ភ្នំពេញៈ ផលិតករ​ភាពយន្ត​ជនជាតិ​អូស្ត្រាលី​លោក James Ricketson ត្រូវ​បាន​សួរ​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែល​ជា​ថ្ងៃទី​ ៦ នៃ​សវនាការ​ពី​បទ​ចារកម្ម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ប៉ុន្តែ​បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​គណបក្ស​នេះ​ទេ បើទោះ​ជា​ចៅក្រម​លើក​ឡើង​អំពី​អ៊ីមែល​ពាក់ព័ន្ធ​ជាច្រើន​ដែល​លោក​បាន​ទាក់ទង​ជាមួយ​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី​។

ចៅក្រម កុយ សៅ ដំបូង​បាន​សួរ​លោក Ricketson អំពី​អ៊ីមែល​មួយ​ចំនួន​ដែល​លោក​បាន​សរសេរ​ទៅ​អតីត​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull និង​មិត្តភក្តិ​គាត់​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​។ ចៅក្រម កុយ សៅ បាន​ថ្លែង​ថា អ្វី​ដែល​លោក Ricketos បាន​សរសេរ​គឺ​មិនមែន​ជា​ភាសា​អ្នក​កាសែត​ ឬ​ភាសា​ភាពយន្ត​ទេ ប៉ុន្តែ​ជា​ «​ការ​ញុះញង់​»​។

ចៅក្រម​រូប​នេះ​បាន​សួរ​ថា​៖ «​តើ​ការសរសេរ​របស់​អ្នក​មាន​លក្ខណៈ​ជា​អ្នក​កាសែត ភាពយន្ត​ ឬ​ការ​ញុះញង់​ជា​ការងារ​ចារកម្ម​ ឬ​ដើម្បី​ឲ្យ​គេ​ស្អប់​កម្ពុជា​?» «​នៅក្នុង​អ៊ីមែល​នោះ អ្នក​ថែម​ទាំង​បរិហារកេរ្តិ៍​សម្តេច ហ៊ុន សែន ដោយ​ថ្លែង​ថា គាត់​សម្លាប់​មនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ និង​អ្វី​ដទៃៗ​ទៀត​ជាពិសេស​និយាយ​អាក្រក់​អំពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដូចជា​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការសរសេរ​ប្រភេទ​នេះ​មិនមែន​ជា​ការងារ​អ្នក​កាសែត​ទេ វា​ជា​ការ​ញុះញង់​។ តើ​ការសរសេរ​របស់​អ្នក​មាន​គោលបំណង​អ្វី​?»​។

តាមរយៈ​អ៊ីមែល​ព្រីន​ចេញ និង​អាន​ដោយ​ចៅក្រម កុយ សៅ លោក Ricketson បាន​ថ្លែង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រំលោភបំពាន​សិទ្ធិ​មនុស្ស​ដូចជា ការ​លួច​យក​ដីធ្លី​ប្រជាជន បំផ្លាញ​ផ្ទះ​សំបែង បំភិតបំភ័យ និង​ដាក់​​ពន្ធនាគារ​អ្នក​ដែល​ប្រឆាំង​នឹង​លោក​។ លោក​បាន​ថ្លែង​បន្ត​តាម​អ៊ីមែល​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​រៀបចំ​ឲ្យ​កូនប្រុស​របស់​គាត់​ធ្វើ​មេដឹកនាំ​កម្ពុជា​។ ជាមួយ​នោះ​អ៊ីមែល​របស់​លោក Ricketson ក៏​ជំរុញ​អតីត​នាយក​រដ្ឋមន្ត្រី Turnball មិន​ឲ្យ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ទៅ​អូស្ត្រាលី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​កាត់​ជំនួយ​ដល់​កម្ពុជា​។ លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​អង្គរក្ស​ប្រដាប់​ដោយ​អាវុធ​ធុន​ធ្ងន់​ជាង​ ១០ ០០០ ​នាក់​។

ជា​ការ​ឆ្លើយតប​នឹង​សំណួរ​របស់​ចៅក្រម​លោក Ricketson បាន​ថ្លែង​ថា អ្វី​ដែល​លោក​បាន​សរសេរ​ទៅ​មិត្តភក្តិ​អូស្ត្រាលី​ម្នាក់ និង​លោក Turnball គឺជា​អ៊ីមែល​ឯកជន និង​គ្រាន់​តែ​បង្ហាញ​អំពី​មតិយោបល់​របស់​លោក​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​។

លោក​បាន​សួរ​ទៅ​ចៅក្រម​វិញ​ថា​៖ «​នេះ​ជា​អ៊ីមែល​ឯកជន​។ គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​បង្ហាញ​អំពី​មតិយោបល់​របស់​ខ្ញុំ ប្រសិន​បើ​អ្នក​ចូល​ទៅ​ក្នុង​ google អ្នក​នឹង​ឃើញ​មតិយោបល់​បែប​នេះ ហើយ​ប្រសិន​បើ​វា​សម្រាប់​ចារកម្ម តើ​ផ្នែក​ណា​មួយ​នៃ​អ៊ីមែល​នោះ​រំលោភ​មាត្រា​ ៤៤៦?»​។

