ខេត្តព្រះសីហនុៈ បុរសជនជាតិអាមេរិកាំងម្នាក់ត្រូវបានចាប់ខ្លួននៅខេត្តព្រះសីហនុកាលពីយប់ថ្ងៃពុធ ទី ២៩ ខែសីហាតាមសំណើរបស់ការិយាល័យសន្តិសុខតំបន់ Regional Security Office (RSO) របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទលើកុមារម្នាក់នៅសហរដ្ឋអាមេរិក ហើយគេចខ្លួនមករស់នៅក្នុងប្រទេសកម្ពុជា។
យោងតាមលិខិតស្នើសុំកិច្ចសហការរបស់ការិយាល័យ RSO ដែលផ្ញើទៅកាន់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចុះថ្ងៃទី ២៣ ខែសីហាបានឲ្យដឹងថា ជនជាតិអាមេរិកាំងរូបនេះមានឈ្មោះ William David Brenner អាយុ ៦៣ ឆ្នាំជាពលរដ្ឋអាមេរិកកើតនៅទីក្រុង ហ៊ូសតុន រដ្ឋតិចសាស។ ជននេះស្ថិតនៅក្រោមការស្វែងរកចាប់ខ្លួនដោយការរំលោភបំពានផ្លូវភេទលើកុមារម្នាក់ជាបន្តបន្ទាប់។
យោងតាមលិខិតរបស់ការិយាល័យ RSO បានឲ្យដឹងថាក្រសួងការបរទេសសហរដ្ឋអាមេរិកបានមោឃភាពលិខិតឆ្លងដែនរបស់ជនសង្ស័យ William ដើម្បីបើកផ្លូវឲ្យអាជ្ញាធរកម្ពុជាចោទប្រកាន់ និងចាប់ខ្លួនជននេះពីបទរស់នៅកម្ពុជាដោយខុសច្បាប់។
ការិយាល័យ ROS បានថ្លែងថាពួកគេនឹងបញ្ជូនជននេះទៅសហរដ្ឋអាមេរិកដើម្បីទទួលនូវការផ្តន្ទាទោសនៅសហរដ្ឋអាមេរិក។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានថ្លែងកាលពីម្សិលមិញថា ជនសង្ស័យឈ្មោះ William នេះកំពុងត្រូវបានសាកសួរដោយប៉ូលិសអន្តោប្រវេសន៍នៅនាយកដ្ឋានរបស់លោក ប៉ុន្តែមិនទាន់បានចម្លើយនៅឡើយដោយសារជននេះមានបញ្ហាសុខភាព ហើយបដិសេធមិននិយាយជាមួយប៉ូលិស។
លោកបានថ្លែងថា៖ «គាត់មានបញ្ហាសុខភាព ដូច្នេះយើងមិនទាន់បានចម្លើយអ្វីទេ។ យើងទុកគាត់នៅទីនេះ ហើយបន្តសាកសួរទៀត»។
លោកបានបន្ថែមថា ប៉ូលិសសហរដ្ឋអាមេរិកនឹងមកយកជនសង្ស័យយ៉ាងយូរក្នុងរយៈពេល ១ សប្តាហ៍។ ប៉ុន្តែលោកផ្ទាល់មិនទាន់ដឹងថាតើជននេះបានមកស្នាក់នៅស្រុកខ្មែរពីពេលណាទេដោយសារលោកមិនទាន់បានឃើញលិខិតឆ្លងដែនរបស់គាត់នៅឡើយ។
លោកថ្លែងថាជននេះមិនមានមុខរបរអ្វីពិតប្រាកដទេនៅខេត្តព្រះសីហនុ ក្រៅពីដើរលេងល្បែង។ លោកបាននិយាយថា៖ «គាត់គ្មានការងារអីទេ មានតែលេងល្បែង ចាក់បាល់ ព្រោះគាត់លាក់ខ្លួន»៕