
ស្លាកបម្រាមបង្ហោះ្រដូន នៅម្ដុំវិមានឯករាជ្យជិតភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី។ ហុង មិនា
ភ្នំពេញៈ នគរបាលខណ្ឌដូនពេញរាជធានីភ្នំពេញបានឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ បន្ទាប់ពីបានបង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប មានបញ្ជាតេឡេកុម្ម៉ង់ កាលពីថ្ងៃអាទិត្យលើភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាតំបន់ហាមឃាត់ និងបានបញ្ជូនឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីស៊ើបអង្កេតបន្ត។
តាមសេចក្តីរាយការណ៍នៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ LE NGOC TU អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាមជាអ្នកទេសចរកាន់លិខិតឆ្លងដែនលេខ N ស្នាក់-នៅសណ្ឋាគារ LE BOO HOTEL ស្ថិតនៅផ្លូវ ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ជួប សុគន្ធ នាយប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខក្នុងខណ្ឌដូនពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅវេលាម៉ោងជាង ១ រសៀលហើយត្រូវបានបញ្ជូនភ្លាមៗទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីស៊ើបអង្កេតបន្ត។ លោកបន្តថា យើងនៅមិនទាន់ដឹងថា រូបគេ មានជាប់ពាក់ព័ន្ធនឹងបទល្មើស និងមានចេតនាអ្វីក្នុងការបង្ហោះដ្រូននោះទេ ដោយរង់ចាំការស៊ើបអង្កេតរបស់ជំនាញ។
លោកបញ្ជាក់ថា៖ «គាត់ឈរបញ្ជានៅកែងវត្តលង្ការ ហើយដ្រូនហ្នឹងវាមកសំកាំងនៅលើផ្ទះសម្តេច ដែលយើងបានដាក់ស្លាកហាមឃាត់រួចហើយ។ នៅពេលសួរគាត់ៗឆ្លើយថាអត់ដឹង ព្រោះទើបនឹងមកកម្ពុជា មិនបានមើលស្លាកសញ្ញា។
បើតាមលោក សុគន្ធ នៅពេលឃាត់ខ្លួនជនសង្ស័យរូបនោះ ពុំមានភាគីពាក់ព័ន្ធណាផ្សេងនោះទេ។
ភ្នំពេញប៉ុស្តិ៍មិនអាចសុំការអត្ថាធិប្បាយពីលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទេ កាលពីម្សិលមិញ ព្រោះទូរស័ព្ទចូលគ្មានអ្នកទទួល។
ប៉ុន្តែលោក សោម ស៊ីនីន អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បុរសវៀតណាមរូបនេះ ត្រូវបានបញ្ជូនមកដល់នាយកដ្ឋានហើយ និងស្ថិតក្នុងការស៊ើបអង្កេត តែលោកមិនអាចបញ្ជាក់អ្វីបន្ថែមបានទេ ព្រោះមានតែប្រធានអង្គភាពប៉ុណ្ណោះទើបអាចបង្ហាញបាន។
លោកបានបញ្ជាក់ថា៖ «ជាទូទៅនៅតំបន់ហាមឃាត់ យើងបានដាក់ស្លាកហើយ ហាមបង្ហោះដ្រូនដល់ពេលមានបង្ហោះ អ៊ីចឹងខាងមូលដ្ឋានគាត់ឃាត់ដើម្បីយកមកជំនាញ។ ជំនាញនឹងពិនិត្យមើលកោសល្យវិច័យ តើគាត់មានបានប្រព្រឹត្តអ្វីខ្លះ?»។
តាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យរូបនេះ បានរកឃើញវត្តុតាងមួយចំនួន ដូចជាដ្រូន ម៉ាក dJI ពណ៌ប្រផេះបិទស្កុត ចំនួន ១ គ្រឿង (មិនមានមេម៉ូរី) ទូរស័ព្ទដៃ Mi ពណ៌ខ្មៅ ១ គ្រឿង កាមេរ៉ាមានដង GoPro 7 ពណ៌ខ្មៅ ១ គ្រឿងមានដង ថ្មចំនួន ៣ ដុំ ជើងទម្រកាមេរ៉ា ១ តេឡេសម្រាប់បញ្ជាម៉ាក dji ពណ៌ប្រផេះ ១ គ្រឿង លេន ៦ គ្រាប់ មេក្រូចំនួន ១ ពណ៌ប្រផេះ Camara Sony ចំនួន ១ គ្រឿងពណ៌ខ្មៅ ដុំសាកថ្មចំនួន ១ ពណ៌ខ្មៅ ម៉ាក AUKEY កាបូបសម្រាប់ដាក់ឧបករណ៍ដ្រូនពណ៌ខ្មៅ ១ លិខិតសម្គាល់ទោចក្រយានយន្ត ១ សន្លឹក និងលិខិតឆ្លងដែនចំនួន ១ ដែលមានលេខ N៕