ភ្នំពេញៈ បុរស​អាយុ​ ៣៧ ​ឆ្នាំ​ជា​សន្តិសុខ​ឯកជន​ម្នាក់​ត្រូវបាន​ជន​មិន​ស្គាល់មុខ​ចាក់​សម្លាប់​កាលពី​ម្សិលមិញ​នៅមុខ​ធនាគារពាណិជ្ជ​លើ​ផ្លូវ​មុនីរ៉េត​នៅក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ២ ខណ្ឌ​បឹងកេងកង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ជនសង្ស័យ​ត្រូវបាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។

លោក សុង លី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរសរងគ្រោះ​ឈ្មោះ​ ប៊ុន សុខចំរើន អាយុ ៣៧ ​ឆ្នាំ​ជា​សន្តិសុខ​ឯកជន​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​សន្តិសុខ​ឈ្មោះ​ សេគ្យូរីធី (CSC) ​ត្រូវ​ជនដៃដល់​ចាក់​សម្លាប់​ជាច្រើន​កាំបិត​នៅត្រង់​ពោះ​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

លោក លី ថ្លែង​ថា​៖​ «​យ៉ាងណា​សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើបអង្កេត​បញ្ហា​​នេះ​។ រឿងនេះ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​»​។

លោក លី បាន​អះអាង​ថា នៅពេល​ដែល​លោក​បាន​ទៅដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ​បាន​រកឃើញ​នៅលើ​ដងខ្លួន​របស់​បុរស​រងគ្រោះ​មាន​ស្នាម​ចាក់​នឹង​កូនកាំបិត​ដែលមាន​សញ្ញា​រូប​ក្រពើ​ហើយ​ជនរងគ្រោះ​ដួល​ដេកស្លាប់​ទាំង​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​សន្តិសុខ​ឯកជន​នៅលើ​កម្រាល​ឥដ្ឋ​ដែលមាន​ឈាម​ជោក​ខ្លួន​។ នៅ​ជុំវិញ​សាកសព​ក្បែរ​កន្លែងកើតហេតុ​ឃើញ​មាន​ដងកាំបិត​ចំនួន​មួយ​។

លោក ឆេង លាង នាយរង​នគរបាល​ប៉ុស្តិ៍​ទួលស្វាយព្រៃ​ទី​ ២ បាន​ឲ្យ​ដឹង​ដែរ​ថា ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ចាក់​សម្លាប់​នៅ​ម៉ោង​ប្រមាណ​ជាជាង​ ៦ ​ព្រឹក​ថ្ងៃទី​ ១៩ ​មីនា​ដែល​នៅលើ​អាវ​របស់​ជនរងគ្រោះ​មាន​ស្លាក​សរសេរថា​ Security (CSC) ​ដែល​បញ្ជាក់ថា ជនរងគ្រោះ​បម្រើការ​នៅ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​។

បើតាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​របស់គាត់​ធ្វើការ​ជា​សន្តិសុខ​ឯកជន​មួយ​ ប៉ុន្តែ​គាត់​មិនដឹងថា​ក្រុមហ៊ុន​ឯកជន​ដែល​ប្តី​គាត់​ធ្វើការ​នោះ​នៅ​កន្លែង​ណា​ទេ​។ ក្នុងពេល​បម្រើការងារ​ជា​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នេះ​គាត់​មិនបាន​ដឹងថា​ប្តី​របស់គាត់​មាន​គំនុំ​ជាមួយ​អ្នក​ណាខ្លះ​ទេ​ ប៉ុន្តែ​ប្តី​គាត់​នៅផ្ទះ​គឺមាន​ចរិត​ស្លូតបូត​ណាស់​។ នៅ​មុនពេល​កើតហេតុ​​ម៉ោងជាង​ ៥ ​ព្រឹក​ថ្ងៃទី​ ១៩ ​មីនា​ប្តី​របស់គាត់​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ឌុប​គ្នា​ជាមួយ​អ៊ុំប្រុស​របស់គាត់​មក​យាម​ដូច​សព្វមួយដង​។

លោក លាង ថ្លែងថា​ជនរងគ្រោះ​យាម​នៅ​ធនាគារ​ភ្នំពេញ​ពាណិជ្ជ​ស្ថិតនៅ​ផ្ទះ​លេខ​ ៧៨ ផ្លូវ​មុនីរ៉េត ក្រុមទី​ ៣៩ ​ភូមិ​ ៩ សង្កាត់​ទួលស្វាយព្រៃ​២ ខណ្ឌ​បឹងកេងកង​ រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ជនសង្ស័យ​ចាក់​ស្លាប់​នៅមុខ​ធនាគារ​តែម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដឹក​សាកសព​តាម​រថយន្ត​ពេទ្យ​ទៅ​វត្ត​ចង្ក្រាន​តាព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ​ដើម្បី​ធ្វើ​កោសល្យវិច័យ​។

លោក​ថ្លែងថា​៖ «​ចំពោះ​សកម្មភាពរ​បស់​ជនសង្ស័យ​សម្លាប់​ជនរងគ្រោះ​នោះ​សមត្ថកិច្ច​នឹងធ្វើ​ការពិនិត្យ​មើល​​កាមេរ៉ា​សុវត្ថិភាព​បន្ថែមទៀត​»​។ លោក​ នង សុវណ្ណរ័ត្ន គ្រូពេទ្យ​ជំនាញ​ផ្នែក​ឯកទេស​កោសល្យវិច័យ​សាកសព​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវ​ចាក់​នឹង​កាំបិត​ចំនួន​ ៣ ​កន្លែង​ដើមទ្រូង​ ២ ​កន្លែង និង​ពោះ​ ១ ​កន្លែង​៕