាប់​ថា​រវាង​ជនសង្ស័យ និង​នារី​រងគ្រោះ​ត្រូវ​ជា​សង្សារ​នឹង​គ្នា​ហើយ​មុនពេល​​កើតហេតុ​នៅ​ថ្ងៃទី​ ៦ ខែ​ឧសភា​ជនសង្ស័យ​បាន​ដឹក​នារី​រងគ្រោះ​តាម​ម៉ូតូ​ទៅ​ភ្នំ​ដោះក្រមុំ​ដែល​ស្ថិត​នៅក្នុង ភូមិ-ឃុំ ខាង​​លើ​។ នៅពេល​និយាយ​គ្នា នារី​រងគ្រោះ​បាន​សុំ​បែក​ផ្លូវ​គ្នា ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ទើប​យក​ខ្សែ​កាបូប​ចេញ​ពី​ហោប៉ៅ​ខោ​រឹតក​នាង​តែ​ម្តង​។

លោក​បាន​បន្ត​ថា ជនសង្ស័យ​​ស្មាន​តែ​នារី​រងគ្រោះ​ស្លាប់​ក៏​ដឹក​តាម​ម៉ូតូ​យក​ទៅ​ប្លុង​ចោល​នៅ​លើ​គំនរ​សំរាម​មួយ​កន្លែង​​រហូត​ដល់​ម៉ោង​ជាង​ ៤ ​ទៀបភ្លឺ​ទើប​នារី​រងគ្រោះ​ដឹង​ខ្លួន ហើយ​​បាន​ងើប​ដើរ​តាម​ផ្លូវ​ក៏​បាន​ជួបប្រទះ​កម្លាំង​សមត្ថកិច្ច​ដែល​​កំពុង​ល្បាត ក៏​ប្ដឹង​តែ​ម្តង​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្សែ​កាបូប​នោះ​បើ​តាម​គេ​និយាយ​ប្រាប់​គឺ​គេ​រើស​បាន ហើយ​ទុក​សម្រាប់​ធ្វើ​ខ្សែ​ចម្ពាម​កៅស៊ូ​។ ​តែ​ដោយសារ​ខឹង​នឹង​នារីរងគ្រោះ​សុំ​បែក​ផ្លូវ​គ្នា ទើប​យក​ខ្សែ​នោះ​រឹត​ក​ទៅ​។ ជនសង្ស័យ​ស្មាន​តែ​នាង​ស្លាប់​ក៏​ដឹក​ទៅ​ចោល​នៅ​គំនរ​សំរាម​»​។

ទោះបី​យ៉ាង​ណា​លោក ហ៊ូ ប៉ារ៉ា ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ប្រាប់​ថា​ជនសង្ស័យ​ត្រូវ​បាន​ចាប់​បញ្ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​ហើយ ហើយ​ព្រឹក​ថ្ងៃទី​ ៨ ខែ​ឧសភា​នេះ​នឹង​បញ្ជូន​បន្ត​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