ភ្នំពេញៈ បុរស​ម្នាក់​ដែល​បាន​រំលោភ​សេពសន្ថវៈ​កូនស្រី​ចុង​របស់ខ្លួន​បាន​សម្រេច​ជិត​ ១០ ​ដង​នៅ​ខណ្ឌ​កំបូល ហើយ​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២២ ឧសភា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន​នៅ​ថ្ងៃទី​ ២៦ ឧសភា បន្ទាប់ពី​តំណាង​អយ្យការ​ចោទ​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​​ ១៥ ​ឆ្នាំ​។

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៦ ឧសភា​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ចក់ ជើត អាយុ ៤៥ ​ឆ្នាំ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​តាម​ការចោទប្រកាន់​ពី​តំណាង​អយ្យការ និង​បញ្ជូន​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​ ២៦ ឧសភា​។

លោក​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​ត្រូវ​ចោទ​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​តាម​ប្បញ្ញត្តិ​មាត្រា​ ៤២ ​ច្បាប់ ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​»​។ ពាក់ព័ន្ធ​បទចោទ​នេះ ប្រសិនបើ​តុលាការ​រកឃើញថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៥ ទៅ​ ១០ ​ឆ្នាំ​។

លោក​ ឈឹម សាវុធ អធិការរង​នគរបាល​ខណ្ឌ​កំបូល​ឱ្យ​ដឹង នា​ថ្ងៃទី ២៥ ឧសភា ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ចក់ ជើត មានមុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ជននេះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២២ ឧសភា ក្រោយពី​ឪពុក​បង្កើត​របស់​ក្មេងរងគ្រោះ​ប្តឹង​។ ក្មេងស្រី​រងគ្រោះ​មាន​អាយុ​ ១២ ​ឆ្នាំ​។

លោក​ថា ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​រំលោភ​កូនស្រី​ចុង​របស់គាត់ ប៉ុន្តែ​បាន​តែ​ពី​ ៥ ទៅ ៦ ​ដង​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើតាម​លោក​ ឈឹម សាវុធ ដែល​បាន​សាកសួរ​ក្មេងស្រី​រងគ្រោះ​ថា ជនសង្ស័យ​បាន​ចាប់រំលោភ នាង​ជិត​ ១០ ​ដង​។

លោក​ប្រាប់​តាម​សម្តី​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ថា អំឡុង​ដើមខែ​មេសា ឆ្នាំ​ ២០២១ ពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចេញទៅ​រកស៊ី គាត់​ទុក​កូនស្រី​ឱ្យនៅ​ជាមួយ​ជនសង្ស័យ​ជា​ឪពុកចុង​។ ជនសង្ស័យ​បាន​លួងលោម​ចាប់​ឱបថើប ហើយ​ដេក​ពោប​ពី​លើ​កូន​របស់គាត់​ដោយ​និយាយ​គំរាម​សម្លាប់​ផង​បើ​ហ៊ាន​ស្រែក​ឱ្យគេ​ដឹង​។

បើតាម​លោក​អធិការរង រឿង​នេះ​ត្រូវ​បែកការ ក្រោយពី​ក្មេងស្រី​រងគ្រោះ​ទៅ​លេង​ផ្ទះ​ម្តាយមីង​នៅ​ខេត្ត​តាកែវ ដោយសារ​ក្មេងរងគ្រោះ​ប្រាប់​ម្តាយមីង​នាង​ថា ឪពុកចុង​បាន​ចាប់​នាង​រំលោភ​។ ក្រោយពី​ក្មេង​រងគ្រោះ​ប្រាប់ ស្ត្រី​ជា​ម្តាយមីង​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​បង្កើត​ក្មេងស្រី​រងគ្រោះ និង​ដឹក​នាង​មក​ដាក់ពាក្យ​ប្តឹង​ឪពុកចុង​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​កន្ទោក ខណ្ឌ​កំបូល​៕