បន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបាននគរបាលការពារព្រំដែនគោកលេខ ៩១១ សហការជាមួយនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន បន្ទាប់ពីស្រវឹងកញ្ឆាហើយដើរអុកឡុកគំរាមកាប់សម្លាប់អ្នកភូមិកាលពីរសៀលថ្ងៃសៅរ៍ក្នុងភូមិទំនប់ ក-៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ នេះបើតាមមន្ត្រីនគរបាលម្នាក់បានប្រាប់កាលពីម្សិលមិញ។
លោក កែវ បូរ៉ា នាយនគរបាលប៉ុស្តិ៍ព្រៃគប់នៃអង្គភាពវរសេនាតូចនគរបាល ការពារព្រំដែនគោក លេខ ៩១១ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនសង្ស័យឈ្មោះ ខៀន សារ៉ន អាយុ ៣២ ឆ្នាំរស់នៅភូមិកើតហេតុខាងលើត្រូវបានចាប់ខ្លួន បន្ទាប់ពីបានស្រវឹងកញ្ឆាកាន់កាំបិតផ្គាក់ដើរបង្ករឿងដល់អ្នកជិតខាងនៅក្នុងភូមិ។
លោក បូរ៉ា បានបញ្ជាក់ថា៖ «ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញ និងដកហូតដើមកញ្ឆាដែលជនសង្ស័យបានលួចលាក់ដាំខុសច្បាប់ក្នុងចម្ការរបស់ខ្លួនចំនួន ៣៦ គុម្ព»។
បើតាមលោក បូរ៉ា ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីបន្តនីតិវិធីច្បាប់។
ជុំវិញករណីនេះលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានថ្លែងថានៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានដាំកញ្ឆាទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមិនសម្រាប់លក់ដូរទេ។
លោក ស៊ិនដេត បានបន្តថា៖ «ដំណាំកញ្ឆាត្រូវបានចាត់ចូលជាប្រភេទរុក្ខជាតិមានសារធាតុញៀន និងត្រូវហាមឃាត់ដោយច្បាប់ ដូច្នេះជនសង្ស័យដែលបានដាំ និងប្រើប្រាស់រុក្ខជាតិនេះត្រូវបានចាត់ទុកជាអំពើល្មើស និងគ្រោងបញ្ជូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីនៅថ្ងៃចន្ទនេះ» ៕