ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួនបាន ១ ថ្ងៃ ពាក់ព័ន្ធនឹងការចាប់រំលោភក្មេងស្រីអាយុ១៣ឆ្នាំ រហូតដល់មានផ្ទៃពោះ ប្រព្រឹត្តកាលពីខែតុលា ឆ្នាំ ២០២០ នៅសង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ។
លោក ជា សុវណ្ណ អធិការរងទទួលការងារផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិសែនជ័យ ឱ្យដឹងនៅថ្ងៃទី ២៦ ឧសភាថា ជនសង្ស័យឈ្មោះមៀច សីមេសា អាយុ ៣៤ ឆ្នាំ មានមុខរបរជាអ្នកលក់ដូរ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិសាស្រ្ត សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ម.ថា អាយុ ១៣ ឆ្នាំ រស់នៅជាមួយម្តាយ និងស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ។
លោកប្រាប់ថា៖ «ខ្ញុំបានរៀបចំសំណុំរឿងនេះតាមនីតិវិធីរួចរាល់អស់ហើយ។ ហើយក៏រៀបចំបញ្ជូនជនសង្ស័យទៅតុលាការនៅថ្ងៃនេះដែរ (ថ្ងៃទី២៦ ឧសភា)។ ជនសង្ស័យម្នាក់នេះ ត្រូវបានក្រុមគ្រួសារក្មេងស្រីចោទពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ»។
ករណីនេះ លោកសាយ ចំរើន នាយនគរបាលប៉ុស្តិ៍សង្កាត់ចោមចៅ ១ ស្តីទី បានប្រាប់នៅរសៀលថ្ងៃទី២៦ ឧសភាថា ចំពោះព័ត៌មានដែលនាំឱ្យសមត្ថកិច្ចរបស់លោកឈានទៅឃាត់ខ្លួនជនសង្ស័យនោះ គឺដោយសារម្តាយក្មេងស្រីរងគ្រោះនាំកូន (ក្មេងរងគ្រោះ) មកប្តឹងនៅប៉ុស្តិ៍នគរបាល។
បើតាមលោកចំរើនរៀបរាប់តាមសម្តីម្តាយក្មេងរងគ្រោះ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ គាត់បានមកជួលបន្ទប់ស្នាក់នៅក្នុងសង្កាត់ចោមចៅ ១ ជាមួយកូនស្រីដើម្បីរកស៊ីលក់ដូរចិញ្ចឹមជីវិត។ ជារៀងរាល់ថ្ងៃគាត់តែងចេញទៅលក់ដូរដោយទុកកូនស្រីគាត់នៅបន្ទប់ជួលម្នាក់ឯង។ គាត់មិនដែលចាប់អារម្មរណ៍ថា កូនស្រីរបស់គាត់មានបញ្ហាអ្វីឡើយ ព្រោះកូនស្រីរបស់គាត់មិនដែលនិយាយប្រាប់គាត់។
ប៉ុន្តែតាមកូនស្រីរបស់គាត់ដែលទើបនិយាយប្រាប់ នៅអំឡុងខែតុលានោះ ក៏មានបុរសម្នាក់ (ជនសង្ស័យ) ហៅក្មេងរងគ្រោះឱ្យចូលទៅអង្គុយលេងក្នុងបន្ទប់គេព្រោះថា រវាងបន្ទប់ក្មេងរងគ្រោះ និងបន្ទប់របស់ជនសង្ស័យនៅក្បែរគ្នា។
ពេលដែលក្មេងរងគ្រោះអង្គុយលេង ក៏ត្រូវបានជនសង្ស័យបិទទ្វារ រួចខ្ទាស់គន្លឹះទ្វារជាប់ ក្នុងបំណងមិនឲ្យក្មេងរងគ្រោះចេញពីបន្ទប់បាន។ ជនសង្ស័យបានធ្វើសកម្មភាពចាប់ឱបស្ទាបខ្លួនក្មេង ចាប់រំលោភរហូតបានសម្រេច ហើយសម្លុតគំរាមប្រសិនបើយករឿងនេះទៅនិយាយប្រាប់នរណា គឺជនសង្ស័យនឹងសម្លាប់ចោល។
លោកបន្តទៀតថា ជនសង្ស័យតែងតែធ្វើសកម្មភាពចាប់ក្មេងរងគ្រោះរំលោភជារឿយៗ នៅពេលដែលម្តាយនាងចេញទៅលក់ដូរ។ ក្រោយមកម្តាយក្មេងរងគ្រោះបានយកនាងទៅនៅជាមួយយាយ ឯស្រុកកំណើត ដែលនៅពេលនោះ ជីដូនរបស់ក្មេងស្រីរងគ្រោះ សម្គាល់ឃើញចៅស្រីរបស់គាត់ មានអាការៈខុសប្លែកពីក្មេងដទៃ ព្រោះមានធំពោះ។
ពេលនោះស្រ្តីជាជីដូនបានហៅក្មេងស្រីរងគ្រោះសួរនាំ ហើយនាងបានរៀបរាប់ប្រាប់តាមដំណើររឿង ទើបដឹងថា ក្មេងស្រីរងគ្រោះត្រូវបានជនសង្ស័យចាប់រំលោភរហូតមានផ្ទៃពោះ។
បើតាមមន្ត្រីនគរបាលរូបនេះ នៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ទើបយាយរបស់ក្មេងស្រីរងគ្រោះទូរស័ព្ទប្រាប់ម្តាយក្មេងរងគ្រោះអំពីករណីនេះ។ ម្តាយក្មេងស្រីក៏បានទៅយកនាងពីស្រុកកំណើតមកប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ១ ហើយសមត្ថកិច្ចរបស់លោកបានហៅជនសង្ស័យសាកសួរនៅថ្ងៃទី ២៥ ឧសភា។
ដោយយោងលើការអះអាងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយរបស់ជនសង្ស័យស៊ីចង្វាក់គ្នា ទើបលោកសម្រេចឃាត់ខ្លួនតែម្តង៕