ភ្នំពេញៈ បុរស​ជាប់ចោទ​ម្នាក់ បាន​ស្នើសុំ​ចៅក្រម​សាលា​ឧទ្ធរណ៍​ឲ្យ​បន្ថយ​ទោស​កាល​ពី​ម្សិលមិញ​ពាក់​ព័ន្ធ​ករណី​លួច​ម៉ូតូ ១ គ្រឿង​នៅ​ភូមិ-ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្ត​តាកែវ​ កាល​ពី​ឆ្នាំ ២០១១ ខណៈ​ជន​រូប​នេះ​មាន​សំណុំ​រឿង​ទាំង​អស់​ចំនួន ៥ ដែល​មាន​ទោស​សរុប ១១ ឆ្នាំ រីឯ​គូកន​ម្នាក់​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វ៉ៃ​ស្លាប់។

ខណៈ​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន ៨ ឆ្នាំ ក្នុង​ទោស​សរុប ១១ ឆ្នាំ​ពាក់ព័ន្ធ ៥ សំណុំ​រឿង​ដែល​សុទ្ធ​តែ​ជា​បទ​ល្មើស​លួច និង​ប្លន់​នោះ ជន​ជាប់​ចោទ​ឈ្មោះ ហង្ស ចាន់​ដារ៉ុង អាយុ ៤១ ឆ្នាំ​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​នៅ​ក្នុង​អង្គ​សវនាការ​ពី​ម្សិលមិញ​ថា គាត់​ត្រូវបាន​តុលាការ​ខេត្ត​តាកែវ​ចោទ​ប្រកាន់​ចំនួន ៥ សំណុំ​រឿង​ដោយ​ក្នុង ១ សំណុំ​រឿង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៣ ទៅ ៤ ឆ្នាំ។ ប៉ុន្តែ​ក្នុង ៥ សំណុំ​រឿង​នោះ គឺ​គាត់​ថា បាន​ប្រព្រឹត្ត​តែ ១ ករណី​ទេ គឺ​ពីបទ​លួច​ម៉ូតូ។ រីឯ ៤ សំណុំ​រឿង​ទៀត​គាត់​ពុំបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​តុលាការ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គាត់​បាន​និង​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​សម្រាប់​ទោស​ចោទ​ប្រកាន់​នោះ​អស់​ជាង ៨ ឆ្នាំ​ទៅ​ហើយ។

បុរស​ជាប់ចោទ​បាន​ប្រាប់​ចៅក្រម​ថា កាលពី​ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០១១ គាត់ និង​មិត្តភក្តិ​ម្នាក់​ឈ្មោះ​ខ្នាក់ បាន​ជិះ​ម៉ូតូឌុប​គ្នា។ លុះ​ជិះ​ដល់​ចំណុច ១ ក្នុង​ភូមិ-ឃុំ​តាំង​ដូង ស្រុក​បាទី​ខេត្ត​តាកែវ​ ក៏បាន​ឃើញ​ម៉ូតូ ១ គ្រឿង​ដែល​ម្ចាស់​បញ្ឈរ​ទុក​ក្បែរ​ផ្ទះ។ ពេល​នោះ​ខ្លួន (ហង្ស​ចាន់​ដារ៉ុង) ធ្វើជា​ឈប់​ម៉ូតូ​ជុះ​នោម ហើយ​ឈ្មោះ​ខ្នាក់ បាន​ទៅ​លួច​ម៉ូតូ​ដែល​គេ​បញ្ឈរ​ទុក​នោះ​បម្រុង​បញ្ឆេះ​ជិះ​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ ហើយ​ក៏​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​ពលរដ្ឋ​នាំគ្នា​ដេញ​ឈ្មោះ​ខ្នាក់​និង​បាន​វ៉ៃ​សម្លាប់។ រីឯ​គាត់​ដោយសារ​ភ័យ​ខ្លាច​គេ​វ៉ៃ​សម្លាប់ ក៏​ជិះ​ម៉ូតូ​ចូល​ប៉ុស្តិ៍ន​គរបាល​ទៅ។

ជនជាប់ចោទ​ថា៖ «រឿងនេះ​ត្រូវតុលាការ​ខេត្តតាកែវ​បើក​សវនាការ​និង​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​ទី ២៧ ខែ​ មិថុនា ឆ្នាំ ២០១១ ផ្តន្ទាទោស​ខ្ញុំ ២ ឆ្នាំ ចោទ​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ហើយ​ទោស​នេះ​ខ្ញុំ​ព្រម​ទទួល​យក។ ប៉ុន្តែ​ខ្ញុំ​សុំ​ដល់​តុលាការ​សាលា​ឧទ្ធរណ៍​ឲ្យ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​ព្រោះ​ម្តាយ​ខ្ញុំ​ចាស់​ជរា​ហើយ។ ម្យ៉ាង​ខ្ញុំ​ក៏​ជាប់​ឃុំ​បាន​ជាង ៨ ឆ្នាំ»។

នៅក្នុង​សវនាការ​នេះដែរ លោក ជុំ សែន​សទ្ធា តំណាង​មហា​អយ្យការ​បាន​សន្និដ្ឋាន​ថា សំណុំ​រឿង​នេះ​ជន​ជាប់​ចោទ​បាន​សារភាព​ទទួល​យក​តែ ១ បទ​ល្មើស​ទេ ឯ​ចំពោះ​បទ​ល្មើស ៤ ទៀត​គាត់​មិន​ទទួល​យក​ទេ។

ហេតុដូច្នេះ​លោក​ស្នើសុំ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិនិត្យ​រាល់​ឯកសារ​របស់​គាត់​ដែល​ពាក់ព័ន្ធ​បទ​ចោទ​ទាំង ៥ ខាង​លើ​ឡើង​វិញ។

ដោយឡែក​លោក គិ​ន វិបុល ដែលជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់​ចោទ​បាន​សន្និដ្ឋាន​ថា សំណុំ​រឿង​របស់​កូន​ក្តី​លោក គឺ​លោក​បាន​ការពារ​តាំង​ពី​នៅ​សាលា​ដំបូង​ខេត្ត​តាកែវ​មក​ម្ល៉េះ។ដូច្នេះ​មាន​បទ​ចោទ​ខ្លះ គឺ​សមត្ថកិច្ច​នគរបាល​ចោទ​គាត់ ខណៈ​គាត់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ក៏មាន។

លោក​បញ្ជាក់​ក្នុង​អង្គ​សវនាការ​ដែរ​ថា៖ «រឿង​ខ្លះ​ដែល​តុលាការ​ចោទ​ប្រកាន់​កូនក្តី​របស់​ខ្ញុំ​គឺ​គ្មាន​ភ័ស្តុតាង និង​សាក្សី​បញ្ជាក់​នោះ​ទេ​ហើយ​ក្នុង​សំណុំ​រឿង​លួច​មាន​ស្ថាន​ទម្ងន់​ទោស​នេះ​សូម​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ជួយ​សម្រាល​ទោស​តាម​ការ​ស្នើ​សុំ​របស់​កូន​ក្តី​ខ្ញុំ​ផង»។

ក្រោយ​ជំនុំជម្រះ លោក ចៅក្រម សំ​រិ​ទ្ធិ សុផល ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​បាន​ថ្លែង​ថា សាល​ដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ៩ ខែ​មេសា ខាងមុខ៕