ភ្នំពេញៈ​ បុរស​វ័យ​ចំណាស់​ជនជាតិ​អូស្ត្រាលី​ម្នាក់​កាល​ពី​ម្សិលមិញ​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​ខ្លួន​វិញ​ពាក់ព័ន្ធ​បទ​ចោទ​ជួញដូរ​គ្រឿង​ញៀន​មេតំ​ហ្វេតាមីន​ជាង ៤០ ក្រាម​ ប្រព្រឹត្ត​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ឆ្នាំ ២០១៧។

ជនជាប់ចោទ​ឈ្មោះ DINOROSSETTO អាយុ ៥១ ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី​បាន​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ថា គាត់​និង​ក្រុម​គ្រួសារ​ជាមួយ​នឹង​កូន ៤ នាក់​ បាន​មក​កម្ពុជា​បើក​អាហារដ្ឋាន ១ កន្លែង​ នៅ​ក្រុង​ព្រះសីហនុ។

ក្នុងអំឡុងពេល​ប្រកប​របរ​រកស៊ី​នោះ​គឺ​គាត់​បាន​ស្គាល់​បុរស​ខ្មែរម្នាក់​ឈ្មោះ ថៃ​ហ្គឺ ហើយ​បុរស​រូប​នេះ​បាន​ឲ្យ​គាត់​ទិញ​ម៉ូតូ​ឲ្យ ១ គ្រឿង​ ដោយ​សន្យា​បង់​រំលស់​ឲ្យ​គាត់​ជា​រៀងរាល់​ខែ។

ជនជាប់ចោទ​បន្តថា​ក្នុងពេលស្គាល់គ្នា​នោះ ឈ្មោះ​ថៃ​ហ្គឺ ក៏បាន​ណែនាំ​ឲ្យ​គាត់​ស្គាល់​នារី​ខ្មែររកស៊ី​ផ្លូវភេទ​ម្នាក់ ហើយ​ពួក​គាត់​តែង​តែ​បបួល​គ្នា​ជក់​ថ្នាំញៀន​ក្នុង​បន្ទប់​ជួល​របស់​គាត់។ ប៉ុន្តែ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី ៤ ខែ​ កញ្ញា ឆ្នាំ ២០១៧ គាត់​ត្រូវ​បាន​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ខេត្ត​ព្រះសីហនុ​ចាប់​ខ្លួន​នៅ​សួនច្បារ ១ នៅ​ក្រុង​ព្រះសីហនុ​ហើយ​នគរបាល​ប្រាប់​គាត់​ថា គេ​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១ កូន​ថង់​តូច​នៅ​លើ​ដី​ក្បែរ​កន្លែង​គាត់​ឈរ​នោះ។

លោក DINO ROSSETTO បានបញ្ជាក់ថា៖ «ពេល​នោះ​ខ្ញុំ​បានស្នើ​ឲ្យ​ប៉ូលិស​បង្ហាញ​គ្រឿង​ញៀន​ដល់​ខ្ញុំ ប៉ុន្តែ​ប៉ូលិស​មិន​ឲ្យ​ខ្ញុំ​បាន​ឃើញ​ទេ»។

លោក DINOROSSETTO បន្តថា បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច​ក៏បាន​នាំ​លោក​ទៅ​បន្ទប់​ស្នាក់នៅ​ ក្នុង​ភូមិ ២ សង្កាត់ ៣ ក្រុង​ព្រះសីហនុ ហើយ​សមត្ថកិច្ច​បាន​ឆែកឆេរ​ក្នុង​បន្ទប់​នោះ​និង​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​សថ្លា ១ កញ្ចប់​ធំ​ទៀត មាន​ទម្ងន់ ៤០,៨៧ ក្រាម ហើយ​សមត្ថកិច្ច​ប្រាប់​គាត់​ថា ជា​គ្រឿង​ញៀន​ទៀត​ផង។ ប៉ុន្តែ គាត់​បាន​ប្រាប់​ចៅក្រម​ថា ក្នុង​បន្ទប់​ស្នាក់នៅ​នោះ មិន​មាន​លាក់​គ្រឿង​ញៀន​ទេ ប៉ុន្តែ​គាត់​សន្និដ្ឋាន​ថា អាច​ឈ្មោះ ថៃ​ហ្គឺ ទម្លាក់​កញ្ចប់​គ្រឿង​ញៀន​នៅ​ទីនោះ ព្រោះ​មុន​ចាប់ខ្លួន​គាត់ គឺ​បុរស​ឈ្មោះ​ ថៃ​ហ្គឺ​ និង​មិត្តស្រី​របស់​គាត់​ជា​នារី​រកស៊ី​ផ្លូវភេទ​ដែល​ជា​ភ្នាក់ងារ​សម្ងាត់​របស់​នគរបាល​បាន​មក​ផ្ទះ​របស់​គាត់​ដើម្បី​សង​លុយ​បង់​រំលស់​ម៉ូតូ​ដែល​ឈ្មោះ ​ថៃ​ហ្គឺ​ បាន​សន្យា​សង​គាត់ ១០០ ដុល្លារ​ក្នុង ១ ខែ ផ្ទុយទៅ​វិញ​ឈ្មោះ​ ថៃ​ហ្គឺ​ បាន​ឲ្យ​គាត់​តែ ១០ ដុល្លារ​ទេ​ក្នុង ១ ខែ។ ប៉ុន្តែ​ពេលនោះ គាត់​ក៏​បបួលគ្នា​ជក់​គ្រឿងញៀន​ជាមួយ​មិត្តស្រី​របស់​ឈ្មោះ ថៃហ្គឺ។

