ស្ទឹង​ត្រែង/ស្វាយរៀង៖​បុរ​ស​ជន​ជាតិ​ឡាវ​ ២ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំ​បូង​ខេត្ត​ស្ទឹង​ត្រែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្រោយ​​ពី​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​ ១១ ​ខែ​កក្កដា ​នៅ​ក្នុង​ឃុំ​អូរស្វាយ ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ​ ខេត្ត​ស្ទឹង​ត្រែង​ព្រម​ទាំង​រឹប​អូស​វត្ថុ​តាង​គ្រឿង​ញៀន​ប្រ​ភេទ​មេតំ​ហ្វេ​តា​មីន​ជិត ​៦ ​គីឡូ​ក្រាម​។ ​ករណី​គ្រឿង​ញៀន​ដូច​គ្នា​នេះ​ដែរ​​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ក៏ត្រូវ​បាន​ជាប់​ឃុំ​នៅ​ពន្ធ​នា​គារ​ខេត្ត​ស្វាយ​រៀង​​ពាក់​ព័ន្ធ​​គ្រឿង​ញៀន​ជាង​ ១១​​គី​ឡូ​ក្រាម​។​

​លោក​ ​ចែម​ ផា​និត​ នាយ​ការិ​យា​ល័យ​​ប្រឆាំង​គ្រឿង​ញៀន​នៃ​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ដែរ​ថា​ ជន​សង្ស័យ​ ទី​១​-​ឈ្មោះ​​ ស៊ូ ​បាន់​ ភេ​ទ​ប្រុស​ អាយុ​ ៣២​ ឆ្នាំ​​ ជន​ជាតិ​ ឡាវ​ មាន​លំនៅ ​ភូមិ​ណា​ស៊ែង​ខាំ​​ ស្រុក​​សៃ ​ខេ​ត្ត​ឧត្តម​​សៃ ​​ប្រទេស​ឡាវ​​​ និង​​ឈ្មោះ​ ចាន់​ ឌី​ ភេទ​ប្រុ​ស​ អាយុ ​៣១​ ឆ្នាំ​ ជន​ជា​តិឡាវ​ មាន​ទី​លំ​នៅ ​ភូមិ​ភាង​ញ៉ា ​ស្រុក​ហ៊ុន​ ខេត្ត​ឧត្តម​សៃ​ប្រទេស​ឡាវ​។​

​លោក​​ ផា​និត​ ថ្លែង​​​ថា​៖ ​«​ទាំង​ជន​​សង្ស័យ​ទាំង​វត្ថុ​តាង​គ្រឿង​ញៀន​ខាង​សមត្ថ​កិច្ច​របស់​ខ្ញុំ​បញ្ជូន​​ទៅ​តុលា​ការ​ខេត្ត​ហើយ​នៅ​រសៀល​ថ្ងៃ​នេះ ​​(ថ្ងៃ​អាទិ​ត្យ)​​ ដើម្បី​ឲ្យ​ច្បាប់​ចាត់​ការ​បន្ត​ទៀត​»​។​

​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​នេះ​ដែរ​កាល​ពី​ថ្ងៃ​ទី​ ១១ ​ខែ​ កក្កដា​ ឆ្នាំ​ ២០២០​ តុលា​ការ​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រកាន់​និង​ឃុំ​​ខ្លួន​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​​ករ​ណី​ជួញ​ដូរ​គ្រឿង​ញៀន​មេតំ​ហ្វេតា​មីន ​និង​ថ្នាំ​ញៀន​ប្រភេទ​​កេតា​មីន​សរុប​ចំនួន​ជិត​ ១១​ គី​ឡូ​ក្រាម​។​

លោក​ ​កាន ​កេន​ ​ប្រ​ធាន​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ស្វាយ​រៀង​ ​​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ ជន​សង្ស័យ​ឈ្មោះ​​ ង្វៀង​ ហុង​ហ្វុក ​អាយុ​ ៣១ ​ឆ្នាំ​ ត្រូវ​ចៅ​ក្រម​ស៊ើប​សួរ​លោក​ ឌីន ​ស៊ី​វុទ្ធី ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​​នៅ​ពន្ធ​នា​គារ​ខេត្ត​ស្វាយ​រៀង​ហើយ​ពី​ថ្ងៃ​ទី​ ១១ ​កក្កដា​​ បន្ទាប់​ពីត្រូវ​បានប​​ចាប់​ខ្លួន​នៅ​ចំណុច​វាល​ស្រែ​ក្នុង​ភូមិ​តាបឹប ​សង្កាត់-​ក្រុង​បាវិត​ ខេត្ត​ ស្វាយ​រៀង​ កាល​ពី​វេលា​ម៉ោង​ជាង​ ១០​ យប់​ថ្ងៃ​ទី​ ៨​ កក្កដា​ ដែល​ជន​សង្ស័យ​​ដឹក​គ្រឿង​ញៀន​​តាម​ម៉ូតូ ១​ គ្រឿង​ បម្រុង​ឆ្លង​ដែន​ចូល​ប្រទេស​វៀត​ណាម​។​

​លោក​ ​កេន​ ​បាន​ឲ្យ​ដឹង​ថា​ក្រោយ​ឃាត់​ខ្លួន​ជន​សង្ស័យ ​សមត្ថ​កិច្ច​ឆែក​ឆេរ​ឃើញ​ដុំ​ប្លាស្ទិ​ក​បិទ​ជិត​ចំនួន ​១១ ​ដុំ​​ ដែល​មាន​ថ្នាំ​ញៀន​ប្រភេទ​​មេតំ​ហ្វេតា​មីន​ទម្ងន់ ​​៥​.​៨​៤​៦ ​ក្រាម ​និង​ថ្នាំ​ញៀន​ប្រភេទ​កេតា​មីន​ទម្ងន់​ ៥​.០០៧​​ ក្រាម​៕