កំពង់ស្ពឺ៖ បុរស​សង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន ​នៅ​ថ្ងៃទី ១៩ ​ឧសភា ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​ ដែល​ត្រូវជា​ប្អូន​ថ្លៃ​អាយុ​ ១៣ ឆ្នាំ ​ប្រព្រឹត្ត​នៅ​ឃុំ​ខ្ទុំក្រាំង ​ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ ​កាលពី​ថ្ងៃទី ១៧ ​ឧសភា។

លោក​ ពិន សាវឿន ​នាយ​នគរបាល​ប៉ុស្តិ៍​ ឃុំខ្ទុំ​ក្រាំង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ១៩​ ឧសភា​ថា​ ជនសង្ស័យ​ឈ្មោះ​ សេង សុខ​ណាង ​អាយុ​ ២៥ ឆ្នាំ ​រីឯ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ ភ.ម. អាយុ ​១៣ ឆ្នាំ​ ជា​ប្អូនថ្លៃ​របស់​ជនសង្ស័យ។ ពួកគេ​រស់នៅ​ក្នុងផ្ទះ​តែមួយ​ជាមួយ​គ្នា​ក្នុង​ឃុំ​ខ្ទុំ​ក្រាំង ​ស្រុក​សំរោង​ទង ​ខេត្ត​កំពង់ស្ពឺ។

លោក​ប្រាប់ថា​៖ «ជនល្មើស​មិនបាន​រត់​ទៅណា​ទេ ​ហើយ​សមត្ថកិច្ច​ចាប់គាត់​នៅក្នុង​ភូមិ​កើតហេតុ។ ករណី​រំលោភ​សេព​សន្ថវៈ​នេះ​ គឺ​ជនល្មើស​ប្រព្រឹត្ត​បាន ១ ថ្ងៃ​ ហើយ​សមត្ថកិច្ច​យើង​ចាប់​បាន»។

លោក​ប្រាប់តាម​អង្គ​ហេតុថា ​ជនសង្ស័យ​បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​បងស្រី​របស់​ក្មេងស្រី​រងគ្រោះ ​និង​រួមរស់​ជាមួយគ្នា​ក្នុង​ផ្ទះ​តែមួយ​ដោយ​មិនមាន​បង្ក​បញ្ហា​អ្វី​ឡើយ។ ប៉ុន្តែ​នៅ​ថ្ងៃទី ១៨ ​ឧសភា​ ស្រាប់តែ​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានមក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្ទុំ​ក្រាំង​។ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​រៀបរាប់​ពី​បញ្ហា​កូនប្រសា​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​គាត់។

មន្ត្រី​នគរបាល​រូបនេះ​បន្តថា​ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង ​និង​តាម​ការ​ស្តាប់​ការនិយាយ​ប្រាប់​ពី​ស្ត្រី​ជា​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​ថា​ គាត់​បាន​ទៅ​ទាន់​ជនសង្ស័យ​កំពុង​ចាប់​កូនស្រី​គាត់​រំលោភ​ជាក់ស្តែង​ ទើប​គាត់​រត់​មកប្តឹង​សមត្ថកិច្ច​ដើម្បី​ឲ្យចាប់​ជន​សង្ស័យ។

បន្ទាប់​ពីទទួលបាន​បណ្តឹង​ពី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ លោក​បាន​រាយការណ៍​ទៅ​លោក ​ឃុត សុផល ​អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ហើយ​លោក​អធិការ ​ក៏​រាយការណ៍​បន្តទៅ​លោក​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​សុំ​គោល​ការណ៍​អនុវត្ត​ចាប់​ជន​សង្ស័យ។

បើ​តាម​លោក ​ពិន សាវឿន ​ក្នុង​បទល្មើស​នេះ​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ស្ពឺ​ បាន​ចុះ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​នៅក្នុង​ភូមិ​កើត ​ហើយ​បាន​ឈានទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី ១៩ ​ឧសភា​ នៅភូមិ-ឃុំ​កើតហេតុ​តែ​ម្តង។

លោក​បន្តថា​ ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ​ករណីនេះ​រូបគេ​ពិតជា​បាន​ចាប់​ប្អូនថ្លៃ​របស់​ខ្លួន​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន ​ដែល​ប្រព្រឹត្ត​បាន៣​ទៅ ៤ ដង​ហើយ។

បន្ទាប់ពី​សាកសួរ ​និង​ស្រង់​បាន​ចម្លើយ​របស់​ជន​សង្ស័យ​រួចមក​ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ទៅ​សាកសួរ​បន្តទៀត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ក្នុង​ថ្ងៃ​ដដែល។

ករណី​នេះ​ដែរ ​ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ពី​លោក​ សម សាក់ ​ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី ១៩ ឧសភា ​ដោយ​សារទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល៕