ព្រៃវែងៈ មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា បុរស​អាយុ​ ៧៣ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅពេល​ដែល​គាត់​កំពុង​ដុត​ស្មៅ​សម្អាត​ចម្ការ​ស្វាយ​របស់​គាត់​ស្ថិតនៅ​ភូមិ​ព្រែកតារ័ត្ន ឃុំ​កំពង់ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​កាលពី​ម៉ោង​ ៤ ​រសៀល​ថ្ងៃទី​ ២៤ ខែ​មីនា ឆ្នាំ​ ២០២០​។

លោក ពៅ ដានី នាយនគរបាល​ប៉ុស្តិ៍​កំពង់ប្រាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា បុរសរងគ្រោះ​ឈ្មោះ​ ចាន់ អឿន អាយុ​ ៧៣ ​ឆ្នាំ​ជា​ប្រជាកសិករ រស់នៅ​ភូមិ​ព្រែកតារ័ត្ន​។

លោក ដានី បាន​ថ្លែង​ដោយ​យោងតាម​ការបញ្ជាក់​ពី​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ ឈ្មោះ ផែង មឺន អាយុ​ ៦៨ ​ឆ្នាំ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នៅ​មុនពេល​កើតហេតុ​បាន​ជិះ​កង់​ទៅ​ចម្ការ​ស្វាយ​របស់គាត់​ដែល​មាន​ចម្ងាយ​ប្រមាណ​ជិត​ ២ ​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់ ដើម្បី​មើលថែទាំ​បូមទឹក និង កាប់ឆ្ការ ដុត​ស្មៅ​ដែល​ដុះ​ក្នុង​ចម្ការ​ស្វាយ​នោះ ហើយ​ក៏​ជួប​គ្រោះថ្នាក់​ភ្លើង​ឆេះ​ស្លាប់​ក្នុង​ចម្ការ​ស្វាយ​នោះ​តែម្ដង​ទៅ​។

លោក​ ដានី ថ្លែង​ថា​៖ «​យោងតាម​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​ជនរងគ្រោះ និង​នៅ​កន្លែង​កើតហេតុ ដោយ​ក្រុម​មន្ត្រីនគរបាល​ជំនាញ​មកពី​ថ្នាក់​ខេត្ត​បាន​បង្ហាញថា ជនរងគ្រោះ​មុន​នឹង​ត្រូវ​ភ្លើង​ឆេះ​បាន​ដួលសន្លប់​ដោយសារ​ការពុល​នឹង​ផ្សែងភ្លើង ព្រោះ​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​ស្បែកជើង​ម្ខាង​ឆេះ​អស់​មួយ​កំណាត់ និង​ដង​រនាស់​មួយ​កំណាត់​ត្រូវបាន​ឆេះ ខណៈ​សព​ជនរងគ្រោះ​ឆេះ​រោល​ខ្លួនប្រាណ​ និង​ដៃជើង និង​នៅក្បែរ​សាកសព​គេ​បាន​ប្រទះឃើញ​មាន​កម្ទេច​ក្រណាត់​អាវ និង​ខោ ព្រមទាំង​ស្មៅ និង ដើម​បន្លា​យួន​មួយចំនួន​ដែល​ឆេះ​មិនទាន់​អស់​»​។ លោក អឿន ឆាត កូន​ជនរងគ្រោះ​បាន​រកឃើញ​ឪពុក​ស្លាប់​ក្នុង​ចម្ការ​៕