ពោធិសាត់ៈ បុរស​ស្រវ៉ឹង​ខួប​​អាយុ​ ៧០​ ឆ្នាំម្នាក់​ ដែល​បាន​ចាក់​​ប្រពន្ធ​​មួយ​កាំបិត​បណ្តាល​ឲ្យ​ស្លាប់​ដោយ​សារ​ជម្លោះ​ក្នុ​ង​គ្រួសារ ត្រូវ​បាន​​នគរបាលមូល​ដ្ឋានបញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តពោធិ៍​សាត់ ​នៅ​ថ្ងៃ​ទី​ ២៨ ​ខែ​កញ្ញា ​ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​នីតិវិធី​។

លោក យឹម សាង​ហៃ អធិការ​ក្រុង​ពោធិ៍​សាត់បាន​ប្រាប់​ថា បុរស​រូប​នោះ​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីថ្ងៃទី​ ២៧ ខែ​ កញ្ញា ឆ្នាំ​ ២០២០ ដោយសារ​តែ​ស្រវឹ​ង​ស្រា​បាន​ឈ្លោះ​បង្ក​ហិង្សា​យក​កាំបិត​ទៅ​ចាក់​ប្រពន្ធ បណ្តាល​ឲ្យហូរ​ឈាម​​រហូត​ដល់​ស្លាប់​ នៅ​ចំណុច​ចម្ការ​ខ្លឹម ​ស្ថិត​នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​-​ខេត្ត​ពោធិ៍​សាត់។

បើ​តាម លោក សាង​ហៃ បុរស​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ សួរ​មិន​ចង់​ឆ្លើយ មើល​ទៅ​ហាក់​មាន​បញ្ហា​សរសៃ​ប្រសាទ ​​ដោយសារ​តែ​ផឹក​ស្រា​ជាប្រចាំ​រៀង​រាល់​ថ្ងៃ​ពេក។ លោក​ថា ប្តី​ប្រពន្ធ​នោះមិន​មាន​មុខ​របរ​រក​ស៊ី​អ្វីទេ បាន​ស្នាក់​នៅ​លើ​ដី​មួយ​កន្លែង ក្បែរ​ជើង​ភ្នំ ធ្វើជា​អ្នក​ចាំ​ដីឲ្យ​គេ​នៅក្នុង​ខ្ទម​តូច​មួយ ដែល​មាន​អ្នក​ភូមិ​នៅ​ក្បែរ​នោះ​ពី​ ២ ​ទៅ​ ៣​ គ្រួសារ​។

លោក អ៊ុន ហូ នាយនគរ​បាល​ប៉ុស្តិ៍​សង្កាត់​រលាប បាន​ឲ្យដឹង​ថា ជន​បង្កមាន​ឈ្មោះ​ វ៉ាត សា​រួន អាយុ ​៧០ ​ឆ្នាំ ​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប។ ចំណែក​​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​​មាន​ឈ្មោះ​ សាំង ហុន អាយុ ៦០ ​ឆ្នាំ។​

មូល​ហេតុ​ឈាន​ដល់​ការ​ទាញ​កាំបិត​ចាក់​បណ្តាល​ឲ្យ​ប្រពន្ធ​ស្លាប់​នេះ ដោយ​សារ​តែ​បុរស​ជាប្តី​ស្រវឹង​ស្រា ហើយ​សុំ​លុយ​ប្រពន្ធ​ចំនួន​ ៥​ ពាន់​រៀលទៅ​ទិញ​បារី​ជក់ តែ​ប្រពន្ធ​មិន​ឲ្យ ក៏ស្ទុះ​ទៅ​យក​កូន​កាំបិត​ចាក់​ប្រពន្ធ​ មួយ​កាំបិត​ត្រូវ​ចំ​លើ​ជង្គង់​។

ក្រោយ​ពី​ចាក់​ប្រពន្ធ​របស់​ខ្លួន​ហើយ បុរស​រូប​នោះ​មិន​បាន​រត់​ទៅ​ណាទេ​ ចំណែក​ការ​ស្លាប់រ​បស់​ស្រ្តី​រង​គ្រោះ ត្រូវ​បាន​លោក អ៊ុន ហូ បញ្ជាក់​ថា ​អាច​បណ្តាល​មក​ពី​ចាក់​ចំ​សសៃ​ដែល​ហូរ​ឈាម​ច្រើន​ពេក ហើយ​មិន​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ឲ្យ​បាន​ទាន់​ពេល​វេលា​ក៏បាន​ស្លាប់​ទៅ។ សាក​សព​ស្រ្តី​រង​គ្រោះ ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី។

បើ​តាម លោក អ៊ុន ហូ បាន​ស្រង់​សំដី​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​នោះឲ្យ​ដឹង​ថា គ្រួសារ​របស់​គាត់​តែង​ឈ្លោះ​គ្នាជា​ប្រចាំ​ ហើយ​នៅ​មុន​ថ្ងៃ​កើត​ហេតុ បាន​ឈ្លោះ​គ្នា​តាំង​ពី​ពេល​យប់ តែ​ប្រជា​ពលរ​ដ្ឋ​នៅ​ក្បែរ​នោះ​បាន​ចូល​ទៅ​ជួយ​សម្រួល​ទើប​មិន​អី។

លុះ​ព្រឹក​ឡើង ម៉ោង​ប្រមាណ​ ៦ និង​ ៣០ ​នាទី​ ក៏​ឈ្លោះគ្នា​ទៀត ដោយ​ឃើញ​ថា​ ពួក​គាត់​តែង​តែ​ឈ្លោះ​គ្នា​បែប​នោះ​ គឺ​ជា​រឿង​ធម្មតា ទើប​ពលរដ្ឋ​នៅក្បែរ​នោះ​លែង​សូវ​រវល់ រហូត​ដល់​មាន​រឿង​ចាក់​បណ្តាល​ឲ្យ​ស្លាប់​ទើប​អ្នក​ភូមិ​នាំ​គ្នា​ទៅមើ​ល​ និង​បាន​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​៕