ភ្នំពេញ: បុរស​ម្នាក់​ដែលមាន​អាយុប្រមាណ​ ៤០ ​ឆ្នាំ​រងរបួស​ដាច់​ប្រអប់​ជើងឆ្វេង ដោយសារ​ជាន់មីន​ពេល​កំពុង​កាប់​ព្រៃ​ក្នុង​ចម្ការ​កាលពី​ថ្ងៃទី​ ២១ ខែវិច្ឆិកា ស្ថិត​នៅ​ភូមិ​ស្រះទឹក សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។

លោក ហម ភិរម្យ អធិការនគរបាល​ក្រុង​សំរោង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា បុរស​ដែល​រងរបួស​ធ្ងន់​នោះ គាត់​ធ្វើ​ចម្ការ​ក្បែរ​ផ្ទះ​គាត់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្ដែ​មិនដែល​មាន​បញ្ហា​អ្វី​កើតឡើង​ទេ ហើយ​ក៏​មិនបាន​ដឹង​ ឬ​សង្ស័យ​ថា​ មាន​គ្រាប់មីន​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​នោះដែរ​។

លោក ភិរម្យ បាន​ថ្លែងថា​៖ «​នៅ​តំបន់​យើង​នេះ​កន្លងមក​មិន​ដែល​មាន​បញ្ហា​ផ្ទុះ​គ្រាប់មីន​គ្រោះថ្នាក់​បែបនេះ​ទេ ទើប​លើក​ទី​១ ព្រោះ​អាជ្ញាធរ​យើង​ធ្លាប់បាន​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​ការប៉ះពាល់​គ្រាប់មីន​ជាច្រើន​លើក​ហើយ​»​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​បាន​ឱ្យដឹង​ផងដែរ​ថា រយៈ​ចុងក្រោយ​នេះ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅតាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ និង​ថៃ បណ្ដាល​ឱ្យ​មាន​ជនរងគ្រោះ​ស្លាប់ និង​ពិការ​ដៃជើង បើទោះបី​សកម្មភាព​ធ្វើការ​ផ្សព្វផ្សាយ​វិធានការ​ពី​តំបន់​ងាយ​រងគ្រោះថ្នាក់​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​មកហើយ​ក៏ដោយ​។

ទោះយ៉ាងណា​ក៏ដោយ​លោក ហេង រតនា បាន​បញ្ជាក់ថា ទីភ្នាក់ងារ​សហប្រតិបតិ្តការ​អន្តរជាតិ​ជប៉ុន​ (JICA) បាន​ឱ្យដឹង​កាល​នៅក្នុង​ជំនួប​មួយ​កាលពីពេល​ថ្មីៗ​នេះ​ថា JICA នឹង​បន្ត​គាំទ្រ​អង្គភាព​ស៊ីម៉ាក់​តាមរយៈ​ការជួយ​ជំនួយ​បច្ចេកទេស​ទាក់ទង​ការរៀបចំ​ផែនការ​កាត់បន្ថយ​គ្រាប់​មិនទាន់​ផ្ទុះ​រហូត​ដល់​ឆ្នាំ​ ២០២៥​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ជជែក​ជាមួយ​ភាគី​ជប៉ុន​ច្រើន​គឺ​ក្នុង​គោលបំណង យើង​ឱ្យ​គាត់​ជួយផ្ដល់​ជា​គ្រឿងបន្លាស់​គ្រឿងចក្រ​រាវ​មីន​បន្ថែមទៀត ដើម្បី​ប្ដូរ​គ្រឿងបន្លាស់​ថ្មី ព្រោះ​កន្លងមក​គ្រឿងចក្រ​យើង​បាន​ប៉ះ​ជាមួយ​មីន ហើយ​ក៏​ខូចខាត បាក់បែក អ៊ីចឹង​យើង​ត្រូវការ​គ្រឿងបន្លាស់​ថ្មី​មក​ផ្លាស់ប្ដូរ ដើម្បី​អាច​ប្រតិបត្តិការ​ទៅមុខ​ទៀត​»​។

តាម​របាយការណ៍​អាជ្ញាធរ​មីន​បាន​ឱ្យ​ដឹងថា​ក្នុង​រយៈពេល ១០ ​ខែ​ចុងក្រោយ​នេះ​ជនរងគ្រោះ​ស្លាប់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន ៤១ ​ករណី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ ៥៥ ​នាក់​។ តួលេខ​នេះ​មាន​ការថយចុះ បើ​ធៀប​កាលពី​ឆ្នាំមុន​ក្នុង​រយៈពេល​ដូចគ្នា​មាន ៤៨ ​ករណី មនុស្ស​ស្លាប់ និង​របួស​ចំនួន ៧១ ​នាក់​៕