The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​អង់គ្លេស​ដែល​រាំ​ច្រៀង​អាសអាភាស​ត្រូវ​បាន​ដោះ​លែង​

បុរស​អង់គ្លេស​ដែល​រាំ​ច្រៀង​អាសអាភាស​ត្រូវ​បាន​ដោះ​លែង​

Content image - Phnom Penh Post
លោក Daniel Richard Leeming Jones ថត​ជា​មួយ​អ្នក​ភូមិ​នៅ​ខេត្ត​សៀម​រាប​។ រូប​ថត សហការី​

បុរស​អង់គ្លេស​ដែល​រាំ​ច្រៀង​អាសអាភាស​ត្រូវ​បាន​ដោះ​លែង​

សៀម​រាបៈ ជន​ជាតិ​អង់គ្លេស​ម្នាក់​ ត្រូវ​បាន​តុលាការ​ខេត្ត​សៀម​រាប ​កាត់​ទោស​ ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ ប៉ុន្តែ​​ត្រូវ​អនុវត្ត​ទោស​តែ​ ១ ​ខែ​ ២២​ ថ្ងៃ ហើយ​ត្រូវ​បាន​ដោះ​លែង​ កាល​ពី​ម្សិលមិញ ពាក់​ព័ន្ធ​នឹង​ការ​រាំ​ច្រៀង​អាស​អា​ភាស ​កាល​ពី​ខែ​មករា។

ជន​ជាតិ​អង់គ្លេស​រូបនេះ​ មាន​ឈ្មោះ Daniel Richard Leeming Jones ភេទ​ប្រុស​អាយុ​ ៣១​ ឆ្នាំ​។ ជន​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ រូបភាព​និង​សម្ភារអាស​អាភាស តាម​មាត្រា​ ៣៩​ ចំណុច ​៣ ​នៃ​ច្បាប់​ ស្តី​ពី​ការ​បង្ក្រាប​​អំពើ​​ជួញ​ដូរ​មនុស្ស​ និង​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ​។

លោក​ យិន ស្រាង អ្នក​នាំពាក្យ​សាលា​ដំបូង​​ខេត្ត​សៀម​រាប​ ​បញ្ជាក់​ថា​៖ « ឈ្មោះ Daniel Richard Leeming Jones ភេទ​ប្រុស​អាយុ​ ៣១​ ឆ្នាំ ត្រូវ​បាន​តុលាការ​ សម្រេច​​ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ​តែ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​ចំនួន​ ១​ ខែ​ ២២​ ថ្ងៃ ទោស​នៅ​សល់​ពី​នេះ​ត្រូវ​ព្យួរ​»។ លោក​បញ្ជាក់​ថា ជន​ជាប់​ចោទ​ Daniel ត្រូវ​បាន​ដោះ​លែង​ហើយ​កាល​ពី​ម្សិល​មិញ។

លោក សួង​ សុភា មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​ថ្លែង​ថា សាល​ក្រម​នេះ​ ត្រូវ​បាន​ប្រកាស​កាល​ពី​ព្រឹក​ម្សិល​មិញ​ នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ Daniel ប៉ុន្តែ​កូនក្តី​របស់​លោក​ មិន​បាន​បញ្ជាក់​ថា​ តើ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​ឬ​យ៉ាង​ណា​ទេ។

សាល​ក្រម​នេះ ​ធ្វើ​ឡើង​ ក្រោយ​ពេល​សវនាការ ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម អ៊ុំ ចាន់ថុល ត្រូវ​បាន​ធ្វើ​ឡើង​ កាល​ពី​ថ្ងៃទី​ ១៥ ខែ​មីនា ​តែ​បាន​លើក​ពេលមក​​ប្រកាស​​សាល​ក្រម​នៅ​​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​មករា សមត្ថកិច្ច​ខេត្ត​សៀម​រាប​ បាន​ឃាត់ខ្លួន​ជន​បរទេស​ ៨៧​ នាក់ ​ដែល​ចូលរួម​ក្នុង​ពិធី​ជប់​លៀង​រាំរែក​ស្លៀក​ពាក់​ប៊ីគីនី នៅ​សង្កាត់​ស្វាយ​ដង្គុំ ខេត្ត​សៀមរាប។ ប៉ុន្តែ​ជន​បរទេស​ ៧៧​នាក់​ ត្រូវ​បាន​អប់​រំ​ ហើយ​ដោះលែង​វិញ។

ចំណែក​ ១០​ នាក់​រូម​ទាំង​ឈ្មោះ Daniel Jones ផង​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ដោយ​ចោទ​ពី​​បទ​ចោទ​ខាង​លើ។ ប៉ុន្តែ​បរទេស ​៩​ នាក់​ ត្រូវ​បាន​ទម្លាក់​បទ​ចោទ ហើយ​បណ្ដេញ​ចេញ​ពី​កម្ពុជា​ កាល​ពី​ខែ​មុន។ សមត្ថកិច្ច​បញ្ជាក់​ថា សកម្មភាព​របស់​ពួក​គេ ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​របស់​ខ្មែរ។

ទោះ​យ៉ាង​ណា​ ក្រុម​មេធាវី​ថ្លែង​ថា ​វា​អាច​ប៉ះពាល់​ដល់​សីលធម៌​ពិត​មែន ប៉ុន្តែ​សកម្មភាព​របស់​កូន​ក្តី​​ពួក​គេ​មិន​មែន​ជា​ការ​រំលោភ​ច្បាប់​នោះ​ទេ៕

អត្ថបទគួរចាប់អារម្មណ៍