ស្វាយរៀងៈ នគរបាលក្រុងបាវិត បានបញ្ជូនបុរសវៀតណាមម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងហើយកាលពីម្សិលមិញ ពាក់ព័ន្ធនឹងករណីចាក់ស្ត្រីវៀតណាមម្នាក់ស្លាប់ ដោយសារតែខឹងស្ត្រីវៀតណាមរូបនោះសុំលុយនៅក្នុងវង់ល្បែងកាលពីថ្ងៃទី ៣០ ខែកញ្ញានៅកាស៊ីណូក្រោនស្ថិតក្នុងសង្កាត់-ក្រុងបាវិត។
លោក កៅ ហន អធិការរងក្រុងបាវិតបានឲ្យដឹងពីម្សិលមិញថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ ចឹង ង្វៀងហុន ភេទប្រុស អាយុ ២៩ ឆ្នាំ រីឯស្ត្រីរងគ្រោះឈ្មោះ ជិន ធីធូហ្វឿង អាយុ ៤៤ ឆ្នាំ ពួកគេរស់នៅប្រទេស វៀតណាម។
បើតាមលោក កៅ ហន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា គាត់ពិតជាបានបង្កបទល្មើសចាក់សម្លាប់ស្ត្រីជនជាតិវៀតណាមរូបនោះពិតប្រាកដមែនហើយបន្ទាប់ពីបញ្ចប់នីតិវិធីស៊ើបសួរ សមត្ថកិច្ចបានចាប់ជនសង្ស័យបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីព្រឹកម្សិលមិញ។
លោក ហន ថ្លែងថា៖ «ខាងអធិការដ្ឋាននគរបាលខ្ញុំបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋានខេត្តស្វាយរៀងហើយ ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងបទល្មើស ហើយក្រៅពីបង្កបទល្មើស គាត់ក៏ជាជនបរទេសទៀតផង»។
លោក កឹង ឃន ស្នងការខេត្តស្វាយរៀង និងលោក ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញ ដោយសារទូរស័ព្ទរបស់លោកទាំង ២ ពុំមានអ្នកទទួល។
ប៉ុន្តែលោក ម៉ៅ ភិនភិរម្យ នាយប៉ុស្តិ៍សង្កាត់បាវិតបានប្រាប់ពីម្សិលមិញតាមចម្លើយរបស់ជនសង្ស័យថា ជនសង្ស័យ ចឹង ង្វៀងហុន និងស្ត្រីរងគ្រោះឈ្មោះ ជិន ធីធូហ្វឿង រស់នៅក្នុងប្រទេសវៀតណាម ហើយបានឆ្លងដែនមកលេងល្បែងនៅកាស៊ីណូដែលមានយីហោឈ្មោះ ក្រោន ស្ថិតនៅក្នុងសង្កាត់-ក្រុងបាវិត។
លោកបន្តថា នៅមុនពេលកើតហេតុគឺពួកគេទាំង ២ នាក់បានចូលលេងល្បែងនៅក្នុងកាស៊ីណូក្រោននោះ ហើយខណៈជនសង្ស័យកំពុងលេង ស្រាប់តែស្ត្រីរងគ្រោះទៅសុំលុយពីជនសង្ស័យ តែជនសង្ស័យមិនព្រមឲ្យលុយទៅស្ត្រីរងគ្រោះទេ។ ដោយស្ត្រីរងគ្រោះចេះតែសុំលុយញយដងពេកនោះធ្វើឲ្យជនសង្ស័យខឹងនឹងស្ត្រីរងគ្រោះ ហើយពួកគេបានដើរចេញពីខាងក្នុងកាស៊ីណូមកក្រៅ។
លោកបន្តថា លុះពួកគេបណ្តើរគ្នាដើរដល់ច្រកទ្វារចេញពីកាស៊ីណូនោះ ជនសង្ស័យបានលូកយកកាំបិតកៃពីក្នុងហោប៉ៅអាវដែលគេបានទិញទុកមកចាក់លើស្ត្រីរងគ្រោះត្រូវចំចង្កា ១ កាំបិត និងត្រូវផ្នែកដោះខាងឆ្វេង ១ កាំបិត ដួលស្លាប់នៅកន្លែងកើតហេតុតែម្តង។
លោកបន្តថា ភ្លាមៗនោះត្រូវបានកងសន្តិសុខរបស់កាស៊ីណូ ក្រោន ឃាត់ខ្លួនជនសង្ស័យហើយរាយការណ៍ប្រាប់ទៅនគរបាលប៉ុស្តិ៍សង្កាត់បាវិត ហើយកម្លាំងនគរបាលបានចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង៕