ឧត្តរមានជ័យៈ អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​បាន​សម្រេច​ចោទ និង​ឃុំខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ឲ្យ​តុលាការ​កាលពី​ថ្ងៃទី​ ៥ ខែ​វិច្ឆិកា ពាក់ព័ន្ធ​លួងលោម​ក្មេងស្រី​ម្នាក់​រំលោភ​សេពសន្ថវៈ ។

លោក​ កូយ កាន់យ៉ា ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​ប្រាប់-​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ពុធ​ថា ជនសង្ស័យ​រូបនោះ​មាន​ឈ្មោះ នូ ឈុន អាយុ ៨០ ​ឆ្នាំ​។ ​បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​មក​តុលាការ លោក​ក៏បាន​ចោទប្រកាន់​ពីបទ​រួមភេទ​ជាមួយ​អនីតិជន ហើយ​ចៅក្រម​ស៊ើបសួរ​ក៏​សម្រេច​ឃុំខ្លួន​គាត់​នៅ​ថ្ងៃ​នេះ (​ថ្ងៃទី​ ៦ វិច្ឆិកា​)​។

លោក​បាន​ប្រាប់ថា​៖ « បទ​ចោទ​តាម​បញ្ញត្តិ​មាត្រា​​ ៤២ ​នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ខ្ញុំ​ចោទ​ក្នុង​បទ​នេះ​ដោយសារ​​គាត់​លួងលោម​ឲ្យ​លុយ​ក្មេង »។

បើ​យោង​មាត្រា​ ៤២ នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​មែន​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​ការផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ ទៅ​ ១០ ​ឆ្នាំ ។

ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​នេះ​លោក ឃុល ធិន អធិការនគរបាល ស្រុក​បន្ទាយ​អំពិល​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា ជនជាប់ចោទ​ឈ្មោះ នូ ឈុន អាយុ​ ៨០ ​ឆ្នាំ​រូបនេះ​ ត្រូវ​បាន​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ឪពុកមា​ក្មេងរងគ្រោះ​ឈ្មោះ​ ន.ស.រ អាយុ​ ១៤ ​ឆ្នាំ ​ដែល​បាន​ប្តឹង​មក​សមត្ថកិច្ច​ក្រោយពេល​ដឹងថា មាន​គេ​រំលោភ​ក្មួយស្រី​របស់​គាត់​។

លោក​បាន​រៀបរាប់​ថា​ក្មេងរងគ្រោះ​ជា​កូនកំព្រា​ដោយ​ឪពុកម្តាយ​បាន​ស្លាប់ចោល​អស់​ហើយ ហើយ​បាន​រស់នៅ​ជាមួយ​ឪពុកមា​ដែល​មាន​ផ្ទះ​នៅ​ជិតគ្នា​នឹង​ឈ្មោះ​ នូ ឈុន នៅក្នុង​ភូមិ-ឃុំ ខាងលើ។ ដោយ​ឃើញ​ក្មេងស្រី​រងគ្រោះ​ក្រីក្រ​ខ្លាំង​មាន​ជីវភាព​ខ្វះខាត ជនសង្ស័យ​រូបនេះ​បាន​ទាក់ទង​នាង​ដោយ​និយាយ​លួងលោម​ឲ្យ​លុយ​ក្មេង និង​ទិញ​ទូរស័ព្ទ​ឲ្យ​ក្មេងរងគ្រោះ​នោះ។

លោក​ប្រាប់​បន្តថា បន្ទាប់ពី​ទាក់ទង​ជាមួយ​ក្មេងរងគ្រោះ​បាន​ហើយ ជនសង្ស័យ​ក៏​បាន​រំលោភ​ក្មេងរងគ្រោះ​ចាប់​តាំងពី​ក្នុង​អំឡុង​ខែកញ្ញា​ឆ្នាំ​ ២០១៩ ​មក​ទល់​នឹង​ថ្ងៃ​ចាប់ខ្លួន​គឺ​ជនសង្ស័យ​បាន​រំលោភ​នាង​បានសម្រេច​ចំនួន​ ១០ ​ដង​ហើយ ។

លោក ដៀប សារឿន នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល​បាន​ប្រាប់​តាម​ការរៀបរាប់​ពី​ឪពុកមា​ក្មេងរងគ្រោះ​ថា ដំបូង​ឡើយ​ឪពុកមា​របស់​ក្មេងរងគ្រោះ​មិនបាន​ចាប់អារម្មណ៍​នឹង​រឿង​នេះ​ទេ ប៉ុន្តែ​ដោយ​ឃើញ​សភាព​ក្មេងរងគ្រោះ​ខុសប្លែក​ពី​ធម្មតា គាត់​ក៏​ជជីក​សួរ ទើប​​ក្មេងរងគ្រោះ​ប្រាប់​ថា ខ្លួន​ត្រូវ​ តា នូ ឈុន លួងលោម​ឲ្យ​លុយ និង​ទូរស័ព្ទ​ទើប​នាង​ក៏​ស្លុង​ចិត្ត​តាម​ជនសង្ស័យ​ទៅ​។ ក្រោយពី​ឮ​ក្មួយ​របស់​ខ្លួន​ប្រាប់​ពី​រឿងរ៉ាវ​នេះ​ភ្លាម បុរស​ជា​ឪពុកមា​ក៏បាន​មក​ប្តឹង​សមត្ថកិច្ច​របស់​លោក​នៅ​ថ្ងៃទី​ ៥ វិច្ឆិកា ហើយ​សមត្ថកិច្ច​ក៏​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង​ទៅ​។

លោក​បាន​បញ្ជាក់ថា៖ « មុន​ខ្ញុំ​ចាប់​ជនសង្ស័យ​ខ្ញុំ​សួរ​គាត់ ហើយ​គាត់​ថា​គាត់​រំលោភ​ក្មេង​បាន​ ១០ ​ដង​មែន​។

ចំពោះ​ក្មេងស្រី​រងគ្រោះ​ក៏​ប្រាប់​ដូចគ្នា​នឹង​ចម្លើយ​ជនសង្ស័យ​ដែល​បង្ហាញថា វា​ស៊ីចង្វាក់​គ្នា​ក្នុង​បទល្មើស​នេះ » ៕