ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ចុង​សប្ដាហ៍​មុន​បាន​ផ្ដន្ទាទោស​ជនជាប់ចោទ​ម្នាក់​ឈ្មោះ ថន វិចិត្រ ដាក់​ពន្ធនាគារ​ ៥ ​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​អំពើ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ការពារ​កុមារ APLE ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។

ការផ្ដន្ទាទោស​នេះ​ផ្អែក​តាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ក៏ប៉ុន្តែ​តុលាការ​បាន​ព្យួរទោស​ជនជាប់ចោទ​រូប​នេះ​រយៈពេល​ ២ ​ឆ្នាំ និង​បង្គាប់​ឲ្យ​បង់ប្រាក់​ជំងឺចិត្ត​ប្រមាណ ៣ ០០០ ​ដុល្លារ​ទៅ​ជនរងគ្រោះ​។

អង្គការ APLE បាន​ឲ្យ​ដឹងថា​ជនជាប់ចោទ ថន វិចិត្រ ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៥ មេសា ៣ ​ថ្ងៃ​បន្ទាប់ពី​ជននេះ​ត្រូវបាន​ជីដូន​របស់​កុមារី​រងគ្រោះ​អាយុ​ ១១ ​ឆ្នាំ​ប្ដឹង​ទៅ​សមត្ថកិច្ច​។

ជីដូន​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនជាប់ចោទ​បាន​បង្ខំ​ចៅស្រី​របស់គាត់​ទៅ​រួមភេទ​នៅ​បន្ទប់​ជួល​របស់គេ​។

យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាលជាតិ​បញ្ជាក់ថា បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​ជីដូន​របស់​កុមារី​រងគ្រោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន ថន វិចិត្រ អាយុ​ ២៦ ​ឆ្នាំ​ មុខរបរ​អ្នកលក់​ទាអាំង​រស់នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​។ នៅមុខ​សមត្ថកិច្ច ថន វិចិត្រ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​កុមារី​រងគ្រោះ​នោះ​មែន​។

អង្គការ APLE បាន​បញ្ជាក់ថា បន្ទាប់មក​អង្គការ​បាន​ទទួល​​សំណុំរឿង​ពី​គណៈកម្មការ​ស្ត្រី​ប្រចាំ​ខណ្ឌ​ដូនពេញ ហើយ APLE បាន​ផ្ដល់​សេវា​ផ្លូវច្បាប់ និង​​ការព្យាបាល​ផ្នែក​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​។

យោងតាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្ដីពី​ការបង្ក្រាប​ការជួញដូរ​​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ជន​ដែល​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ​ ត្រូវ​ផ្តន្ទាទោស​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​។

អង្គការ APLE បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ពេញចិត្ត​នឹង​សំណង​ជំងឺ​ចិត្ត ៣ ០០០ ​ដុល្លារ ព្រោះ​វា​អាច​ជួយ​ដល់​ដំណើរការ​ស្ដារសម្បទា​ឡើងវិញ​។ ប៉ុន្តែ​ខណៈ​ដែល​ស្វាគមន៍​ដល់​ការផ្ដន្ទាទោស​នេះ​លោក ខឹម វាន់ដូ នាយក​កម្មវិធី​នៃ​អង្គការ APLE ហាក់​មិនទាន់​ពេញចិត្ត​នៅពេល​ជនជាប់ចោទ​ត្រូវ​បាន​ព្យួរទោស​ ២ ​ឆ្នាំ​។

លោក​បាន​ថ្លែងថា​៖ «​វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ក្នុង​ការសម្រេច​។ ប៉ុន្តែ​ជាទូទៅ​មិន​គួរ​មានការ​ព្យួរទោស​ទេ ពីព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​លើ​កុមារ​រងគ្រោះ​រួចហើយ​។ ទី​២ ជនរងគ្រោះ​ទទួល​នូវ​ផលប៉ះពាល់​រយៈពេល​យូរ​។ ទី​៣ វា​ធ្វើឲ្យ​អ្នកប្រព្រឹត្ត​មិន​រាងចាល​ពី​ការកាត់ទោស ហើយ​គេ​អាច​ប្រព្រឹត្ត​បទល្មើស​ម្ដងទៀត​។ ដូច្នេះ​គ្រោះថ្នាក់​អាច​ធ្លាក់​ទៅលើ​ក្មេង​ដទៃទៀត​»​។

លោក​បន្តថា​៖ «​ក្នុង​ករណី​នេះ​គាត់​ទទួលបាន​ការព្យួរទោស​។ ដូច្នេះ​ពេល​គាត់​ចេញមក​វិញ​លឿន វា​អាច​មាន​ហានិភ័យ​សម្រាប់​ជនរងគ្រោះ​។ កាលពី​មុន​ធ្លាប់​មាន​ករណី​ដែល​ជនរងគ្រោះ​ទទួលរង​សម្ពាធ​ពី​ជនជាប់ចោទ​ដោយ​ការដាក់​សម្ពាធ​ឲ្យ​មាន​ការសម្របសម្រួល ឬ​បញ្ឈប់​នីតិវិធី​តុលាការ​»៕