ជនជាប់ចោទ​បន្តថា ក្រោយពី​ជក់​ថ្នាំញៀន​រួច គាត់​បាន​ឲ្យ​ឈ្មោះ ​ថៃហ្គឺ និង​មិត្តស្រី​ចេញ​តាមទ្វារ​ក្រោយ ហើយ​ប្រហែល​ពេល​នោះ​ហើយ​ដែល​ឈ្មោះ​ ថៃហ្គឺ​ ទម្លាក់​គ្រឿង​ញៀន​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​រកឃើញ និង​ចោទ​ប្រកាន់​មក​លើ​គាត់។

ជនជាប់ចោទ​ជាតិ​អូស្ត្រាលីរូបនេះ ត្រូវបាន​សាលាដំបូងខេត្ត​ព្រះសីហនុ​ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​មករា​ឆ្នាំ ២០១៨ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៥ ឆ្នាំ ចោទ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​តាម​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន។ប៉ុន្តែ​ជន​ជាប់​ចោទ​បាន​ប្តឹង​ឧទ្ធរណ៍ ហើយ​ត្រូវបាន​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ដដែល ហើយ​បន្ទាប់​មក ជន​ជាប់​ចោទ​បាន​ពឹង​មេធាវី​ឈ្មោះ លី ហេង និង​មេធាវី ឈ្មោះ មិន បូរ៉ា ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ទៀត។

ជនជាប់ចោទ​ថា៖ «ករណីនេះ​ខ្ញុំ​ស្នើសុំ​ឲ្យ​តុលាការ​កំពូលដោះលែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​ខ្ញុំ​មិន​បាន​ជួញដូរ​គ្រឿង​ញៀន​ដូច​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស​ទេ»។

ទោះយ៉ាងណា បើតាម​កំណត់ហេតុ​របស់​តុលាការ បង្ហាញថា​ដោយសារ​តែមាន​ទំនាក់​ទំនង​គ្នា​ពី​បញ្ហា​គ្រឿង​ញៀន​នេះ​ហើយ ទើប​ឈ្មោះ ថៃហ្គឺ ក៏ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ផងដែរ តែ​ចាប់​ខ្លួន​ក្នុង​ថ្ងៃ​ខុសគ្នា ហើយបច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ខេត្ត​ព្រះសីហនុ។

លោក ឈួន ចាន់ថា តំណាង​មហាអយ្យការ សន្និដ្ឋានថា ក្រោយពី​បាន​ពិនិត្យ​មើល​សំណុំ​រឿង​គឺ​ជន​ជាប់​ចោទ​ត្រូវ​បាន​តុលាការ​ជម្រះ​លើ​អង្គ​សេចក្តី​ដោយ​ចោទ​ប្រកាន់​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ដែល​ផ្អែក​តាម​ការ​ចោទ​ប្រកាន់​នេះ លោក​យល់​ថា ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​គឺ​ត្រឹមត្រូវ​ហើយ។

លោក​ថ្លែងថា៖ «ដូច្នេះ​ខ្ញុំ សូម​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ទុកជា​បាន​ការ»។

លោក លី ហេង ជា​មេធាវីការពារ​សិទ្ធិ​ឲ្យ​លោក DINO ROSSETTO បាន​សន្និដ្ឋាន​ថា កូនក្តី​លោក បាន​ស្គាល់​គ្នា​ជាមួយ​ឈ្មោះ ថៃហ្គឺ ហើយ​បើ​តាម​កូនក្តី​លោក​ថា រឿងរ៉ាវ​នេះ​គឺ​ឈ្មោះ​ថៃហ្គឺ​ជា​អ្នក​បង្កើត​ទាំងអស់។ ព្រោះ​ថា ឈ្មោះ​ថៃ​ហ្គឺ​បាន​ជំពាក់​លុយ​កូនក្តី​លោក​ដែល​មាន​មុខរបរ​រក​ស៊ី​ត្រឹមត្រូវ ហេតុ​អី​កូនក្តី​របស់​លោក​ទៅរកស៊ី​គ្រឿង​ញៀន​នោះ?

លោក​ថា៖ «ខ្ញុំ​សុំ​ឲ្យ​តុលាការ​លើកលែង​បទ​ចោទ និង​ដោះលែង​កូនក្តី​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ​ព្រោះ​កូនក្តី​ខ្ញុំ​មាន​ជំងឺ​ផ្លូវចិត្ត ហើយ​ក៏មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​នៅ​ប្រទេស​អូស្ត្រាលី​ដែរ»។

ក្រោយ​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែង​ថា សាល​ដីកា​នៃ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី ៨ ខែ​កក្កដា ខាងមុខ៕