សៀមរាបៈ បុរស​ទេស​ចរណ៍​ជន​ជាតិ​អាមេ​រិក​ម្នាក់​ឈ្មោះ Cline Rugh James ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​សៀម​រាប​ សម្រេច​ចោទ​ប្រកាន់​ និង​បាន​បញ្ជូនទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធ​នាគារ​កាល​ពី​ល្ងាច​ម្សិល​មិញ ពី​បទ​ប្រព្រឹត្ត​អំពើ​អាស ប្រឆាំង​​នឹង​អនីតិ​ជន​អាយុ​ក្រោម​ ១៥ ឆ្នាំ។ នេះ​បើ​តាម​លោក យិន ស្រាង ​អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប។

សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួនជនជាតិ​អាមេរិក​រូប​នេះ កាលពី​ថ្ងៃ​ទី ២០ ខែ​ ឧសភា និង​បាន​បញ្ជូន​ទៅ​តុលា​ការ​ កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​សមត្ថ​​កិច្ច​អះអាង​ថា ជ​នបរទេស​រូប​នេះ​ បាន​ប្រព្រឹត្ត​អំពើ​អនា​ចាលើ​អនីតិ​ជន​អាយុ​ក្រោម​ ១៥ ឆ្នាំ ​ចំនួន​ ៤ នាក់។

លោក យិន ស្រាង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពីម្សិលមិញ​ថា ជនសង្ស័យ​ត្រូវបាន​នគរបាល​បញ្ជូន​មកដល់​តុលាការ ​ដើម្បី​ឱ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ ហើយ​បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​​បញ្ជា​ឲ្យ​សមត្ថ​កិច្ច​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​បណ្តោះ​អាសន្ន​នៅ​ពេល​ល្ងាច។

ចំណែក​លោក ជា ហេង ប្រធាន​ការិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុ​ស្ស​ និង​ការពារ​អនីតិ​ជន​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាបក៏​បាន​ថ្លែង​​កាល​ពី​ម្សិលមិញ​ដែរ​ថា​ តាម​ចម្លើយ​របស់កុមារី​រង​គ្រោះ គឺជន​​ជាតិ​អាមេរិក​​រូប​នេះ បាន​ប្រព្រឹត្ត​បទ​ល្មើស​តាំង​ពី​ឆ្នាំ ២០១៨ នៅ​ពេល​រូប​គេ​មក​ដើរ​ទេសចរណ៍​នៅ​កម្ពុជា។

លោក​ថា​៖ «មាន​ក្មេង​ស្រី​ ៤​ នាក់ មាន​អាយុ​ចាប់​ពី ១២ ដល់​ ១៤​ ឆ្នាំ ដែល​គាត់​រំលោភ​បំពាន។ ទោស​ទណ្ឌ វាអាច​ជាប់​ពី ១ ឆ្នាំទៅ​ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ២ លាន​រៀល​ទៅ ១០​ លាន​រៀល»។

ជាមួយ​គ្នា​នេះ តាម​គេហ​ទំព័រ​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​ បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២១ ​ឧសភា​​ ថា ការឃាត់​ខ្លួន​ជន​បរទេស​រូបនេះ គឺ​​ធ្វើ​ឡើងបន្ទាប់​ពី​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិជន បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ឪពុក ម្ដាយ​របស់​កុមារី​​រង​គ្រោះ​ចំនួន ២ ​នាក់ ហើយ​បើតាម​ការ​ឆ្លើយ​បំភ្លឺ​ពី​កុមារី​ទាំង​ ២ ​នាក់​នោះ​ បាន​បញ្ជាក់​ថា ជនសង្ស័យ​បាន​នាំ​ពួកគេ​ពី​តំបន់​ផាប់​​ស្ទ្រី​តទៅ​កាន់​កន្លែង​ស្នាក់នៅ​របស់​ជន​នេះ​ រួចហើយ​បានឱ្យ​ពួកគេ​ប្រើ​ដៃ​ ដើម្បី​ជួយ​សម្រេច​កាម និង​ក្រោយមក​បានផ្ដល់​ប្រាក់​ចំនួន​ ១២០ ដុល្លារ ​ឲ្យ​ពួក​គេ។ កុមារី​ទាំង​ ២ ​នាក់ បាន​អះអាងថា ជន​​ជាតិ​អាមេរិក​រូបនេះ​​ បាន​ឱ្យ​ពួក​គេ​ប្រើ​ដៃ​ដើម្បី​សម្រេច​កាម​នេះ​បាន​ចំនួន​ ៣​ ដង។

ទោះជា​យ៉ាង​ណា បើ​តាម​របាយការណ៍​ពី​ការិយា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប ដែល​បាន​កោះហៅ​ជន​បរទេស​​រូប​នេះ​មក​សួរនាំ​ឱ្យដឹង​ថា ជន​សង្ស័យ​បាន​ឆ្លើយ​បដិសេធ ​ចំពោះ​ការចោទ ប្រកាន់​ពី​កុមារី​ទាំង​ ២​​ នាក់​នេះ និង​បាន​អះអាង​ថា រូបគេ​គ្រាន់តែ​ស្គាល់​ក្មេង​ស្រី​ទាំងនេះ​ធម្មតា និង​ធ្លាប់​ឱ្យ​លុយ​ចាយ​ប៉ុណ្ណោះ ៕