កណ្តាលៈ ជន​ត្រូវ​ចោទ​ប្រើប្រាស់​គ្រឿងញៀន​ ២ ​នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពី​ម្សិលមិញ ពាក់ព័ន្ធ​ការដណ្តើម​គ្រឿងញៀន​គ្នា​ជក់​ហើយ​សម្លាប់​មិត្តភក្តិ​របស់ខ្លួន​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ-ឃុំ​ព្រែក​ថ្មី​ស្រុក​កោះធំ​កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ប៉ុន្តែ​សមត្ថកិច្ច​ទើប​ចាប់បាន​កាលពី​ថ្ងៃទី​ ៨ តុលា​។

លោក​ ទិន សុចិត្រា អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល​ប្រាប់​ពី​ម្សិលមិញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ ដូយ ផែ ហៅ​ និល និង​ម្នាក់ទៀត ឈ្មោះ​ រិច ឆៃ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចោទប្រកាន់​ និង​បញ្ជូន​ពួកគេ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១២ តុលា​។

លោក​ថ្លែងថា​៖ «​ជន​ត្រូវ​ចោទ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក​ អាត ច័ន្ទតារា ចោទ​ពី​បទ​ឃាតកម្ម​តាម​បញ្ញត្តិ​មាត្រា​ ១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

តាម​បញ្ញត្តិ​មាត្រា​ ១៩៩ ​នៃ​ក្រម​ព្រហ្មទណ្ឌ​នេះ​ជន​ត្រូវ​ចោទ​ទាំង​ ២ ​នាក់ បើសិន​ជា​តុលាការ​រកឃើញ​ថា​ពួកគេ​ពិតជា​បាន​វាយ​សម្លាប់​ជនរងគ្រោះ​មែន​នោះ ត្រូវ​ផន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១០ ​ទៅ​ ១៥ ​ឆ្នាំ​។

តាម​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ១ ​រូប​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ប្រាប់​ពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ៨ ខែ​តុលា ឆ្នាំ​ ២០២០ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ វិច ឆៃ ភេទ​ប្រុស​អាយុ​ ២៣ ​ឆ្នាំ​នៅ​ចំណុច ភូមិ​សែនបន ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​ដែល​ជនសង្ស័យ​បាន​គេចខ្លួន​ពី​ភូមិ​ព្រែកថ្មី ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល​ទៅ​លាក់ខ្លួន​នៅ​ទីនោះ​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​ធ្វើ​ឡើង​តាម​ការស្នើសុំ​សហការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​។

មន្ត្រី​ដដែល​បន្តថា ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ខេត្តតាកែវ​បានប្រគល់​ជនសង្ស័យ​ឈ្មោះ​ វិច ឆៃ មក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​វិញ​។ បន្ទាប់មក​សមត្ថកិច្ច​បាន​សួរចម្លើយ​ជនសង្ស័យ​ឈ្មោះ​ វិច ឆៃ និង​ស្រាវជ្រាវ​រហូត​ចាប់​ឈ្មោះ​ ដូយ ផៃ ​អាយុ​ ២៥ ​ឆ្នាំ​បាន​ម្នាក់ទៀត​នៅ​ថ្ងៃ​ដដែល​។

យោងតាម​មន្ត្រី​រូបនោះ គឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ជនសង្ស័យ​ឈ្មោះ វិច ឆៃ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​ ១៧ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ពួកគេ​មាន​គ្នា​ ៣ ​នាក់​ក្នុង​នោះ​ជនរងគ្រោះ​ឈ្មោះ ផន សុខខន ហៅ អឹប ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ​មាន​លំនៅ​ភូមិ​ព្រែកថ្មី ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្តកណ្ដាល បាន​នាំគ្នា​ជក់​គ្រឿងញៀន​នៅក្នុង​ចម្ការ​ស្វាយ​ ១ ​កន្លែង​។ ខណៈ​កំពុង​ជក់​គ្រឿងញៀន​នោះ ជនរងគ្រោះ​ឈ្មោះ ផន សុខខន បាន​ជក់​គ្រឿងញៀន​យូរ​មិន​ព្រម​ចែក​ពួកគេ​ជក់​ធ្វើឱ្យ​ឈ្មោះ ដូយ ផៃ ខឹង​ជនរងគ្រោះ​ឈ្មោះ ផន សុខខន ហើយ​បាន​ចាប់​សក់​ក្បាល​ជនរងគ្រោះ​បោក​ទៅក្រោយ​អុក​នឹង​គល់​ស្វាយ​បណ្ដាល​ឱ្យ​ស្លាប់​តែម្តង​។

មន្ត្រី​បន្តទៀតថា ក្រោយពី​ដឹងថា ជនរងគ្រោះ​ស្លាប់​ហើយ​នោះ​ពួកគេ​បាន​អូស​សព​ជនរងគ្រោះ​យក​ទៅ​កប់​នៅក្នុង​ចម្ការ​ស្វាយ ត្រង់​ព្រំប្រទល់​ដី​របស់​ឈ្មោះ​ សល់ និង​ឈ្មោះ​ ប្រុស ស្ថិតនៅ​ខាងកើត​ទំនប់​ទទឹង​ថ្ងៃ​ក្នុងភូមិ​ព្រែកថ្មី ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល ដើម្បី​បំបាត់ដាន​។ បន្ទាប់ពី​ពួកគេ​កប់​សាកសព​ជនរងគ្រោះ​រួច​ប្រហែល​ម៉ោង​ជាង​ ១១ ​យប់​ថ្ងៃទី​ ១៧ កុម្ភៈ​ដដែល ពួកគេ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ជន​ឈ្មោះ​ រិច ឆែ ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​ក៏​រត់​ទៅ​សំងំ​លាក់ខ្លួន​នៅផ្ទះ​មីង​របស់គេ​តែ​ដោយ​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹងថា​ជន​ម្នាក់នេះ​មាន​សាច់ញាតិ​នៅ​ស្រុក​ត្រាំកក់​ក៏ស្នើសុំ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ឱ្យ​ជួយ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​តែម្តង​៕