សៀមរាប៖ បុរស​ ២​ នាក់​ ក្នុង​ចំណោម​គ្នា ៣ ​នាក់ បាន​ថប់​ដង្ហើម​ស្លាប់​នៅ​ក្នុង​អណ្ដូង បន្ទាប់ពី​ពួក​គេ​បាន​នាំ​គ្នា​ចុះស្ដារ​អណ្ដូង​នោះ ដើម្បី​យក​ទឹក​ប្រើ​ប្រាស់​។ ករណី​នេះ​បាន​កើត​ឡើង​ កាលពី​ព្រឹក​ថ្ងៃ​សៅរិ៍ ទី​២៥ ខែ មេ​សា ឆ្នាំ ២០២០ នៅ​ចំណុច ភូមិ​ឪឡោ​ក ឃុំបា​គង ស្រុក​ប្រាសាទ​បា​គង ខេត្ត​សៀម​រាប។

លោក វៃ សាវឿន នាយ​នគរ​បាល​ប៉ុស្តិ៍​ឃុំ​បាគង បាន​និយាយ​ថា ជនរង​គ្រោះដែល​បាន​ស្លាប់​នៅ​ក្នុង​ករណី​ខាង​លើនេះ​ រួម​មាន​ឈ្មោះ ឈុត ស៊ាន អាយុ​ ៣៩​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឪឡោក ឃុំ​បាគង និង​ម្នាក់​ទៀត​ឈ្មោះ យឿម រ៉ាត់ អាយុ​៤៧​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​ស្ទឹង ឃុំ​បាគង​។ អ្នក​ទាំង​ ២ មាន​មុខ​របរ ដើរ​ស៊ី​ឈ្នួល​ជីក​ស្ដារ​អណ្ដូង​​នៅ​ក្នុង​ភូមិ។

លោក​ សាវឿន​ បន្ត​ថា បើតាម​ការ​រៀប​រាប់​របស់​ស្ត្រី​ជាម្ចាស់​អណ្ដូង ឈ្មោះ ធិត សួន អាយុ​ ៤៥ ​ឆ្នាំ ដែល​ជាបង​ថ្លៃ​ស្រី​របស់​​ជនរង​គ្រោះ​ឈ្មោះ ឈុត ស៊ាន នៅ​រសៀល​ថ្ងៃ ២៤ ខែ​ មេសា ឆ្នាំ ២០២០ ជន​រងគ្រោះ​និង​ក្រុម​ការងារ មាន​គ្នា​ ៣​ នាក់ រួម​មាន​ឈ្មោះ(ឈុត ស៊ាន, យឿម រ៉ាត់ និង សោម រ៉ុង ​) បាន​មក​ម៉ៅ​ការ​ស្ដារ​អណ្ដូង​ទឹក​របស់​គាត់ ដែល​បាន​គោក​រីង​និង​ឈប់​ប្រើ​ប្រាស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ក្នុង​តម្លៃ​​ ១០​ ម៉ឺន​រៀល ហើយ​គាត់​ក៏​យល់​ព្រម​។

លោក​បាន​ថ្លែង​ដោយ​លើក​យក​សម្ដី​របស់​អ្នក​ស្រី សួន មក​បញ្ជាក់​ថា៖ «បន្ទាប់​ពី​ខ្ញុំ​បាន​យល់​ព្រម​ឲ្យពួក​គេ​ជីក​ស្ដារ​ក្នុង​តម្លៃ ១០ ម៉ឺន​រៀល​នោះ ពួក​គេ​បាន​ប្រាប់​ថា ពួក​គេនឹង​ចាប់​ផ្ដើម​ការងារ​នៅ​ព្រឹក​ស្អែក [ព្រឹក​ថ្ងៃសៅរិ៍]​ ហើយ​ពួក​គេបាន​ទារ​លុយ​ពីខ្ញុំ​មុន​ ៣ ម៉ឺន​រៀល ទៅ​ទិញ​ស្រាផឹក​។

លុះព្រឹក​ឡើង ពួក​គេ​ទាំង​ ៣​ នាក់ ក៏បាន​មក​បើក​គម្រប​អណ្ដូង​នោះ ហើយ​បាន​រៀប​ចំ​ចង​ខ្សែ ចុះទៅ​ក្នុង​អណ្ដូង​នោះ ដើម្បី​ស្ដារ​វា ហើយ​ក៏ជួប​គ្រោះថ្នាក់​ស្លាប់ក្នុង​អណ្ដូង​នោះអស់​ ២​ នាក់​ ក្នុ​ង​នោះ មាន​ទាំង​ប្អូនថ្លៃ​ខ្ញុំម្នាក់​ផង

​ដែរ​»។

បើ​តាម​លោក សាវឿន ការ​យកសព​ជន​រង​គ្រោះ​ទាំង ២​ នាក់ ចេញ​ពីអណ្ដូង​នោះ គឺ​អ្នក​ភូមិ​បាន​ប្រើវិ​ធីសាស្ត្រ តបំពង់​ទុយោ ចូល​ទៅ​ក្នុង​អណ្ដូង​នោះ ហើយ​ប្រើ​ខ្សែ​ពួរ​ចង​ទាក់​ជើង​និង​យោង​ឡើង​មក​។ អ្នក​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចុះទៅ​ក្នុង​អណ្ដូង​នោះ ដើម្បី​ទាក់​ជើង​សព​ជន​រង​គ្រោះ​នោះ គឺ លោក សោម រ៉ុង ដែល​ជា​ក្រុម​ការងារ​ម៉ៅ​ការ​ជីក​ស្ដារ​អណ្ដូង​នោះ​។

