ភ្នំពេញៈ អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ជន​​ជាតិ​អូស្ត្រា​លី​ James Ricketson បាន​អះ​អាង​ថា​នឹង​បន្ត​គម្រោង​ជួយ​ជន​ក្រី​ក្រ​រើស​អេត​ចាយ​នៅ​កន្លែង​ចាក់​សំរាម​ជើង​ឯក ​ក្រោយ​ពេល​ត្រឡប់​ទៅ​ដល់​អូស្ត្រា​លី​វិញ ​ដោយ​គ្រោង​រៃ​អង្គាស​ថវិកា​ឲ្យ​បាន​ជាង​កន្លះ​លាន​ដុល្លារ​ ខណៈ​ដែល​លោក​និង​សហ​ការី​៣​នាក់​ទៀត​បាន​​​ដាក់​ដំណើរ​ការ​គេហ​ទំព័រ​មួយ​ឈ្មោះ​ថា ​«Family by Family»។

លោក Ricketson បាន​ថ្លែង​នៅថ្ងៃទី​១៥ ​ខែតុលា​នេះថា លោក​ព្យាយាម​រៃ​អង្គាស​ថវិកា​ដំបូង​ឲ្យ​បាន​៥ម៉ឺន​ដុល្លារ​ដើម្បី​ជួយ​គ្រួសារ​ទាំង​នេះ ហើយ​នឹង​បន្ត​រៃ​អង្គាស​បន្ត​បន្ទាប់​ទៀត។ លោក​ថ្លែង​ថា​លោក​បាន​ជួយ​គ្រួសារ​ជា​ច្រើន​រួច​មក​ហើយ ​ដោយ​អ្នក​ខ្លះ​បាន​ត្រឡប់​ទៅ​រស់​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​ ហើយ​បោះ​បង់​​មុខ​របប​រើស​អេត​ចាយ​។​

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ជួយ​គ្រួសារ​ក្រី​ក្រ​នៅ​កម្ពុជា​អស់​រយៈ​ពេល​២២​ឆ្នាំ​ហើយ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​​ប្រទេស​កម្ពុជានិង​ប្រជា​ជន​កម្ពុជា ជា​ពិសេស​អ្នក​ក្រីក្រ។ ពួក​គេ​សម​តែ​ទទួល​បាន​នូវ​ឱកាស​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ជាង​នេះ ជា​ពិសេស​​ពួក​ក្មេងៗ»។

លោក Ricketson ដែល​មាន​អាយុ​៦៩ឆ្នាំត្រូវ​បាន​សលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​ផ្តន្ទា​ទោស​កាល​ពី​ខែ​សីហាដោយ​កំណត់​​ដាក់​ពន្ធនាគារ​៦​ឆ្នាំពីបទ​ចារ​កម្ម​និង​ប្រមូល​ព័ត៌​មាន​ជា​អាទិ៍​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ។ប៉ុន្តែ​លោក​ទទួល​បាន​ការ​លើក​លែង​ទោស​​ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា​កាល​ពី​ខែ​កញ្ញា ត្រឡប់​ទៅ​ប្រ​ទេស​អូ​ស្ត្រាលី​វិញ​។

លោក​បាន​ថ្លែងថា៖«ពេល​វេលា​របស់​ខ្ញុំ​នៅ​ក្នុង​គុក​ មិន​បាន​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ខ្ញុំ​អំពី​ប្រទេស​កម្ពុជា​ទេ។ ខ្ញុំ​គិត​អំពី​ប្រទេស​នេះ​ដូច​ជា​ ជម្លោះ​ក្នុង​រឿង​ស្នេ​ហា​មួយ។អ្នក​ខ្លះ​នៅ​ក្នុង​ជួរ​រដ្ឋាភិ​បាល​គិត​ថា​ខ្ញុំ​ស្អប់​ប្រទេស​កម្ពុជា។​ពួក​គេ​យល់​ខុស​ហើយ។ខ្ញុំ​ស្រ​ឡាញ់​ប្រទេស​កម្ពុជា»។

គ្រួសារ​មួយ​ក្នុង​ចំណោម​គ្រួសារ​ដែល​លោក Ricketson បាន​ជួយ​គឺ​ឪពុក​ម្តាយ​របស់​នាង នូវ ស្រី​ពេជ្រ។ លោក Ricketson និយាយ​ថា លោក​បាន​ចំណាយ​ប្រាក់ ៧​ពាន់​ដុល្លារ ​ដើម្បី​ជួយ​ឲ្យ​គ្រួសារ​នេះបាន​​វិល​ទៅ​រស់​នៅ​ស្រុក​កំណើត​របស់​ពួក​គេ​​វិញ​នៅ​ខេត្ត​ព្រៃវែង។

ស្រី​ពេជ្រ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃទី​១៥​ខែ​តុលា​នេះ​ដែរ​​ថា នាង​និង​គ្រួសារ​នាង​បាន​ស្គាល់​លោក Ricketson​ រយៈ​ពេល​ប្រហែល​៧​ឆ្នាំ​ហើយ ដោយ​នាង​នៅ​ចាំ​បាន​​ថា លោក Ricketson បាន​ជួយ​ដល់​គ្រួសារ​ចំនួន​ ១៧​ ​ដែល​​រើស​សំរាម​នៅ​កន្លែង​ចាក់​សំរាម​ជើង​ឯក។

ស្រី​ពេជ្រ និ​យាយ​ថា៖ «គាត់​ជួយ​ទិញ​របស់​ឲ្យ ធ្វើ​ឲ្យ​គាត់​អាច​ត្រឡប់​ទៅ​រស់​នៅ​ភូមិវិញ។ គាត់​ឲ្យ​ដូច​ជា​អង្ករ និង​ថិវកា ហើយ​គាត់​​ជួយ​​​គ្រួសារ​ដែល​ចង់​ទៅ​រស់​នៅ​ស្រុក​កំណើត​វិញ ប្រសិន​បើពួក​គេ​ចង់​ទៅ»។

នាង​ថ្លែងថា​ នាង​ចង់​ឃើញ​ក្មេងៗ​ដែល​រស់​នៅ​​ក្បែរ​កន្លែង​ចាក់​សំរាម និង​រើស​អេត​ចាយ​អាច​មាន​លទ្ធ​ភាព​ទៅ​រៀន​ដូច​ក្មេង​ដទៃ​ទៀត។

យ៉ាង​ណា​ក្ដី យោង​តាម​ច្បាប់​កម្ពុជា លោក Ricketson មិន​អាច​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ទេ​ ក្រោយ​ពេល​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ពីប​ទ​ឧក្រិដ្ឋ។ ប៉ុន្តែ​ លោក​ថ្លែង ​ថា លោក​មាន​សុទិដ្ឋិ​និយម​អំពី​ការ​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​និង​ប​ន្ត​ការងារ​មនុស្ស​ធម៌​របស់​លោក។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​​មក​​ទស្សនា​ប្រទេស​កម្ពុជា​ទេ។ បើ​រដ្ឋាភិបាល​ចង់​បញ្ឈប់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​ការ​ងារ​មនុស្ស​ធម៌​នៅ​កម្ពុជា ​នោះ​គឺជា​ការ​ស​ម្រេច​ចិត្ត​របស់​គាត់។ ខ្ញុំ​នឹង​ប​ន្ត​ជួយ​ដល់​​គ្រួសារ​ក្រី​ក្រ​នៅ​កម្ពុជា​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​មិនឱ្យ

​ខ្ញុំ​ទៅ​ទស្សនា​កម្ពុជា​ក៏​ដោយ​ចុះ»៕