មណ្ឌលគិរី៖ បុរស-ស្ត្រី ៣ នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី ​សម្រេច​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន ពី​បទ​កាប់​រុករាន និង​ទន្រ្ទាន​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

លោក មាស ប្រុស អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​មេសា​នេះ​ថា ជន​ត្រូវ​ចោទឈ្មោះ ឌី សាឃុន ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ ផាត់ ធិ អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគ្រែលើ សង្កាត់​ថ្មគ្រែ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ព្រម​ទាំង​សាច់ញាតិ​របស់​គាត់​ម្នាក់​ទៀត ឈ្មោះ យន់ ឃុន អាយុ ៤៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ត្រូវ​បាន កម្លាំង​បញ្ជាការ​កង​ឯកភាព​ខេត្ត​មណ្ឌលគិរី​ចាប់​ឃាត់​ខ្លួន​នៅ​ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ ខណៈ​កំពុង​ធ្វើ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា។

លោក​បាន​ថ្លែង​ថា៖ "ជនសង្ស័យ និង​សំណុំ​រឿង​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជូន​មក​តុលាការ​នៅ​រសៀល​ថ្ងៃទី ១៤ ខែ មេសា ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ កាប់​ទន្រ្ទាន​​ដី​ព្រៃ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ តាម​បញ្ញត្តិ​មាត្រា ៦២ និង​មាត្រា ៥៦ នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ"។

លោក​បាន​បន្ថែម​ថា បន្ទាប់​មក​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​នាំ​ខ្លួន​ពួក​គេ​ទៅ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​មណ្ឌលគិរី។

បើ​តាម​សម្ដី​លោក ព្រំ វិបុលរតនៈ ប្រធាន​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ជន​ត្រូវ​ចោទ​ទាំង ៣ នាក់ ធ្លាប់​ត្រូវ​បាន​មន្រ្តី​ឧទ្យានុរក្ស​ចុះ​បង្ក្រាប​ចាប់​មក​ធ្វើ​ការ​អប់រំ​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ល្មើស​ច្បាប់​ក្នុង​ទម្រង់​រុករាន និង​ទន្រ្ទាន​ដីព្រៃ ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បែប​នេះ​នៅ​ចំណុច​នេះ​ម្ដង​រួច​មក​ហើយ។ ប៉ុន្តែ​ពួក​គេ​មិន​រាង​ចាល។

លោក​បាន​ថ្លែង​ថា៖ "ពួក​គេ​បាន​ចូល​កាប់​រុះរាន​ដី​ព្រៃ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា និង​បាន​សង់​រោង​ស្នាក់នៅ​អនាធិបតេយ្យ​ខុស​ច្បាប់​ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​គោល​បំណង​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់"។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ខាង​លើ​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈបញ្ជាការ​ខេត្ត​មណ្ឌលគិរី បាន​រឹប​អូស​វត្ថុតាង​រណារ​យន្ត ២ គ្រឿង និង​រុះរើ​រោង​អនាធិបតេយ្យ​សរុប​ចំនួន ៩៕