ភ្នំពេញៈ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​សាកសួរ​ស្ត្រី និង​បុរស​ចំនួន​ ១៥ ​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​អ្នក​ផ្សេង ក្រោយពី​អាជ្ញាធរ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃទី​ ៨ ខែ​វិច្ឆិកា​។

នៅពេល​ទាក់ទង​ពី​ម្សិលមិញ​លោក​ លី សុផាន់ណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​៖ «​អយ្យការ​កំពុង​ពិនិត្យ និង​ចាត់ការ​សំណុំ​រឿង​នេះ​»​។

លោក កែវ ធា នាយ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​សាកសួរ​ស្ត្រី​ចំនួន​ ១៣ ​នាក់ និង​បុរស​ ២ ​នាក់​ដែល​ស៊ីឈ្នួល​ពពោះ​ជំនួស​អ្នក​ផ្សេង​នោះ​។

លោក​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​មិន​ទាន់​ធ្វើការ​ចោទប្រកាន់​នៅ​ឡើយ​ទេ​ដោយសារ​តែ​អ្នក​ពាក់ព័ន្ធ​មាន​ចំនួន​ច្រើន​។

លោក​ កែវ ធា ​បញ្ជាក់​ថា​៖ «​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ញើ​ [​ជនសង្ស័យ​ទាំងនោះ​] នៅ​កន្លែង​ខ្ញុំ​វិញ ហើយ​ស្អែក​បាន​គេ​បន្ត​សួរ​ទៀត គេ​សួរ​ម្តង​មួយៗ​»​។

កាលពី​ថ្ងៃទី​ ១១ ខែ​វិច្ឆិកា​លោក ទូច សារ៉េន នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​មនុស្ស​ ១៥ ​នាក់​ក្នុង​នោះ​មាន​ប្រុស​ ២ ​នាក់ និង​ស្រី​ ១៣ ​នាក់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ ១១ ​នាក់​បាន​និង​កំពុង​មាន​ផ្ទៃពោះ តែ​លោក​ពុំ​អាច​ផ្តល់​ព័ត៌មាន​ថា តើ​នរណា​នៅ​ពី​ក្រោយ​នៃ​ការ​ពពោះ​នេះ ហើយ​ថា តើ​ស្ត្រី​ទាំងនោះ​ពពោះ​ឲ្យ​នរណា​នោះ​ទេ ដោយសារ​តែ​ករណី​នេះ​បាន​និង​កំពុង​តែ​ស្ថិត​ក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​។

កាលពី​ថ្ងៃទី​ ១១ នោះ​ដែរ​លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​អាជ្ញាធរ​បាន​និង​កំពុង​ស្វែងរក​មេខ្លោង​ដែល​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​។

កាលពី​ចុងខែ​តុលា​ឆ្នាំ​ ២០១៨ លោកស្រី ជូ ប៊ុនអេង ឲ្យ​ដឹង​ថា​មេធាវី​ការពារ​ឲ្យ​ស្ត្រី​ពពោះ​ចំនួន​ ៣២ ​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់ឃុំ​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ​ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ធ្វើការ​ពិចារណា​ដោះលែង​ពួកគេ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពួកគេ​បាន​ចិញ្ចឹម​កូនៗ​ដែល​ពួកគេ​ស៊ីឈ្នួល​បង្កើត​ឲ្យ​អ្នក​ផ្សេង​នោះ​ដោយ​ពួកគេ​មិន​បញ្ជូន​កូនៗ​ទៅ​ឲ្យ​អ្នក​ដែល​ជួល​ពួកគេ​នោះ​ឡើយ​៕