នៅថ្ងៃ​ម្សិល​មិញ លោក សោម រ៉ុង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា មុន​ស្ដារ​អណ្ដូង​នេះ ពួក​គាត់​ទាំង​៣​នាក់​ បាន​ស្ដារ​អណ្ដូង​នៅ​ក្នុង​ភូមិ​នេះ​ចំនួន​២​រួច​មក​ហើយ ដោយ​ក្នុង​អណ្ដូង​នីមួយៗ ពួក​គាត់​យ​ក​ថ្លៃ​ឈ្នួល​១៥​ម៉ឺន​រៀល។ ប៉ុន្តែ​អណ្ដូង​ទី៣​នេះ គឺជា​បង​ប្អូន​នឹង​គ្នា ហើយ​ជា​គ្រួសារ​ក្រីក្រ​ទៀត ទើប​ពួក​គាត់​យក​ថ្លៃ​ឈ្នួល​ត្រឹម​តែ​១០​ម៉ឺន​រៀល​​។

លោក​រ៉ុង​និយាយ​ថា​៖ «មុន​ដំបូង​បង រ៉ាត់ បាន​ចុះទៅ​ក្នុង​អណ្ដូង​នោះ​មុន​គេ ដើម្បី​ជីក​កាយ​ដីល្បាប់​ ដែល​បាន​បង្ក​ការស្ទះ​ដង្ហើម​ទឹក ​ប្រមាណ ១​០​ នាទី មិន​ឮ​សំឡេង​គាត់​ស្រែក​ឲ្យ​យោង​ដីចេញ​ពីក្នុង​អណ្ដូង ប្អូន ស៊ាង ក៏បាន​ចុះទៅ​តាម។ បន្ទាប់​មក​ខ្ញុំ​ឮ​ប្អូន​ស៊ាង​ស្រែក​ថា ជួយ​ផង​បង​រ៉ាត់​សន្លប់​បាត់​ហើយ ភ្លាម​នោះ​ខ្ញុំ​ក៏ស្រែក​ប្រាប់​បង​សួន​ម្ចាស់​អណ្ដូង ​ឲ្យ​ជួយ​ស្រែក​ហៅ​អ្នក​ភូមិ​​មក​ជួយ​គ្នា ហើយ​ខ្ញុំ​ប្រាប់​ឲ្យប្អូន​ស៊ាង​ឡើង​មក​លើ​វិញ តែ​មិន​ឮ​សំឡេង​ប្អូន​ស៊ាង​តប​វិញ​ទេ។ លុះ​អ្នក​ភូមិ​មក​ដល់ ក៏នាំ​គ្នា​យក​បំពង់​ទុយោ​មក​តដាក់​ចូល​ក្នុង​អណ្ដូង​នោះ ដើម្បី​ឲ្យមាន​ខ្យល់​បឺត​ចេញ​ចូល​ក្នុង​អណ្ដូង​នោះ»​។

លោក​រ៉ុងប​ន្ថែម​ថា៖​«ទម្រាំ​ខ្ញុំ​ចុះទៅ​ជួយ​ពួក​គាត់​ចេញ​ពី​ក្នុង​អណ្ដូង​បាន គឺ ពួក​គាត់​ដាច់​ខ្យល់​ស្លាប់បាត់​ទៅហើយ​»។

​លោក លឹម សម្បត្តិ អធិការ​ស្រុក​ប្រាសាទ​បាគ​ង ដែល​បាន​ដឹក​នាំ​មន្ត្រី​ជំនាញ​ ផ្នែក​កោសល្យ​វិច័យ​វិទ្យា​សាស្ត្រ​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះទាំង​២​នោះបាន​បញ្ជាក់​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ទាំង​២​នោះ គឺដោយ​សារតែក្នុ​ង​អណ្ដូង​នោះ «គ្មាន​ខ្យល់​អុក​ស៊ី​សែន​»។

ជាមួយ​គ្នា​នេះ​លោក បាន​អំពាវ​នាវ​ដល់​អ្នក​ភូមិ​ឲ្យ​បញ្ឈប់​ការ​ជីក​ស្ដារ​អណ្ដូង​ ដែល​មាន​ជម្រៅ​​ជ្រៅ និងបាន​ខក​ខាន​ការ​ប្រើ​ប្រាស់​យូរ​ឆ្នាំ ពិសេសកា​រ​ជីក​ស្ដារ​នៅ​ក្នុង​រដូវ​ក្ដៅ​បែប​នេះ ដោយ​លោក​ពន្យល់​ថា​៖ «អណ្ដូង​ចាស់ៗ ​ដែល​ឈប់​ប្រើប្រាស់​យូរ​ឆ្នាំ ភាគ​ច្រើន​គ្មាន​ខ្យល់​អុក​ស៊ីសែន​គ្រប់​គ្រាន់​នោះទេ​ វាអាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​»៕