ភ្នំពេញៈ សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​មនុស្ស ១៤ នាក់ ដែល​កំពុង​លេងបៀ​ និង​សេព​គ្រឿង​ស្រវឹង នៅ​ភូមិសាស្ត្រ​ខណ្ឌ​ជ្រោយចង្វារ​កាលថ្ងៃទី ២៦ មេសា យក​ទៅ​ធ្វើ​ចត្តាឡីស័ក​មុនពេល​បញ្ជូន​ពួកគេ​ទៅ​តុលាការ។ យោងតាម​ការឱ្យ​ដឹងពី លោក សៀម សុត្ថាវុធ អធិការនគរបាល​ខណ្ឌ​ជ្រោយចង្វារ។

លោក សៀម សុត្ថាវុធ ថ្លែងថា៖ «ពួកគេ​កំពុង​ប្រជុំគ្នា​លេងបៀ និង ផឹកស៊ី ដែល​ល្មើស​នឹង​វិធាន​ក្រសួង​សុខាភិបាល ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។ ជន​ទាំង ១៤ នាក់​នោះ​កម្លាំង​សមត្ថកិច្ច​ខ្ញុំ​បាន​ឃាត់​ពួកគាត់​តែ​ខ្ញុំ​បានប្រគល់​ទៅ​សាលាខណ្ឌ​ជ្រោយចង្វារ​ហើយ»។

មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​មួយរូប​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៧ ខែមេសា​ថា មនុស្ស​ទាំង ១៤ នាក់​នោះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​នៅ​ព្រលប់​ថ្ងៃទី ២៦ មេសា​ស្ថិតនៅ ចំណុច​ផ្លូវ កែវចិន្តា ក្នុង ភូមិ ៣ សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ។

មន្ត្រី​រូបនេះ​បាន​ឱ្យ​ដឹងថា៖ «ក្រោយ​ឃាត់ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​របស់​ខ្ញុំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។ ចំណែកឯ​មនុស្ស​បានប្រគល់​ជូន​សាលាខណ្ឌ​ជ្រោយចង្វារ​ ដើម្បី​យកទៅ​មណ្ឌល​ចត្តាឡីស័ក ១៤ ថ្ងៃ​សិន បន្ទាប់មក​ទើប​បញ្ជូន​ទៅ​តុលាការ​ជា​ក្រោយ»។

មនុស្សចំនួន១៤នាក់ ជួបជុំលេងល្បែងសុីសង និងផឹកសុី ល្មេីសនឹងវិធានការសុខាភិបាល ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វេីការឃាត់ខ្លួន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ រូបថត Police

ពាក់ព័ន្ធ​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​មន្ត្រី​ខណ្ឌ​ជ្រោយចង្វារ​ណា​ម្នាក់​បាន​ទេ​នៅ​រសៀល​ថ្ងៃទី ២៧ មេសា។

ករណី​ដោយឡែក​មួយទៀត កាលពី​យប់​ថ្ងៃទី ២៦ មេសា នគរបាល​ខណ្ឌ​សែនសុខ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន ៤ នាក់​នៅតាម​ទីសាធារណៈ​ក្នុង​ភូមិ-សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ ខណៈ​ពួកគេ​កំពុង​អង្គុយ​ប្រមូលផ្តុំ​គ្នា​ដែល​ល្មើស​នឹង​វិធាន​របស់​ក្រសួង​សុខាភិបាល។

លោក ហួ ម៉េងវ៉ាង អធិការនគរបាល​ខណ្ឌ​សែនសុខ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃទី ២៦ មេសា​ថា ក្រុមយុវជន​ទាំង ៤ នាក់​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង ពិន័យ​ទៅតាម​ច្បាប់​ប៉ុណ្ណោះ​តែ​មិនបាន​បញ្ជូនទៅ​តុលាការ​ទេ។

លោក​បញ្ជាក់ថា៖ «ពួកគាត់​យើង​បាន​ពិន័យ​ជា​ប្រាក់​ដោយ​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​បាន​ដោះលែង​ពួកគេ​ទៅវិញ»៕