លោក Ricketson បាន​ថ្លែង​ថា​នៅ​ក្នុង​អ៊ីមែល​នោះ​ «​គណបក្ស​ដែល​តំណាង​ឲ្យ​ក្តីសង្ឃឹម តំណាង​ឲ្យ​ការផ្លាស់ប្តូរ​​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​»​។ នៅក្នុង​របាយការណ៍​នគរបាល​ដែល​អាច​នៅក្នុង​តុលាការ​លោក Ricketson បាន​ថ្លែងថា ប្រសិន​បើ​លោក​មាន​សិទ្ធិ​បោះឆ្នោត​ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

ក្នុង​អ៊ីមែល​មួយ​ទៀត​លោក Ricketson បាន​សរសេរ​ទៅ​ភរិយា​លោក សម រង្ស៊ី លោកស្រី ជូឡុង ស៊ូម៉ារ៉ា សុំ​ឲ្យ​លោកស្រី​ផ្ទៀងផ្ទាត់​ការសរសេរ​របស់​លោក​ពេល​លោក​ផ្ញើ​ទៅ​អូស្ត្រាលី​។ ចៅក្រម កុយ សៅ បាន​សួរ​ថា ហេតុអ្វី​បាន​ជា​លោក​ត្រូវការ​លោកស្រី ស៊ូម៉ារ៉ា កែ​ការសរសេរ​នោះ​? ប៉ុន្តែ​លោក Ricketson ​ឆ្លើយ​ថា​វា​គ្រាន់តែ​ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​មាន​កំហុស​អំពី​ការពិត​ណា​ឬ​អត់​? លោក​បាន​បន្ត​ថា​លោក​មិន​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ក្រៅពី​ការងារ​ជា​អ្នក​កាសែត​។

លោក​បាន​បំភ្លឺ​ថា ក្រៅពី​ផ្ញើ​រូបភាព​វីដេអូ​ដែល​ថត​ដោយ​យន្ត​ហោះដ្រូន​របស់​លោក​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ធ្លាប់​ផ្ញើ​រូបថត​មួយ​ចំនួន​ដោយ​ស្ម័គ្រចិត្ត​។ ប៉ុន្តែ​លោក​បាន​ថា​មិន​បាន​ផ្តល់​ដំបូន្មាន​ដល់​អតីត​​គណបក្ស​ប្រឆាំង​នោះ​ទេ​។

ប្រធាន​ចៅក្រម លោក សេង លាង បាន​សួរ​ថា​៖ «​ចន្លោះ​ពី​ថ្ងៃ​ទី​ ២១ ដល់​ថ្ងៃទី​ ២២ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ មាន​អ៊ីមែល​ចំនួន​ ៥ ​ដែល​លោក​បាន​ទាក់ទង​ជាមួយ​លោក សម រង្ស៊ី តើ​នោះ​ពិត​ឬ​អត់​? តើ​វីដេអូ​អ្វី​ដែល​អ្នក​បាន​ផ្ញើ​ទៅ​លោក សម រង្ស៊ី​?»​។

លោក Ricketson បាន​ថ្លែង​ថា​លោក សម រង្ស៊ី បាន​ស្នើសុំ​បង្ហោះ​វីដេអូ​នោះ​លើ​ហ្វេសប៊ុក​របស់​លោក​។ ប៉ុន្តែ​លោក​គ្រាន់តែ​ផ្ញើ​ឲ្យ​លោក សម រង្ស៊ី នូវ YouTube line ប៉ុណ្ណោះ​។

ចៅក្រម សេង លាង បាន​សួរ​ថា តើ​លោក Ricketson បាន​ទទួល​អ្វី​ជា​ថ្នូរ​ពី​ការស្នើសុំ​ឲ្យ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​មិន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​កាត់​ជំនួយ​ដល់​កម្ពុជា​?

លោក Ricketson ថ្លែង​ថា​៖ «​ខ្ញុំ​មិន​បាន​ទទួល​អ្វី​ពី​វា​ទេ​។ យើង​រិះគន់​រដ្ឋាភិបាល​ចំពោះ​កិច្ចព្រមព្រៀង​បញ្ជូន​ជន​ភៀសខ្លួន​ ៣១ ​នាក់​ជាមួយ​ប្រាក់​ ៥០ ​លាន​ដុល្លារ​។ ការសរសេរ​ទៅ​នាយករដ្ឋមន្ត្រី​គឺជា​រឿង​ធម្មតា​នៅ​អូស្ត្រាលី​»​។

ចៅក្រម សេង លាង បាន​បញ្ជាក់​ថា​ការជំនុំជម្រះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​៕ PS