ភ្នំពេញៈ ជនសង្ស័យជាជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ និងនារីជាស្រីស្នេហ៍ជនជាតិខ្មែរ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ពីម្សិលមិញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធនឹងករណីឆបោកតាមទំនាក់ទំនងបណ្តាញសង្គមហ្វេសប៊ុក (Facebook)កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញ យ៉ាងខ្លីថា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអ្នកធ្វើការលើរឿងនេះ ដោយបាន បញ្ជូនជន ទាំង ២ ទៅតុលាការរួចរាល់ហើយ ប៉ុន្ដែលោកបានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីខាងលើនេះ។
បើតាមគេហទំព័រហ្វេសប៊ុក របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយកាលពីម្សិលមិញ បានបង្ហាញថា ជនសង្ស័យ ឈ្មោះ NWOSU MARTINS អាយុ ៣១ ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និងស្រីស្នេហ៍ ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ បានបង្កើតអាខោន ហ្វេសប៊ុកក្លែងបន្លំ ទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្ត និងសន្យាផ្ញើលុយមកជនរងគ្រោះ។
បន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីង ឬទ្រូម៉ានីជាបន្តបន្ទាប់ចំនួន ៣ លើក (លើកទី១ ចំនួន ៥៥០ ដុល្លារ លើកទី២ ចំនួន ៥,៣០០ ដុល្លារ និងលើកទី៣ ចំនួន ៤,៧០០ ដុល្លារអាមេរិក)។
អាវុធហត្ថរាជធានីភ្នំពេញបន្តថា ដោយមានការសង្ស័យ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានទៅកំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យបានជាក់ស្តែង នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៩ ព្រមទាំងបានស្រាវជ្រាវឃើញថា ជនសង្ស័យខាងលើ គឺធ្លាប់បានប្រើល្បិចបោកប្រាស់ជនរងគ្រោះអស់ជាច្រើនរយនាក់មកហើយ ។
លោក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានគេហទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថរាជធានីភ្នំពេញដកស្រង់សម្ដីថា៖ «គេអាចបោកយើងបាននៅពេលណាដែល យើងមានចិត្តលោភលន់ក្នុងខ្លួន។ ដូច្នេះខ្ញុំសូមយកមេរៀននេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់»។
លោកបានបន្តថា កុំមានចិត្តលោភលន់ កុំត្រេកត្រអាលជាមួយរង្វាន់ ឬអំណោយដែលគ្មានប្រភព គ្មានប្រវត្តិច្បាស់លាស់ និងត្រូវចងចាំថា គ្មានអ្វី ដែលបានមកដោយងាយស្រួល ដោយមិនបានប្រឹងប្រែងចំណាយកម្លាំងញើសឈាមរកវានោះទេ។ សូមពិចារណាឲ្យបានហ្មត់ចត់ មុនជឿទៅលើអ្វីមួយ ចៀសវាងចាញ់បោក ចាញ់ការលួងលោមរបស់ជនបោកប្រាស់ទាំងនេះ។
លោក អីុ រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញបានបដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយបង្វែរសំណួរឲ្យទៅសួរព្រះរាជអាជ្ញារង លោក លី សុផាណា វិញ។
ប៉ុន្ដែលោក លី សុផាណា អ្នកនាំពាក្យអយ្យការ និងជាព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទើបតែទទួលបានតំណែងជាព្រះរាជអាជ្ញានៅសាលាឧទ្ធរណ៍នោះ កាលពីម្សិលមិញ ភ្នំុពេញប៉ុស្តិ៍នៅមិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញករណីឆបោកនេះបានទេ៕