ភ្នំពេញៈ ផលិតករ​ភាពយន្ត​ជាតិ​អូស្ត្រាលី​បាន​ផ្តល់​សក្ខីកម្ម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ កាលពី​ម្សិលមិញ ​ប្រឆាំង​នឹង​ការ​ចោទ​រូប​លោក​ពី​បទ​ចារកម្ម​ដោយ​ថា ការចាប់​ខ្លួន​​នោះ​អាច​មកពី​ច្រឡំ​លោក​ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ​ James ដូច​គ្នា​ដែល​ឈ្មោះ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ជាប់​ពាក់ព័ន្ធ​នឹង​កូនស្រី​លោក​ កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ហៅ ម៉ូណា​។

លោក James Ricketson អាយុ​ ៦៩ ​ឆ្នាំ​បាន​ឆ្លើយ​នៅ​តុលាការ​នា​ថ្ងៃ​ទី​ ៥ ថា គាត់​ត្រូវ​បាន​ចោទ​ពី​បទ​ចារកម្ម​ចាប់ពី​ឆ្នាំ​ ១៩៩៥ ​រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​​នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា​ឆ្នាំ​មុន​។

លោក​ថា​៖ «​ក្នុង​អំឡុង​ឃុំ​ខ្លួន​ខ្ញុំៗ​បាន​ឮ​ថា​មាន​បុរស​ម្នាក់​ទៀត​ឈ្មោះ James ដូច​ខ្ញុំ​ដែរ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កូនស្រី​លោក​ កឹម សុខា ឈ្មោះ​ ម៉ូណា​ ​។ ពួកគេ​អាច​គិត​ថា ខ្ញុំ​គឺជា​ចារកម្ម​ជនជាតិ​អាមេរិក ដូច្នេះ​ទើប​គេ​ចាប់​ខ្លួន​ខ្ញុំ​»​។

លោក​បាន​ឆ្លើយ​នឹង​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​គឺ​លោក​ គង់ សំអុន ថា​៖ «​​វា​គឺជា​កំហុស​មួយ​ហើយ​ខ្ញុំ​គិត​ថា កំហុស​នោះ​នឹង​ត្រូវ​បាន​កែតម្រូវ​ក្នុង​ប៉ុន្មាន​សប្ដាហ៍ ប៉ុន្តែ​វា​មិន​ទាន់​ត្រូវ​បាន​​កែ​ទេ​រហូត​មក​ទល់​ពេល​នេះ​»​។

លោក Ricketson ថា​គាត់​គ្មាន​ទំនាក់ទំនង​អ្វី​ជាមួយ​រដ្ឋាភិបាល​ ឬ​យោធា​ទេ ហើយ​ថា​​ការ​ចាប់​ខ្លួន​៖ «​គ្មាន​ដីកា​ទេ​»​។

លោក​បន្ត​ថា​រូប​លោក​មិន​ត្រូវ​បាន​ចាប់ខ្លួន​ ខណៈ​កំពុង​បង្ហ្រោះដូន​ពី​លើ​ក្បួន​ប្រមូលផ្តុំ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ចាប់​ពេល​លោក​កំពុង​អង្គុយ​ជាមួយ​កូនស្រី​ចិញ្ចឹម​ឈ្មោះ​ ចាន់ ធី និង​ក្មេងស្រី​ម្នាក់​ទៀត​ឈ្មោះ​ រ៉ូសា ខាង​ជើង​សួន​ព្រះបរមរាជវាំង​នៅ​ម៉ោង​ ៥ ​ល្ងាច​។

លោក​ Ricketson ​ថា​៖ «​ពេល​នោះ​បុរស​ម្នាក់​ដែល​ស្លៀកពាក់​ស៊ីវិល​បាន​មក​និយាយ​ជាមួយ​ខ្ញុំ​ក្នុង​លក្ខណៈ​រាក់ទាក់​។ គាត់​ថា​គាត់​មកពី​នាយកដ្ឋាន​អន្តោប្រវេសន៍​។ បន្ទាប់មក​ប៉ូលិស​ក្នុង​ឯកសណ្ឋាន​ ១២ ​នាក់​បាន​មក​សួររក​លិខិត​ឆ្លងដែន​ខ្ញុំ​។ ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​បាន​ទុក​វា​នៅ​ផ្ទះ​សំណាក់​។ ពួកគេ​ក៏​និយាយ​ថា ក្នុង​នាម​ជនបរទេស​ខ្ញុំ​ត្រូវ​តែ​យក​លិខិត​ឆ្លងដែន​តាម​ខ្លួន​គ្រប់ពេល​»​។

លោក Ricketson បញ្ជាក់​ថា ខណៈ​គាត់​ត្រូវ​បាន​ចាប់ខ្លួន​ប៉ូលិស​បាន​ឱ្យ​គាត់​ទៅ​ការិយាល័យ​កណ្តាល​ដើម្បី​សួរ​ដោយ​មិន​បង្ហាញ​ដីកា​ទេ​។

លោក​ថា​នៅ​ព្រឹក​ថ្ងៃ​ ៤ ​មិថុនា​ ២​០១៧ ប៉ូលិស​បាន​យក​ទ្រព្យសម្បត្តិ​លោក​ទាំងអស់​ចេញ​ពី​ផ្ទះ​សំណាក់​។ លោក​ Ricketson ថា​គាត់​បាន​យល់​ព្រម​ឱ្យ​ប៉ូលិស​ពិនិត្យ​ទូរស័ព្ទ ប៉ុន្តែ​មិន​ឲ្យ​ឆែក​កុំព្យូទ័រ​យួរដៃ​ទេ​។ ទោះជា​យ៉ាង​ណា លោក​ថា​ ១១ ​ខែ​ក្រោយ​មក​តុលាការ​បាន​បង្ហាញ​​ឯកសារ​ ១៦០០ ​ទំព័រ​ដែល​ព្រីន​ចេញ​ពី​កុំព្យូទ័រ​របស់​គាត់​។

យ៉ាង​ណា​ចៅក្រម​ថា សវនាការ​ត្រូវ​ពន្យារពេល ហើយ​នឹង​​បន្ត​នៅ​ថ្ងៃ​នេះ​ទៀត​៕ NS