
កំពង់ចាមៈ បុរសអាយុ ៣៥ឆ្នាំម្នាក់ មកពីខេត្តកំពង់ចាម ត្រូវសង្ស័យថា បានឆ្លងជំងឺគ្រុនផ្តាសាយបក្សី នឹងអាចក្លាយជាមនុស្សទី៨ ដែលរងគ្រោះដោយជំងឺគ្រុនផ្តាសាយបក្សី( H5N1) នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ ប្រសិនបើការធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា មានមេរោគវិជ្ជមាន។ នេះបើយោងតាមមន្រ្តីសុខាភិបាលដែលបានថ្លែងឲ្យដឹងកាលពីម្សិលមិញ។
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួង សុខាភិបាល បានថ្លែងថា បុរសម្នាក់ត្រូវបានយកទៅមន្ទីរពេទ្យខេត្តកំពង់ចាមដោយសារមាន បញ្ហាពាក់ព័ន្ធនឹងផ្លូវដង្ហើម បន្ទាប់ពីគាត់បានទទួលទានសត្វទាចំនួនពីរ ដែលបានងាប់នៅក្នុងភូមិរបស់គាត់ ដែលជាកន្លែងសត្វបក្សីមួយចំនួនបានងាប់ក្នុងពេលថ្មីៗនេះ។
លោក សៀង ណាត ប្រធានមជ្ឈមណ្ឌលសុខភាពក្នុងឃុំមេ សជ្រៃ ដែលជាឃុំជនរងគ្រោះរស់នៅ បានប្រាប់ឲ្យដឹងពីម្សិលមិញថា លោកបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកភ្លាមៗ បន្ទាប់ពីបានដឹងថា គាត់អាចមានរោគសញ្ញាផ្តាសាយបក្សី H5N1 កាលពីថ្ងៃទី៦ ខែកុម្ភៈ។
លោកបានថ្លែងថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងអប់រំណែនាំពីរាជរដ្ឋាភិបាលក៏ដោយ ក៏«អ្នកភូមិមួយចំនួននៅតែទទួលទានសត្វបក្សី ដែលមានជំងឺឬងាប់ដដែល»។
លោក Lotfi Allal នៅអង្គការកសិកម្ម និងស្បៀងអាហារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា ការគ្រប់គ្រងវិរុស គឺពិបាក នៅក្នុងប្រទេសមួយដែល ៨០ភាគរយនៃសត្វបក្សីត្រូវបានដាក់នៅជិតផ្ទះឬគ្មានសណ្តាប់ ធ្នាប់ត្រឹមត្រូវ។
គួររំឭកថា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃទី១៣ កុម្ភៈ បានបង្ហាញថាកុមារីអាយុ៣ឆ្នាំ ម្នាក់ដែលបានប៉ះពាល់សត្វមានឈឺងាប់ នៅស្រុកអង្គរជ័យ ខេត្តកំពត បានកើតគ្រុនក្តៅខ្លួន និងឡើងកន្ទូល ហើយចូលដេកសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផាតាំងពីថ្ងៃទី ៣ ខែ កុម្ភៈ បានស្លាប់នៅថ្ងៃ ១៣កុម្ភៈ ដោយសភាពជំងឺធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។
លោក Sonny Krishnan មន្រ្តីទំនាក់ទំនងនៅអង្គការសុខភាពពិភពលោកនៅកម្ពុជា បានបញ្ជាក់ថា៖ «នេះជាតួលេខខ្ពស់បំផុត យើងបានជួបប្រទះ បើគិតពីករណីប្រចាំខែ»។ លោកបានកត់សម្គាល់ថា មនុស្ស ៦ នាក់បានស្លាប់ដោយសារជំងឺផ្តាសាយ H5N1 តែក្នុង៣សប្តាហ៍ចុងក្រោយក្នុងឆ្នាំនេះ។
លោកបន្តថា ថ្វីបើមានការព្យាបាលដោយប្រើថ្នាំ tamiflu ក្នុង៤៨ ម៉ោងចាប់ពីមានរោគសញ្ញា ដើម្បីការពារកុំឲ្យអ្នកជំងឺគ្រុនផ្តាសាយបក្សីស្លាប់ ប៉ុន្តែ នៅកម្ពុជាមានអត្រាស្លាប់ខ្ពស់ ដោយសារតែអ្នកជំងឺភាគច្រើនមកដល់មន្ទីរពេទ្យ នៅដំណាក់កាលចុងក្រោយនៃជំងឺ។
ចាប់ពីមេរោគ H5N1 លេចឡើង១ទសវត្សមុន កម្ពុជាជួប អ្នកមានជំងឺនេះ២៨ ករណី ក្នុងចំណោម ៦១៩ ករណីនៅលើពិភពលោក ហើយក្នុងនោះ ២៥ នាក់បានស្លាប់ដែលអ្នករងគ្រោះ ភាគច្រើនជាក្មេងស្រី៕ PS