The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បុរស ស្ត្រី​ជនជាតិចិន​ ២ ​នាក់​ប្តី​ប្រពន្ធ​រងរបួស ​ដោយ​ភ្លើង​ឆេះ​ហាង​គ្រឿង​សង្ហារិម




បុរស ស្ត្រី​ជនជាតិចិន​ ២ ​នាក់​ប្តី​ប្រពន្ធ​រងរបួស ​ដោយ​ភ្លើង​ឆេះ​ហាង​គ្រឿង​សង្ហារិម

Content image - Phnom Penh Post
សម​ត្ថ​កិច្ច​កំពុង​បាញ់​​ទឹក​ពន្លត់​​ភ្លើង​ដែល​ឆាប​ឆេះ​អគារលក់​គ្រឿង​សង្ហា​រិមនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុង​សង្កាត់​បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជ​ធានី​ភ្នំពេញ​ កាលពីម្សិល​មិញ។ ហេង ជីវ័ន

បុរស ស្ត្រី​ជនជាតិចិន​ ២ ​នាក់​ប្តី​ប្រពន្ធ​រងរបួស ​ដោយ​ភ្លើង​ឆេះ​ហាង​គ្រឿង​សង្ហារិម

ភ្នំពេញៈ យ៉ាង​ហោចណាស់​មាន​បុរស ស្ត្រី​ជនជាតិចិន​ ២ ​នាក់​ប្ដី​ប្រពន្ធ​ បាន​រងរបួស​ក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ហាង​លក់​គ្រឿងសង្ហារិម​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​។

លោក​ ព្រំ យ៉ន នាយការិយាល័យ​នគរបាល បង្ការ និង​ពន្លត់​អគ្គិភ័យ រាជធានី​ភ្នំពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ថា ​ជនរងគ្រោះ​ឈ្មោះ CHEN TING អាយុ​ ៣២ ​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ LIN JUAN អាយុ​ ៣១ ​ឆ្នាំ​ដែល​អ្នក​ទាំង​ ២ ជា​ជនជាតិ​ចិន និង​ជា​ម្ចាស់​ហាង​លក់​គ្រឿងសង្ហារិម យីហោ រ៉ូយាល់​កាសា​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី​ ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​។

លោក យ៉ន បញ្ជាក់ថា​៖ «​ជនរងគ្រោះ​ទាំង​ ២ ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​សង្គ្រោះ​បឋម​របស់​យើង​ជួយ​អន្តរាគមន៍​នាំយក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ដើម្បី​ពិនិត្យ​ព្យាបាល​ដែល​រហូត​មកទល់​ពេល​នេះ​ពួកគាត់​ទាំង​ ២ បាន​ធូរស្រាល​ហើយ​»​។

លោក​ យ៉ន ​បន្តថា​៖ «​មក​ទល់ពេល​នេះ​ក្រុម​ការងារ​យើង​នៅ​មិនទាន់​រកឃើញ​ពី​មូលហេតុ​នៃ​ការឆេះ​ហាង​លក់​គ្រឿងសង្ហារិម​នេះ​នៅឡើយ​ទេ​»​។

Content image - Phnom Penh Post
សមត្ថកិច្ច​បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​កំពុង​ឆាបឆេះ​។ ហេង ជីវ័ន

បើ​តាម​លោក យ៉ន គ្រោះ​អគ្គិភ័យ​នេះ​បាន​បង្ក​ការខូចខាត ទាំងស្រុង​នូវ​សំណង់​អគារ​ (​ហាង​) ​ធ្វើ​ពី​ថ្ម​ទំហំ​ ១៥ ​ម៉ែត្រ គុណ​ ១៦ ​ម៉ែត្រ កម្ពស់​ ២ ​ជាន់​ព្រមទាំង​សម្ភារ​គ្រឿងសង្ហារិម​ដែល​ដាក់តាំង​លក់​ក្នុង​អគារ​នោះ​។ ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន ២៩ ​គ្រឿង មកពី​ ៥ ​អង្គភាព​រួមមាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ចំនួន ១៣ ​គ្រឿង រថយន្ត​ក្រសួង​មហាផ្ទៃ ៤ ​គ្រឿង រថយន្ត​ទីក្រុង​ជ្រោយចង្វារ ៦ ​គ្រឿង​រថយន្ត​ស្រាបៀរ​កម្ពុជា ១ ​គ្រឿង និង​រថយន្ត​របស់​ទីក្រុង​កោះពេជ្រ ៥ ​គ្រឿង ដោយ​ចំណាយពេល​អស់​ ២ ​ម៉ោង ទើប​អាច​ពន្លត់​ចប់​ជា​ស្ថាពរ​។

ជាមួយ​គ្នា​នេះ​នៅ​វេលា​ម៉ោង ៣ ​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះដែរ​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ បន្ទប់​ដាក់​សម្ភារ​គ្រឿង​សម្អាងការ​យីហោ Gory ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ហាង​លក់​គ្រឿងសង្ហារិម​រ៉ូយាល់​កាសា​នោះ​បណ្ដាល​ឲ្យ​ខូចខាត សម្ភារ​គ្រឿង​សម្អាងការ​មួយចំនួន​ផងដែរ ប៉ុន្តែ​គ្មាន​បុគ្គលិក ឬ​ម្ចាស់​ហាង​ណា​ម្នាក់​នៃ​ហាង​សម្អាងការ​នេះ​រងរបួស​ឡើយ​។ នេះ​បើតាម​លោក នេត វត្ថា ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួង​មហាផ្ទៃ​។

គួរ​បញ្ជាក់​ថា ក្នុង​ឆមាស​ទី ១ ​ឆ្នាំ​ ២០២០ ​នេះ​នៅ​ទូទាំង​ប្រទេស​គ្រោះ​អគ្គិភ័យ បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ ១១ ​នាក់​ស្លាប់ និង​ ២៨ ​នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល​ព្រមទាំង​បាន​បង្ក​ការឆេះ​ខូចខាត​ផ្ទះ​អស់​ចំនួន ៥១៩ ​ខ្នង​តូប​ ២២៥ ​ខ្នង និង​ឧបករណ៍ប្រើប្រាស់​មួយ​ចំនួន​ធំ​។ នេះ​បើ​យោង​របាយការណ៍​របស់​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​។

របាយការណ៍​បាន​បញ្ជាក់ថា មាន​កត្តា​ ៣ ​យ៉ាង​ដែល​បង្ក និង​ជំរុញ​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ក្នុង​នោះ​មាន​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី ៤១% កត្តា​ប្រើប្រាស់​ភ្លើង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៣៩% និង​ ២០% កំពុង​ស្ថិត​ក្នុង​ការស៊ើបអង្កេត​ស្រាវជ្រាវ​នៅឡើយ​៕

អត្ថបទគួរចាប់អារម្មណ៍