ភ្នំពេញ/កំពង់ឆ្នាំងៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​បុរស​ ២ ​នាក់​ដាក់​ពន្ធនាគារ​ព្រៃស​កាលពី​ថ្ងៃទី ២៣ ខែឧសភា ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​មេតំហ្វេតាមីន​ជិត​ ៤ ​គីឡូក្រាម ខណៈ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ក៏​ឃុំខ្លួន​បុរស​ចំនួន​ ២០ ​នាក់​នៅ​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ ៣ ​កញ្ចប់​តូច​។

លោក​ឧត្តមសេនីយ៍ អ៊ិន សុង នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ពី​ម្សិលមិញ​ថា ឈ្មោះ ហេង សុថានិត ភេទ​ប្រុស អាយុ​ ២៨ ​ឆ្នាំ និង​ សេង ជែមជីមី ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​ត្រូវ​អយ្យការ​អម​សាលាដំបូង​រាជធានី​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​។ ជន​ទាំង​ ២ ​នាក់​ត្រូវ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​ជិត​ ៤ ​គីឡូក្រាម​ «​តាម​បញ្ញត្តិ​មាត្រា​ ៤០ ​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​»​។

បើ​តាម​លោក អ៊ិន សុង ការចាប់ខ្លួន​ជន​ទាំង​ ២ ​នាក់​ធ្វើ​ឡើង​នៅ​ ៣ ​ទីតាំង​ដោយ​ទីតាំង​ទី ១ ​នៅ​ចំណុច​ផ្លូវជាតិ​លេខ ៤ ក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិ ស ស្រុក​សំរោងទង​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ ៤១១,៥៦ ​ក្រាម​។ ទីតាំង​ទី​ ២ ​ធ្វើ​ឡើង​ម៉ោង ១៧ និង​ ១០ ​នាទី ថ្ងៃទី​ ២០ ខែឧសភា នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្នុង​ភូមិ​បុរីកម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ សេង ជែមជីមី និង​ដកហូត​បាន​ថ្នាំញៀន​មេតំហ្វេតាមីន​ (ICE) ​ទម្ងន់ ៣,២៦៧០៦ ក្រាម​អ៊ិចស្តាស៊ី (MDMA) ​ទម្ងន់​ ១៧,៥០ ក្រាម​ព្រមទាំង​ឧបករណ៍​គាប​ថង់​ថ្នាំញៀន​ ១ ​គ្រឿង និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន​ទៀត​។ ទីតាំង​ទី​ ៣ ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២២ ខែឧសភា​ដោយ​សមត្ថកិច្ច​បាន​នាំខ្លួន​ពួកគេ មក​ចង្អុលបង្ហាញ​គ្រឿងញៀន​នៅ​ទីតាំង​មួយ​ផ្សេងទៀត​នៅ​ភ្នំពេញ​ដោយ​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ICE) ​ចំនួន​ ២៥១,៦៨ ​ក្រាម​បន្ថែមទៀត​។ សរុប​ទាំង​ ៣ ​គោលដៅ សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ ២ ​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​សរុប ៣ គីឡូក្រាម និង ៥៣៦,២៤ ​ក្រាម​។

រឿង​ដាច់​ដោយ​ឡែក​មួយទៀត​លោក​ ឃឹម សុជាតិ នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កំពង់ឆ្នាំង​ឲ្យ​ដឹង​ពី​ម្សិលមិញ​ដែរ​ថា ជន​ ២០ ​នាក់​ដែល​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ២២ ​ឧសភា​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ចោទប្រកាន់​ និង​ឃុំខ្លួន​ពួកគេ​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃទី​ ២៣ ខែ​ឧសភា​។ ពួកគេ​សុទ្ធតែ​មនុស្ស​ប្រុស ហើយ​ត្រូវ​ព្រះរាជអាជ្ញា​ចោទ​ពី​បទ​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា ៤០ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ហើយ​បន្ទាប់មក​ចៅក្រម​ឯកភាព និង​បញ្ជា​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​តែម្តង​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិនដឹងថា ពួកគេ​ប៉ុន្មាន​នាក់​ត្រូវ​ចោទ​ពី​បទជួញដូរ និង​ប៉ុន្មាន​នាក់​ត្រូវ​ចោទ​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ទេ​។ តែ​ខ្ញុំ​ដឹងថា ពួកគេ​ត្រូវ​តុលាការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​អស់ហើយ​»​។

ជន​ទាំងនេះ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២០ និង​ ២២ ឧសភា នៅ​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​ដោយ​រឹបអូស​គ្រឿងញៀន​មេតំហ្វេតាមីន​ ៣ ​កញ្ចប់​តូច​៕