ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទបុរសជាឪពុកចុងម្នាក់ បន្ទាប់ពីនគរបាលខណ្ឌកំបូលចាប់បញ្ជូនដល់តុលាការប៉ុន្មានម៉ោង ពាក់ព័ន្ធចាប់កូនស្រីចុងរបស់ខ្លួនអាយុ ១២ ឆ្នាំ រំលោភបានសម្រេចជិត ១០ ដង នៅបន្ទប់ជួលក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ប្រព្រឹត្តអំឡុងដើមខែមករា ដល់ខែឧសភា ឆ្នាំ ២០២១។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២៥ ឧសភាថា ជនត្រូវចោទ ឈ្មោះ ចក់ ជើត អាយុ ៤៥ ឆ្នាំ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរហើយពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនស្រីចុងគាត់។
លោកប្រាប់ថា៖ «រឿងនេះព្រះរាជអាជ្ញារងតំណាងអយ្យការសម្រេចចោទបទរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ»។
ពាក់ព័ន្ធបទចោទនេះ ប្រសិនបើតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តមែននោះនឹងត្រូវជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ។
បើតាមលោក ឈឹម សាវុធ អធិការរងនគរបាលខណ្ឌកំបូលទទួលផែនការងារព្រហ្មទណ្ឌ ឱ្យដឹងនៅរសៀលថ្ងៃទី ២៥ ឧសភា ដែរថា ជនត្រូវចោទឈ្មោះចក់ ជើត មាន មុខរបរមិនពិតប្រាកដ រស់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចរបស់លោកឃាត់ខ្លួនជនសង្ស័យ កាលពីរសៀលថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ ក្រោយ ពីឪពុកបង្កើតរបស់ក្មេងរងគ្រោះប្តឹង និងមានការអនុញ្ញាតពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។ រីឯក្មេងស្រីមានអាយុ ១២ ឆ្នាំ។
លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាគាត់បានរំលោភកូនស្រីចុងរបស់គាត់បានពី ៥ ទៅ ៦ ដងប៉ុណ្ណោះ។ ប៉ុន្តែបើតាមការសាកសួរទៅក្មេងស្រីរងគ្រោះវិញថា ជនសង្ស័យបានចាប់រំលោភនាងជិត ១០ ដង។
លោកបានរៀបរាប់តាមសម្តីម្តាយរបស់ក្មេងស្រីរងគ្រោះថា នៅក្នុងអំឡុងដើមខែមេសា ឆ្នាំ ២០២១ ពេលគាត់ (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) ទៅរកស៊ីបាត់ៗគាត់បានទុកកូន (ក្មេងរងគ្រោះ) ឱ្យនៅជាមួយជនសង្ស័យជាឪពុកចុង។ លុះឃើញកូនរបស់គាត់ កំពុងដេកលើគ្រែ ម្នាក់ឯងជនសង្ស័យបានលួងលោមចាប់ឱបថើប ហើយដេកពោបពីលើកូនរបស់គាត់ដោយគំរាមសម្លាប់បើហ៊ានស្រែកឲ្យគេដឹង ។
លោកបន្តថា ក្រោយពីធ្វើសកម្មភាពរំលោភបានសម្រេចម្តងហើយជនសង្ស័យ គំរាមក្មេងស្រីរងគ្រោះមិនឱ្យប្រាប់រឿងនេះទៅគាត់ជាម្តាយបង្កើតឡើយ។ ជនសង្ស័យបានធ្វើទៅលើកូនរបស់គាត់ជិត ១០ដង នៅរាល់ពេលគាត់មិននៅផ្ទះ។
លោកអធិការរងបន្ថែមថា រឿងនេះត្រូវបែកការណ៍ក្រោយពីក្មេងរងគ្រោះទៅលេងផ្ទះម្តាយមីង (ខាងម្តាយបង្កើតនៅខេត្តតាកែវ) ដោយសារក្មេងរងគ្រោះប្រាប់ម្តាយមីងបង្កើតនាងថា ឪពុកចុងបានចាប់នាងរំលោភ។ ក្រោយពីក្មេងរងគ្រោះប្រាប់ហើយនោះស្រ្តីជាម្តាយមីងក៏បានទូរស័ព្ទប្រាប់ឳពុកបង្កើតក្មេងស្រីរងគ្រោះ និងដឹកក្មេងស្រីងរគ្រោះមកដាក់ពាក្យប្តឹងជនសង្ស័យជាឪពុកចុងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល៕