ភ្នំពេញៈ ជនសង្ស័យម្នាក់ដែលបានចាក់សម្លាប់ស្រីកំណាន់របស់ខ្លួនស្លាប់ ហើយអារកសម្លាប់ខ្លួនជាក្រោយ ប៉ុន្តែមិនស្លាប់កាលពីយប់ថ្ងៃទី ៣ កញ្ញានៅបុរីលឹមឈាងហាក់ចំការដូងនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការក្រោយពីគ្រូពេទ្យព្យាបាលរបួសជាសះស្បើយ។
លោក ជីម ស៊ីថា អធិការនគរបាលខណ្ឌដង្កោថ្លែងពីម្សិលមិញថា នេះជាករណីប្រចណ្ឌហើយជនសង្ស័យឈ្មោះ ឯក ឌៀវវន្ថា អាយុ ៤៧ ឆ្នាំរស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រីឯនារីរងគ្រោះដែលស្លាប់ឈ្មោះ វង្ស ម៉ាលីនដា អាយុ ២៧ ឆ្នាំមានស្រុកកំណើតនៅអ្នកលឿងខេត្តព្រៃវែង។
លោកបន្តថា ករណីជនសង្ស័យម្នាក់នេះកម្លាំងសមត្ថកិច្ចរបស់លោកកំពុងតែយាមកាមដើម្បីការពារសុវត្ថិភាពឲ្យជនសង្ស័យ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ក្នុងការព្យាបាល។ ចំពោះរបួសរបស់គាត់ដែលគាត់បង្កដោយខ្លួនឯងអារកប៉ុនប៉ងសម្លាប់ខ្លួននោះបានធូរស្បើយខ្លះហើយ ហើយនៅពេលជនសង្ស័យជាសះស្បើយពីរបួស សមត្ថកិច្ចនឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ «ប៉ុន្តែសំណុំរឿងរបស់គាត់ ខ្ញុំបានបញ្ជូនដល់អយ្យការហើយ»។
បើតាមមន្ត្រីនគរបាលខណ្ឌដង្កោ សុំមិនបញ្ចេញឈ្មោះមួយរូបប្រាប់ថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបុរី លឹម ឈាងហាក់ ដោយមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ និងប្អូនប្រុសរបស់នាងឈ្មោះ វង្ស សរីរតនៈ អាយុ ២៣ ឆ្នាំ បើកម៉ូតូកង់ ៣ ដឹកនារីរងគ្រោះមកប្រមូលអីវ៉ាន់របស់ខ្លួននៅផ្ទះជួលក្នុងបុរី លឹម ឈាងហាក់។
បន្ទាប់ពីនារីរងគ្រោះ រើអីវ៉ាន់ដាក់លើម៉ូតូកង់ ៣ ហើយ ក៏រៀបចំតុដើម្បីជុំគ្នាហូបអាហារជាមួយជនសង្ស័យឈ្មោះ ឯក ឌៀវវន្ថា ដែលពួកគេបានស្រឡាញ់គ្នាប្រមាណជា ១០ ឆ្នាំមកហើយ។ ពេលពួកគេកំពុងហូបអាហារនោះ ស្រាប់តែជនសង្ស័យ និងនារីរងគ្រោះមានទំនាស់គ្នាដែលជនសង្ស័យបានយកកាំបិតចិតបន្លែចាក់នារីរងគ្រោះប្រមាណជាពី ៤ ទៅ ៥ កាំបិតចំដើមទ្រូងរហូតស្លាប់នៅកន្លែងកើតហេតុបន្ទាប់មកជនសង្ស័យបានយកកាំបិតដែលគាត់ចាក់នារីរងគ្រោះនោះទៅអារកប៉ងសម្លាប់ខ្លួនតែមិនស្លាប់។
បើតាមលោក ជីម ស៊ីថា នៅពេលដែលជនសង្ស័យមានជម្លោះហើយចាក់សម្លាប់នារីរងគ្រោះ ហើយអារកសម្លាប់ខ្លួនឯង ប្អូនប្រុសនារីរងគ្រោះក៏បានស្រែកឆោឡោហៅអ្នកជិតខាងឲ្យជួយផងដែរ ប៉ុន្តែជួយមិនទាន់។
លោក អំ សំអាត នាយករងផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានថ្លែងពីម្សិលមិញថា បើតាមការអង្កេតរបស់លោកឃើញថា ករណីអំពើឃាតកម្មដែលមានចរិតឃោរឃៅបែបនេះគឺបានកើតឡើងជាច្រើននៅក្នុងរយៈពេលប្រហែលជា ១ ខែកន្លងមកនេះក្នុងនោះមានករណីរំលោភសម្លាប់ ករណីប្រពន្ធសម្លាប់ប្តី ប្តីសម្លាប់ប្រពន្ធ កូនសម្លាប់ម្តាយ ឬឪពុក ឬគូស្នេហ៍សម្លាប់គ្នាជាបន្តបន្ទាប់។ ករណីទាំងនេះជាបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរដែលនៅតែបន្តកើតមានឡើង និងគួរឲ្យព្រួយបារម្ភ។
លោកបន្តថា ទង្វើបែបនេះប្រសិនបើអ្នកពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ វាអាចនឹងបង្កឲ្យកើតមានបទល្មើសនេះបន្តទៅទៀត។ ហេតុផលដែលលោកមើលឃើញគឺទី១- ទាក់ទងនឹងបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង បញ្ហាប្រចណ្ឌរួមនឹងបញ្ហាសីលធម៌សង្គមបានធ្លាក់ចុះយ៉ាងខ្លាំង។
បញ្ហាទី ២ គឺទាក់ទងនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ចំពោះច្បាប់ហើយនឹងការអនុវត្តច្បាប់នៅមានកម្រិតដែលទាំងនេះ គឺជាបច្ច័យរួមផ្សំគ្នាក្នុងការបង្កើតឲ្យមានបទល្មើស។
លោក សំអាត បានបញ្ជាក់ថា៖ «កង្វះនៃការអប់រំផ្នែកសីលធម៌ផ្នែកច្បាប់នេះ គឺជាកត្តាសំខាន់ដែលឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹង»៕