The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស​អាមេរិក​ម្នាក់​ធ្លាក់​ពី​លើ​សណ្ឋាគារ​ស្លាប់

បុរស​អាមេរិក​ម្នាក់​ធ្លាក់​ពី​លើ​សណ្ឋាគារ​ស្លាប់

សណ្ឋាគារ​សុខា​នៅ​ជ្រោយ​ចង្វារ​ដែល​បុរស​អាមេរិក​ធ្លាក់​ស្លាប់​ម្សិលមិញ។
សណ្ឋាគារ​សុខា​នៅ​ជ្រោយ​ចង្វារ​ដែល​បុរស​អាមេរិក​ធ្លាក់​ស្លាប់​ម្សិលមិញ។ ផា លីណា

បុរស​អាមេរិក​ម្នាក់​ធ្លាក់​ពី​លើ​សណ្ឋាគារ​ស្លាប់

ភ្នំពេញៈ បុរស​ជនជាតិ​អាមេរិក​ដែល​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី ២០ នៃ​សណ្ឋាគារ​សុខា​នៅ​ជ្រោយ​ចង្វារ​ទល់​មុខ​​ព្រះបរមរាជវាំង​ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ជា​ករណី​អត្តឃាត​លោត​សម្លាប់​ខ្លួន​តែ​មូលហេតុ​ឈាន​ដល់​ការ​ធ្វើ​បែប​នេះ​នៅ​មិន​ទាន់​​ដឹង​នៅ​ឡើយ​ទេ។ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​ជាង ១០ ព្រឹក​ម្សិលមិញ​នៅ​ជាន់​កំពូល​នៃ​សណ្ឋាគារ សុខា ស្ថិត​ក្នុង​ភូមិ ១ ក្រុម ២ សង្កាត់-ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​អភិបាល​ខណ្ឌ​ជ្រោយចង្វារ​លោក ឃ្លាំង ហួត។

អធិការ​ខណ្ឌ​ជ្រោយចង្វារ លោក សៀម សុវត្ថាវុធ បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ម្សិលមិញ​ថា​ក្នុង​កិច្ចសហការ​រវាង​សមត្ថកិច្ច​មូលដ្ឋាន​មន្ត្រី​កោសល្យវិច័យ​រាជធានី និង​មន្ត្រី​ស្ថានទូត​អាមេរិក​បាន​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​កាមេរ៉ា​វីដេអូ​ដែល​សណ្ឋាគារ​ដាក់​ថត​បាន​គឺ​បុរស​រងគ្រោះ​បាន​លោត​ទម្លាក់​ខ្លួន​មក​ក្រោម​ចំ​ផ្លូវ​ចូល​ចំណត​រថយន្ត​របស់​សណ្ឋាគារ​។

លោក​​បញ្ជាក់​ថា៖ «បើ​មើល​តាម​វីដេអូ​ដែល​ថត​ជាប់​នោះ​គឺ​គាត់​លោត​មក​ដោយ​ខ្លួនឯង​ហើយ​សាកសព​ធ្លាក់​នៅលើ​ទីធ្លា​ផ្លូវ​ច្រក​ចូល​ចំណត​ឡាន»​។

លោក សៀម សុវត្ថាវុធ ​បន្ត​ថា​ក្រោយ​រកឃើញ​ករណី​នេះ​ជា​អំពើ​អត្តឃាត​ភាគី​ស្ថានទូត​អាមេរិក​ក៏​បាន​សម្រេច​ទទួល​សាកសព​ជនបរទេស​រូប​នោះ និង​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រួសារ​។

លោក​បាន​បន្ត​ថា ​មន្ត្រី​ស្ថានទូត​អាមេរិក​ស្រាវជ្រាវ​បន្ថែម​ចំពោះ​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​របស់​ជនរងគ្រោះ​នោះ​។

បើ​តាម​នាយ​ការិយាល័យ​កោសល្យ​វិច័យ​រាជធានី​ភ្នំពេញ​លោក លុន មុន្នីរ័ត្ន បាន​ឲ្យ​ដឹង​ថា​ជនរងគ្រោះ​ឈ្មោះ Harris Charles Frederick អាយុ ៦៦ ឆ្នាំ កើត​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ ១៩៤៩ កាន់​លិខិត​ឆ្លងដែន​លេខ 505850099 និង​បាន​ចូល​ស្នាក់នៅ​សណ្ឋាគារ​នេះ​កាលពី​ថ្ងៃ​ទី ៣ ខែ​តុលា ក្នុង​បន្ទប់​លេខ ៧២៨ ជាន់​ទី ៧។

សូម​រម្លឹក​ដែរ​ថា​ទាក់ទិន​នឹង​ករណី​ឃាតកម្ម​លើ​បុរស​បរទេស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែល​ត្រូវ​បាន​ជនល្មើស​យក​សព​​ញាត់​ចូល​ក្នុង​វ៉ាលិស​រុំស្កុត​ជុំវិញ​ហើយ​យក​ទៅ​​ប្លុង​ចោល​នៅ​ក្បែរ​ដៃ​ព្រែក​កោងកាង​ចម្ងាយ ១០០ ម៉ែត្រ​ខាង​ត្បូង​ស្រែ​អំបិល​ក្នុង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​កាលពី​ថ្ងៃ​ចន្ទ​​សប្តាហ៍​មុន​រហូត​មក​ទល់​ថ្ងៃ​ចន្ទ​ម្សិលមិញ​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​បាន​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កែប​លោក ម៉ក់ សាម៉េត។

លោក ម៉ក់ សាម៉េត បន្ត​ថា​ក្រុម​ការងារ​ពិសេស​ដែល​បាន​បង្កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​កើត​ហេតុ​បាន​ស្រាវជ្រាវ​កាមេរ៉ា​ថត​គ្រប់​ទីតាំង​ក្នុង​តំបន់​រួម​មាន កាស៊ីណូ ផ្ទះសំណាក់ និង​​សណ្ឋាគារ​ទូទាំង​ខេត្ត​តែ​នៅ​តែ​មិន​ទាន់​រកឃើញ​នូវ​រូបភាព​ជនរងគ្រោះ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ថ្មីៗ​នេះ​ក៏​មាន​មន្ត្រី​ស្ថានទូត​អាមេរិក​ចុះ​មក​សួរ​នាំ​ដែរ​ដើម្បី​ផ្តល់​​កិច្ចសហការ​តែ​រឿង​នេះ​ពិតជា​ពិបាក​ដោយសារ​តែ​យើង​រក​មិន​ឃើញ​នូវ​​តម្រុយ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ជន​រងគ្រោះ​នោះ​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